កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានសហគ្រិនអ្នកនិយាយភាសាបារាំងចូលរួម ១ ២០០ នាក់ មកពី ៧២ ប្រទេស

កម្ពុជា​នឹង​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែល​មាន​សហគ្រិន​អ្នក​និយាយ​ភាសា​បារាំង​ចូលរួម​ប្រមាណ ១ ២០០ នាក់ មក​ពី ៧២ ប្រទេស​និយាយ​ភាសា​បារាំង។ ដោយ​កម្មវិធី​នឹង​ធ្វើ​ឡើង​ថ្ងៃ ១៥ ដល់​១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ បន្ទាប់​ពី​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថ្ងៃ​ទី ១៤។

តាមដានជាមួយយើង៖ Million Times

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន បាន​ថ្លែង​ថា នៅ​ក្នុង «កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» (Francophone Entrepreneurs Meeting – REF) ដែល​ជា​ព្រឹត្តិការណ៍​អម​ដ៏​សំខាន់​មួយ ដំណើរការ​ទន្ទឹម​នឹង​ពិព័រណ៍​បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech 2026 ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹង​មាន​សហគ្រិនអ្នកនិយាយភាសារបារាំងចូលរួមចំនួន ១២០០នាក់មកពី ៧២ ប្រទេស។

ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពី កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើក​ទី ២០ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​អម ដែល​កម្ពុជា​រៀបចំ​ទន្ទឹម​នឹង​ពិព័រណ៍​បច្ចេកវិទ្យា និង​នវានុវត្តន៍ឌីជីថល FrancoTech 2026 នឹង​ប្រមូលផ្ដុំ​សហគ្រិន, តំណាង​ខាង​ផ្នែក​វិស័យ​ឯកជន ក្រុមសហគ្រិនវ័យក្មេង (Start Up) រួម​នឹង​​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​បាន​ថ្លែង​បន្ត​ទៀ​ថា «គ្រាន់តែអ្នករៀបចំក្នុងព្រឹត្តិការណ៍អម FrancoTech នេះ គឺ​មាន​រហូតដល់ ៤ ៦០០ នាក់ ខណៈ ក្នុងព្រឹត្តិការណ៍អមនេះ ក៏នឹងមានកិច្ចប្រជុំមួយទៀត ដែល​ហៅថា កិច្ចប្រជុំ សហគ្រិនអ្នកនិយាយភាសារបារាំងដែលមានអ្នកចូលរួមចំនួន ១ ២០០ នាក់​ចូល​រួម មកពី ៧២ ប្រទេស»។

ក្នុង​ព្រឹត្តិការណ៍​អម ក្រៅពី FrancoTech ក៏​មាន​ព្រឹត្តិការណ៍​អម​មួយ​ទៀត គឺ «ភូមិហ្វ្រង់កូហ្វូនី» ដែល​ធ្វើ​ឡើង​នៅ​សួនច្បារ​ខាងមុខវត្តបទុមវតី ដែលមកដល់ពេលនេះ ក្រុម​ការងារ​បាន​រៀបចំ​ស្ដង់ ១៣០ រួចហើយ ដែល​ក្នុង​នោះ​ស្ដង់ ៧៣ សម្រាប់​ប្រទេស ៥៦ប្រទេស ដើម្បី​ដាក់​បង្ហាញ​ផលិតផល​ពី​ស្រុក​នានា​ដែល​គេ​មក​ចូលរួម មាន​ការ​សម្ដែងសិល្បៈ, ការ​បង្ហាញ​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ជាដើម និង​មាន​ស្តង់ ៣០ស្ដង់ទៀត សម្រាប់​ធ្វើ​ការ​ដាក់​បង្ហាញ​ម្ហូប​អាហារ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​ផង​ដែរ។

កិច្ចប្រជុំធុរកិច្ចលំដាប់អន្តរជាតិនេះ រៀបចំឡើងដោយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (Alliance des Patronats Francophones – APF) សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី ថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

កិច្ច​ប្រជុំនេះនឹងមានការរៀបចំជំនួបពិភាក្សាពាណិជ្ជកម្ម (B2B Meetings) ហ្វ្រង់កូហ្វូនី សន្និសីទ និង​វេទិកា​តុមូល ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និង​ស្វែងរក​ឱកាស​វិនិយោគ​រួមគ្នា​រវាង​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង និង​តំបន់​អាស៊ាន៕

អត្ថបទ៖ ឆដា, រូបភាព៖ ទទក