
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) បានដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង និងបង្កើនផលិតភាពរបស់កម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក.អ.ក. តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
តាមរយៈសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការអនុវត្តគោលនយោបាយ IDP បានរួមចំណែកធ្វើឱ្យកម្ពុជាប្រែផ្លាស់ពីប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ទៅជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងមានវិស័យឧស្សាហកម្មជាកម្លាំងជំរុញសំខាន់ ព្រមទាំងបានធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកល។
របាយការណ៍វាយតម្លៃចុងអាណត្តិនេះ ត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃសមិទ្ធផលនៃការអនុវត្តគោលនយោបាយ IDP ក្នុងរយៈពេល១០ឆ្នាំ និងជាមូលដ្ឋានសម្រាប់រៀបចំគោលនយោបាយ IDP សម្រាប់ឆ្នាំ២០២៦-២០៣៥ បន្តទៀត។ របាយការណ៍នេះត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានការឯកភាពពីសម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។
ការវាយតម្លៃបានផ្តោតលើសមិទ្ធកម្មនៃចក្ខុវិស័យ គោលបំណង និងគោលដៅរំពឹងទុករបស់គោលនយោបាយ ព្រមទាំងការរួមចំណែករបស់ IDP ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ដោយផ្អែកលើខ្លឹមសារសំខាន់ៗដែលបានរំលេចក្នុងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ។
ផ្អែកតាមលទ្ធផលវាយតម្លៃ ក្នុងរយៈពេល១០ឆ្នាំនៃការអនុវត្ត IDP រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរ ខណៈវិស័យឧស្សាហកម្មបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ និងមានទំហំរីកធំឡើង។ ក្នុងចំណោមគោលបំណងទាំងឡាយរបស់គោលនយោបាយ គោលបំណងទី១ ស្តីពី «ការបង្កើនសកម្មភាពឧស្សាហកម្ម» និងគោលបំណងទី៤ ស្តីពី «ការធ្វើឱ្យប្រសើរឡើងនូវគុណភាពការងារ» សម្រេចបានក្នុងភាគរយខ្ពស់។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងពីបញ្ហាប្រឈមដែលកម្ពុជាបានជួបប្រទះក្នុងឆ្នាំ២០២៥ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្តគោលនយោបាយនេះ រួមមានភាពមិនប្រាកដប្រជានៃស្ថានភាពសកល ការប្រែប្រួលគោលនយោបាយពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលបានដាក់សម្ពាធលើបរិយាកាសធុរកិច្ច វិនិយោគ និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។
ទោះជាយ៉ាងណា ឯកឧត្តមបានបញ្ជាក់ថា សម្ពាធទាំងនេះមិនបានធ្វើឱ្យកម្ពុជារាថយឡើយ ផ្ទុយទៅវិញបានជំរុញឱ្យរាជរដ្ឋាភិបាលពង្រឹងភាពបុរេសកម្ម សមត្ថភាពផ្ទៃក្នុង និងបង្កើនល្បឿនកំណែទម្រង់ពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងស្តារមុខមាត់ និងសក្តានុពលកម្ពុជាឱ្យក្លាយជាគោលដៅទាក់ទាញសម្រាប់វិនិយោគិន និងភ្ញៀវទេសចរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងជំនឿថា របាយការណ៍វាយតម្លៃចុងអាណត្តិនេះ នឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយក្នុងរយៈពេល១០ឆ្នាំកន្លងមក និងជាផែនទីបង្ហាញផ្លូវសម្រាប់កំណត់ទិសដៅអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅដំណាក់កាលបន្ទាប់។
លោកបានបន្ថែមថា របាយការណ៍នេះក៏នឹងក្លាយជាមូលដ្ឋានសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីកំណត់យុទ្ធសាស្ត្រឧស្សាហកម្មដំណាក់កាលថ្មីឱ្យមានភាពមុតស្រួច ភាពធន់ និងអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃបរិបទសកល។
មុនប្រកាសបើកសិក្ខាសាលាជាផ្លូវការ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមជំរុញ និងអនុវត្តគោលនយោបាយ IDP ក្នុងរយៈពេលមួយទសវត្សរ៍ ព្រមទាំងដៃគូអភិវឌ្ឍន៍ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។
ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចពីការរួមចំណែករបស់វិស័យឯកជនជាតិ និងអន្តរជាតិ ដែលបានសម្រេចចិត្តវិនិយោគនៅកម្ពុជា បង្កើតឱកាសការងារ និងជំរុញពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងកម្មករ និយោជិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងដំណើរការអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងរយៈពេល ១០ ឆ្នាំកន្លងមក៕
អត្ថបទ៖ ប៊ី








