កម្ពុជា​បើក​ភូមិ​ហ្វ្រង់​កូហ្វូ​នី​លើ​ផ្ទៃដី​ ​១ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​រំពឹង​ទាក់ទាញ​ភ្ញៀវ​ ​១០​ ម៉ឺន​នាក់​

តាមដានជាមួយយើង៖ Million Times

​កម្ពុជា​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ ​«​ភូមិ​ហ្វ្រង់កូហ្វូនី​» ​នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី ​ក្នុង​រាជធានី​ភ្នំពេញ​ ​លើ​ផ្ទៃដី​ប្រមាណ​ ​១​ម៉ឺន​ម៉ែត្រ​ការ៉េ ​ដើម្បី​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​វប្បធម៌​ ​ការ​ផ្លាស់ប្តូរ​ចំណេះដឹង​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជា​សមាជិក​ ​និង​ដៃគូ​ហ្វ្រង់​កូហ្វូនី ​ស្រប​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០​។​

​ភូមិ​ហ្វ្រង់​កូហ្វូនី​នេះ​ ​បើក​ឱ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល​ ៥​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១៣ ​ដល់​ថ្ងៃ​ទី​១៧​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​ដោយ​រំពឹង​ថា​ ​នឹង​ទាក់ទាញ​អ្នក​ទស្សនា​ប្រមាណ​ ​១០​ម៉ឺន​នាក់​ ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​កិត្តិ​បណ្ឌិត​ ​អ៊ឹង ​កន្ថា​ផាវី ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ ​និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទី​៥ ​ទទួល​បន្ទុក​ព្រឹត្តិការណ៍​អម​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ នា​ព្រឹក​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា​។

​លោក​ជំទាវ​កិត្តិ​បណ្ឌិត​ ​អ៊ឹង ​កន្ថា​ផាវី ​បាន​លើកឡើង​ថា​ ​ភូមិ​ហ្វ្រង់​កូហ្វូនី​ត្រូវ​បាន​រៀបចំឡើង​ជាលំហ​សម្រាប់​ការ​ស្វែងយល់ ការ​ផ្លាស់ប្តូរ​វប្បធម៌ ​និង​កិច្ច​សហប្រតិបត្តិការ​ ​ព្រមទាំង​បង្ហាញ​ពី​អាទិភាព​យុទ្ធសាស្ត្រ​របស់​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​(​OIF​)​ ​ដែល​ផ្តោត​លើ​បរិយាបន្ន​ ​និង​ការ​ធានា​ឱ្យ​មនុស្ស​គ្រប់​រូប​អាច​ចូលរួម​បាន​ ​ជាពិសេស​ស្ត្រី ​និង​យុវជន​។

​លោក​ជំទាវ​មានប្រសាសន៍​ថា​៖​ ​«​ដោយ​ត្រូវ​បាន​បង្កើតឡើង​ជាលំហ​សម្រាប់​ការ​ស្វែងយល់ ការ​ផ្លាស់ប្តូរ​វប្បធម៌ ​និង​កិច្ច​សហប្រតិបត្តិការ​ ​ភូមិ​ហ្វ្រង់​កូហ្វូនី​នេះ​ ​គឺ​ជា​ការ​ប្រារព្ធ​នូវ​វិស័យ​ទេសចរណ៍​ អប់រំ​ ន​វានុវត្តន៍ ​និង​ចំណង​សាមគ្គី​ភាព​ដែល​បង្រួបបង្រួម​ប្រជា​ជាតិ​ទាំងឡាយ​»​។

​ចំណុច​លេចធ្លោ​មួយ​នៃ​ភូមិ​នេះ​ ​គឺ​ខ្លោងទ្វារ​ធំ​ដែល​យក​គំនិត​បំផុស​ចេញ​ពី​ខ្លោងទ្វារ​ទន្លេ​អុំ ​នៃ​ទីក្រុង​បុរាណ​អង្គរ​ធំ ​ដោយ​រំលេច​នូវ​ស្នាមញញឹម​បែបបាយ័ន ​និង​រូប​សត្វ​ព្រាប​ពណ៌​ស​នៅ​ចំ​កណ្តាល​។ រចនាសម្ព័ន្ធ​នេះ​តំណាង​ឱ្យ​សន្តិភាព​ ភាព​សុខដុម​រមនា ​និង​សាមគ្គី​ភាព​ ​ដែល​ជា​សារសំខាន់​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​។

​លោក​ជំទាវ​កិត្តិ​បណ្ឌិត​បាន​បញ្ជាក់​ថា​ ​ការ​រៀបចំ​ភូមិ​ហ្វ្រង់​កូហ្វូនី​នេះ​ ​ក៏​ជា​ការ​អនុវត្ត​តាម​ព្រះ​រាជ​បន្ទូល​របស់​ព្រះ​ករុណា ​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហ​មុនី ​ដែល​មាន​ព្រះ​រាជ​បន្ទូល​ថា​ ​«​ស្នាមញញឹម​ខ្មែរ ​នឹង​ក្លាយជា​ស្នាម​ញញឹម​របស់​សហគមន៍​ហ្វ្រង់កូហ្វូនី​»​។

​តាមការ​បញ្ជាក់​របស់​អ្នក​រៀបចំ​ ​ភូមិ​ហ្វ្រង់​កូហ្វូនី​មាន​សមាស​ភាគ​សំខាន់​ៗ​ចំនួន​៧ រួម​មាន​ ​ពន្លា​តំណាង​ឱ្យ​ប្រទេស​ ​និង​ដៃគូ​ហ្វ្រង់​កូហ្វូនី​ចំនួន​ ៧៣​ ​ពន្លា​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​បង្ហាញ​ពី​បេតិក​ភណ្ឌ​ ​សក្តានុពល​ទេសចរណ៍ ​និង​វឌ្ឍនភាព​សង្គម​-​សេដ្ឋកិច្ច​ ​ព្រមទាំង​ពន្លា​របស់​អង្គការ​ OIF ​ដែល​បង្ហាញ​ពី​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​។

​ក្រៅ​ពី​នេះ​ ​ក៏​មាន​ស្តង់​ពិព័រណ៍​ចំនួន​ ១៣០ ​សម្រាប់​ស្ថាប័ន​ ​អាជីវកម្ម ​និង​សិប្បករ ភូមិ​ម្ហូប​អាហារ​ចំនួន​ ៣០​ស្តង់ កិច្ច​ប្រជុំ​តុ​មូល ​និង​វេទិកា​ពិភាក្សា​ចំនួន​ ៣០ ​ព្រមទាំង​ការ​សម្តែង​សិល្បៈ​ ​និង​វប្បធម៌​ចំនួន​ ៥០​កម្មវិធី​។

ការ​រៀបចំ​ភូមិ​ហ្វ្រង់​កូហ្វូនី​នេះ​ ​គឺ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​អម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​ដែល​ផ្តល់​ឱកាស​ដល់​សាធារណជន​បាន​ស្វែងយល់​ពី​វប្បធម៌ ​និង​អត្តសញ្ញាណ​របស់​ប្រទេស​នានា ​ព្រមទាំង​ស្វែងរក​ចំណុច​រួម​នៃ​កិច្ច​សហប្រតិបត្តិការ​ ​តាមរយៈ​ទេសចរណ៍​ ​អប់រំ​ ​ពាណិជ្ជកម្ម ​និង​សិល្បៈ​វប្បធម៌​៕

អត្ថបទ៖ ប៊ី