
កម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច ២ លាននាក់ ត្រឹមឆ្នាំ២០២៨ បន្ទាប់ពីសម្រេចបានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ៥៣ ម៉ឺននាក់ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធលើស ៥០ ម៉ឺននាក់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា ការសម្រេចបានសមិទ្ធផលនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់តួនាទី និងការរួមចំណែករបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសេដ្ឋកិច្ចជាតិ ព្រមទាំងបើកឱកាសឱ្យពួកគេទទួលបានកិច្ចគាំពារសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសេវាហិរញ្ញវត្ថុផ្លូវការ។
ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ការសម្រេចបានតួលេខ ៥០ ម៉ឺននាក់ មិនមែនត្រឹមតែជាកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពបង្ហាញពីការផ្តល់តម្លៃ និងការទទួលស្គាល់ផ្លូវការរបស់រាជរដ្ឋាភិបាលចំពោះតួនាទី និងការលះបង់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ»។
យោងតាមទិន្នន័យ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CAM-IE) ទទួលបានសំណើចុះឈ្មោះសរុបចំនួន ៥៦៨.៥៨២ សំណើ ក្នុងនោះ ៥៣២.២៤៧ សំណើត្រូវបានអនុម័តរួចរាល់។ ក្នុងចំណោមអ្នកដាក់សំណើ ប្រមាណ ៩៥ ភាគរយបានចុះឈ្មោះដោយខ្លួនឯង ដែលភាគច្រើនប្រើប្រាស់កម្មវិធីទូរសព្ទដៃ។
អ្នកចុះឈ្មោះទី ៥០ ម៉ឺន គឺលោក ឌុន ថន ជាអាជីវករលក់ដូរនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ថ្នាលឌីជីថល CAM-IE ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ ហើយបច្ចុប្បន្នទទួលបានសំណើចុះឈ្មោះជាមធ្យមប្រមាណ ២.០០០ សំណើក្នុងមួយថ្ងៃ។
ក្រោមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានដាក់ចេញកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ។
អត្ថប្រយោជន៍ទាំងនេះរួមមាន ការសម្រួលឱ្យបុគ្គលស្វ័យនិយោជន៍អាចស្នើសុំចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កញ្ចប់ធានារ៉ាប់រងដោយឥតគិតថ្លៃពីក្រុមហ៊ុន Manulife និង Phillip Capital Group បណ្ណជំនាញតម្លៃ ១៥០ ដុល្លារពីមូលនិធិអភិវឌ្ឍន៍ជំនាញ និងបណ្ណជំនួយតម្លៃ ១ លានរៀលសម្រាប់ដំណោះស្រាយឌីជីថលក្រោមកម្មវិធី Enterprises Go Digital។
លើសពីនេះ អ្នកចុះឈ្មោះក៏អាចទទួលបានការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវិក្កយបត្រ BillFlow និងប្រព័ន្ធគ្រប់គ្រងការលក់ GoodVibes POS ដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំពីក្រុមហ៊ុន Bill24 ព្រមទាំងការសម្រួលលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងការលើកទឹកចិត្តផ្នែកពន្ធដារផងដែរ។
ទោះជាយ៉ាងណា ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា សមិទ្ធផលដែលសម្រេចបាននាពេលនេះគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ ដោយលោកបានមានប្រសាសន៍ថា៖ «ទោះបីយើងសម្រេចបានសមិទ្ធផលនៃការចុះឈ្មោះលើស ៥០ ម៉ឺននាក់ក៏ដោយ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមនៃដំណាក់កាលដំបូងប៉ុណ្ណោះ»។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហការ និងពង្រីកការផ្សព្វផ្សាយ ដើម្បីជំរុញការចុះឈ្មោះឱ្យកាន់តែទូលំទូលាយ។
ឯកឧត្តមក៏បានជំរុញឱ្យមានការបង្កើតកញ្ចប់ឥណទានពិសេស និងកម្មវិធីគាំទ្របច្ចេកទេសបន្ថែម ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះរួច ឱ្យមានជីវភាពកាន់តែប្រសើរ អាជីវកម្មកាន់តែរឹងមាំ និងទទួលបានឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយ៕
អត្ថបទ៖ ប៊ី








