
សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤% នៅឆ្នាំ២០២៦ និងបន្តកើនឡើងដល់ ៤,៨% នៅឆ្នាំ២០២៧ ដោយផ្អែកលើទិន្នន័យជាក់ស្តែងនៃលទ្ធផលសេដ្ឋកិច្ចរយៈពេល ៩ខែដើមឆ្នាំ២០២៦ ទោះបីប្រទេសកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងក្នុងស្រុកមួយចំនួនក៏ដោយ។
ការវាយតម្លៃនេះត្រូវបានលើកឡើងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំជាមួយអន្តរគណៈកម្មការនៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងការទូទាត់ថវិកាឆ្នាំ២០២៥ និងហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានដឹកនាំអន្តរគណៈកម្មការជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។
ពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៧ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា អត្រាកំណើនសេដ្ឋកិច្ចដែលបានវាយតម្លៃសម្រាប់ឆ្នាំ២០២៦ និងឆ្នាំ២០២៧ មានកម្រិតទាបជាងការព្យាករណ៍ទុកពីមុន ដោយសារកម្ពុជារងសម្ពាធពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការឡើងថ្លៃប្រេងឥន្ធនៈ បញ្ហាប្រឈមនៃបទល្មើសបច្ចេកវិទ្យា និងផលប៉ះពាល់ពីការបិទខ្ទប់ច្រកព្រំដែនគោកកម្ពុជា-ថៃ។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ក្រោមគោលការណ៍ណែនាំ «សង្ឃឹមសម្រាប់ស្ថានភាពប្រសើរ តែត្រៀមខ្លួនសម្រាប់ស្ថានភាពអាក្រក់» ដើម្បីឆ្លើយតបនឹងភាពមិនប្រាកដប្រជា និងហានិភ័យដែលអាចកើតមានចំពោះសេដ្ឋកិច្ចជាតិ។
ក្នុងបរិការណ៍នេះ គម្រោងថវិកាជាតិឆ្នាំ២០២៧ ត្រូវបានរៀបចំឡើងក្រោមជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈគាំពារកំណើនចំគោលដៅ ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងធានានូវសមត្ថភាពឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះបញ្ហាប្រឈមនានា ព្រមទាំងរក្សាចីរភាពហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលវែង។
ឯកឧត្តមបានឱ្យដឹងថា ថវិកាជាតិឆ្នាំ២០២៧ ត្រូវបានប្រសិទ្ធនាមថា «ថវិកាដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងគាំពារកំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់» ដែលបង្ហាញពីការផ្តោតលើការការពារផលប្រយោជន៍ជាតិ ការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។
ដោយឡែក ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ឯកសារនេះជាឯកសារគតិយុត្តដ៏សំខាន់ ដែលបង្ហាញពីលទ្ធផលជាក់ស្តែងនៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៥។
សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមកាលបរិច្ឆេទ និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ការរៀបចំផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកាដែលបានកត់ត្រាដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់ទិន្នន័យជាមួយអាណាប័កពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
តាមរយៈឯកសារនេះ រាជរដ្ឋាភិបាលបង្ហាញពីលទ្ធផលជាក់ស្តែង និងសមិទ្ធផលការងារសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ និងវិធានការពាក់ព័ន្ធនានា ក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌថវិកាឆ្នាំ២០២៥។
ក្រោយពីបានស្តាប់ការបកស្រាយ និងពិភាក្សាយ៉ាងលម្អិតលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំងពីរ អន្តរគណៈកម្មការនៃរដ្ឋសភាបានលើកសំណួរ និងទទួលបានការបំភ្លឺពីតំណាងរាជរដ្ឋាភិបាល មុនសម្រេចឯកភាព និងគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណដល់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាងគណៈកម្មការជំនាញនានារបស់រដ្ឋសភា ដែលបានចូលរួមផ្តល់ធាតុចូល ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់ទាំងពីរមានភាពល្អប្រសើរ និងត្រឹមត្រូវ មុនឈានទៅដំណាក់កាលបន្តតាមនីតិវិធី៕
អត្ថបទ៖ ប៊ី








