SAM ​SN ​GRO​UP ​របស់​អ្នក​ឧកញ៉ា​ ​សំ ​សុខ​នឿន​ ​ទាក់ទាញ​ក្រុមហ៊ុន​យក្ស​ចិន​ ​មក​បោះទុន​បង្កើត​កសិដ្ឋាន​ឆ្លាតវៃ​ខ្នាត​ធំ​នៅ​កម្ពុជា​

​

តាមដានជាមួយយើង៖ Million Times

​ក្រុមហ៊ុន​ SAM ​SN ​GRO​UP ​របស់​កម្ពុជា ​និង​ក្រុមហ៊ុន​ Kingpeng ​Global Technology ​Co​.​,​ Ltd​. ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​សហគ្រាស​រដ្ឋ​ធំ​មួយ​របស់​ចិន ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​) ​ដើម្បី​បង្កើត​ក្រុមហ៊ុន​រួមទុន​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​អភិវឌ្ឍ​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ឆ្លាត​វៃ​ខ្នាត​ធំ​ ​និង​ជំរុញ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

ពិធី​ចុះ​ហត្ថលេខា​នេះ​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន ​ដោយ​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​ប្រធាន​ SAM ​SN ​GROUP ​និង​លោក​ ​Go Jiwei ​ប្រធាន​ក្រុមហ៊ុន​ Kingpeng ​Global Technology ​Co​.​,​ Ltd​.​។

​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ ​ក្រុមហ៊ុន​រួមទុន​ថ្មី​នឹង​ក្លាយជា​យន្ត​ការ​សហការ​វិនិយោគ​រវាង​ភាគី​ទាំង​ពីរ ​ដោយ​បញ្ចូល​គ្នា​នូវ​សមត្ថភាព​បច្ចេកទេស បទ​ពិសោធន៍​អន្តរជាតិ​ ​និង​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​របស់​ក្រុមហ៊ុន​ចិន​ ​ជាមួយនឹង​ចំណេះដឹង​អំពី​ទីផ្សារ​ក្នុង​ស្រុក​ ​និង​បណ្តាញ​អាជីវកម្ម​របស់​ SAM ​SN ​GRO​UP​។​

​ក្រុមហ៊ុន​ Kingpeng ​Global Technology ​Co​.​,​ Ltd​. ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ ​និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ ​Beijing ​Capital ​Agribusiness ​&​ Food ​Group ​(​SU​NLON​) ​ដែល​ជា​សហគ្រាស​រដ្ឋ​ដ៏​ធំ​មួយ​របស់​ចិន​ក្នុង​វិស័យ​កសិពាណិជ្ជកម្ម ​និង​ចំណីអាហារ​។ ​ក្រុមហ៊ុន​នេះ​មាន​ជំនាញ​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​បច្ចេកទេស​សម្រាប់​ផ្ទះ​កញ្ចក់​កសិកម្ម​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ចិញ្ចឹម​សត្វ​ទំនើប​។

តាម​ព័ត៌មាន​របស់​ក្រុមហ៊ុន​ Kingpeng ​មាន​បទពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​ ​និង​អនុវត្ត​គម្រោង​កសិកម្ម​នៅ​ជាង​ ៥០​ប្រទេស​ទូទាំង​ពិភពលោក​។​ ​សមត្ថភាព​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​នាំយក​បច្ចេកវិទ្យា​ ​និង​បទពិសោធន៍​ដែល​បាន​អនុវត្ត​ជាក់ស្តែង​ក្នុង​វិស័យ​កសិកម្ម​ផលិតភាព​ខ្ពស់​ ​មក​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

​ក្រោម​កិច្ច​សហការ​នេះ​ ​ក្រុមហ៊ុន​រួមទុន​ថ្មី​នឹង​ដើរ​តួនាទី​ជា​ដៃគូ​ក្នុង​ស្រុក​របស់​ Kingpeng ​ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​ប្រតិបត្តិការ​ ​និង​វត្តមាន​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​។​ ការ​រួមបញ្ចូល​បច្ចេកវិទ្យា ​និង​ធនធាន​ហិរញ្ញវត្ថុ​ពី​ភាគី​ចិន ​ជាមួយនឹង​ការ​យល់ដឹង​អំពី​បរិបទទីផ្សារ ​និង​បណ្តាញ​ធុរកិច្ច​ក្នុង​ស្រុក​របស់​ SAM SN ​GRO​UP ​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើត​មូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​កសិកម្ម​ទំនើប​ៗ​នៅ​កម្ពុជា​។​

​គម្រោង​ដែល​គ្រោង​អនុវត្ត​ក្រោម​ភាព​ជា​ដៃគូ​នេះ រួម​មាន​ការ​អភិវឌ្ឍ​ផ្ទះ​កញ្ចក់​កសិកម្ម ​និង​ប្រព័ន្ធ​ចិញ្ចឹម​សត្វ​ទំនើប​ ​ដែល​សាងសង់​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ​។ ​ជាពិសេស​ ការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ឆ្លាត​វៃ​ខ្នាត​ធំ​ ​គឺជា​គោលដៅ​សំខាន់​មួយ​នៃ​ការ​បង្កើត​ក្រុមហ៊ុន​រួមទុន​នេះ​។

ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​ក្នុង​ការ​ធ្វើ​កសិកម្ម ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​កត្តា​សំខាន់​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​ផលិតកម្ម ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ទំនើប​។ តាមរយៈ​ភាព​ជា​ដៃគូ​នេះ​ ភាគី​ទាំង​ពីរ​រំពឹង​ថា​នឹង​រួមចំណែក​ក្នុង​ការ​ជំរុញ​ការ​រីកចម្រើន​នៃ​ឧស្សាហកម្ម​កសិកម្ម​កម្ពុជា​ ​តាមរយៈ​ការ​នាំចូល​ជំនាញ​ បច្ចេកវិទ្យា ​និង​បទពិសោធន៍​អន្តរជាតិ​មក​ប្រើប្រាស់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​។

ការ​ចុះ​អនុស្សរណៈ​នេះ​ក៏​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ភ្ជាប់​ភាព​ជា​ដៃគូ​រវាង​ធុរកិច្ច​កម្ពុជា​ ​និង​សហគ្រាស​ធំ​ៗ​របស់​ចិន ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ ​និង​ពង្រីក​សមត្ថភាព​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​ ​តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ ​និង​ការ​សហការ​រវាង​ដៃគូ​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​៕

អត្ថបទ៖ ប៊ី