បារាំង​រៀបចំ​ពន្លា​ជាតិ​រយៈពេល​ ៥ ​ថ្ងៃ​ ​បង្ហាញ​ភាព​សម្បូរ​បែប​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ​៖​ ​ប្រទេស​បារាំង​នឹង​រៀបចំ ​«​ពន្លា​ជាតិ​បារាំង​» ​រយៈពេល​ ៥​ ថ្ងៃ​ ​នៅក្នុង​ភូមិ​ហ្វ្រង់​កូហ្វូនី ​រាជធានី​ភ្នំពេញ ​ចាប់​ពី​ថ្ងៃ​ទី​១៣ ​ដល់​ថ្ងៃ​ទី​១៧​ ​ខែ​វិច្ឆិកា ​ដើម្បី​អបអរសាទរ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​និង​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។

​ពន្លា​នេះ​នឹង​បើក​ទទួល​សាធារណជន​គ្រប់​វ័យ ​ដោយ​ផ្តល់​ឱកាស​ឱ្យ​អ្នក​ទស្សនា​ស្វែងយល់ ​និង​ដក​បទពិសោធន៍​តាមរយៈ​ពិព័រណ៍​អន្តរកម្ម​ បទពិសោធន៍​ឌីជីថល ​និង​សកម្មភាព​ផ្សេង​ៗ ​ដែល​ផ្តោត​លើ​វិស័យ​វប្បធម៌ អប់រំ ​វិទ្យាសាស្ត្រ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ការ​តាំងពិព័រណ៍​នៅក្នុង​ពន្លា​ជាតិ​បារាំង​នឹង​ផ្តោត​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន​៣ រួម​មាន​ ​វប្បធម៌ ​និង​ការ​បង្កើត​ស្នាដៃ​សិល្បៈ​ ​ភាសា​បារាំង ​និង​ឱកាស​សិក្សា​ ​ព្រមទាំង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​នៅ​ក្រៅ​ប្រទេស​ ​និង​វិទ្យាសាស្ត្រ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​តាមរយៈ​ល្បែង​កម្សាន្ត​ វីដេអូ ការ​តាំងពិព័រណ៍ ​និង​ធនធាន​ឌីជីថល ​អ្នក​ទស្សនា​នឹង​អាច​ស្វែងយល់​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ​និង​បារាំង​លើ​វិស័យ​ជា​ច្រើន​។ ​សកម្មភាព​ ​និង​ព័ត៌មាន​ទាំងអស់​នឹង​ត្រូវ​រៀបចំ​ជា​ភាសា​ខ្មែរ ​និង​ភាសា​បារាំង​។

​ចំណុច​ពិសេស​មួយ​នៃ​ពន្លា​នេះ​ ​គឺ​ការ​រួមបញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​) ​និង​មរតក​តន្ត្រី​ខ្មែរ​។ ​អ្នក​ទស្សនា​នឹង​មាន​ឱកាស​សន្ទនា​ជាមួយ​រូប​តំណាង​និម្មិត​របស់​លោក​ ស៊ីន ​ស៊ីសាមុត ​ដែល​បង្កើតឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​AI ​នៅក្នុង​រម៉ក​ដែល​តុបតែង​ជាពិសេស​។ ​តាម​រយៈ​បទពិសោធន៍​នេះ​ ​អ្នក​ទស្សនា​អាច​សួរ​សំណួរ​ផ្សេង​ៗ​ទៅកាន់​រូប​តំណាង​និម្មិត​របស់​អធិរាជ​សំឡេង​មាស​របស់​កម្ពុជា​ ពេញ​មួយ​រយៈពេល​ប្រាំ​ថ្ងៃ​។

​ក្រៅ​ពី​ពន្លា​ជាតិ​បារាំង ​ប្រទេស​បារាំង​ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​ឥត​គិត​ថ្លៃ​ប្រមាណ​ ​២០ ​នៅ​តាម​ទីតាំង​ផ្សេង​ៗ រួម​មាន​ ភូមិ​ហ្វ្រង់កូហ្វូនី ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ សាល​សន្និសីទ​ចតុមុខ ​និង​មហោស្រព​ The ​Last Stage ​Aquation​។​

​កម្មវិធី​ទាំងនេះ​រួមមាន​ ​ការ​ប្រគំតន្ត្រី​ ​សិក្ខាសាលា ​សន្និសីទ ​កិច្ច​ពិភាក្សា​ ការ​ច្រៀង​ខារ៉ាអូខេ​ជា​ភាសា​បារាំង ការ​សម្តែង​ល្ខោន ​និង​របាំ​ ​ការ​បញ្ចាំង​ភាពយន្ត ​និង​ការ​តាំងពិព័រណ៍​ផ្សេង​ៗ​។ ​ជាមួយគ្នា​នេះ​ ​ក៏​មាន​ការ​ដំឡើង​កន្លែង​ផ្តល់​ទឹក​ស្អាត​សម្រាប់​ពិសា ​នៅ​បរិវេណ​វត្ត​បទុម​វត្តី​ ​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ​(​AFD​)​ ​សហការ​ជាមួយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ ​(​PPW​SA​)​ ​និង​ការ​សម្ពោធ​ស្នាដៃ​គំនូរ​ជញ្ជាំង​ខ្នាត​ធំ​មួយ​នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​។

​លោក​ អូលីវីយេ ​រី​ឆ ​ឯក​អគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​ដោយ​លើកឡើង​ថា​ ​ប្រទេស​បារាំង​នឹង​ប្រគល់​តួនាទី​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​នេះ​ជូន​ប្រទេស​កម្ពុជា​ ​សម្រាប់​អាណត្តិ​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​។

​លោក​ឯក​អគ្គ​រដ្ឋទូត​ក៏​បាន​សង្កត់ធ្ងន់​លើ​ចំណង​មិត្តភាព​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ ​និង​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ ​ភាព​ចម្រុះ​នៃ​វប្បធម៌​ ឱកាស​សម្រាប់​យុវជន​ ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​តាមរយៈ​ការ​រៀបចំ​ពន្លា​ជាតិ​ ​និង​ព្រឹត្តិការណ៍​វប្បធម៌​ទាំងនេះ​ ​ប្រទេស​បារាំង​មាន​គោលបំណង​បង្ហាញ​ពី​ភាព​រស់រវើក​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​តភ្ជាប់​វប្បធម៌​ ​ចំណេះដឹង​ ​និង​ភាសា​ ​ព្រមទាំង​បង្កើត​ឱកាស​ថ្មី​ៗ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​។​

​សាធារណជន​ទាំងអស់​អាច​ចូល​ទស្សនា​ពន្លា​ជាតិ​បារាំង​ដោយ​សេរី ​ចាប់​ពី​ថ្ងៃ​ទី​១៣ ​ដល់​ថ្ងៃ​ទី​១៧​ ​ខែ​វិច្ឆិកា​ ​នៅក្នុង​ភូមិ​ហ្វ្រង់​កូហ្វូនី ​រាជធានី​ភ្នំពេញ ​ដើម្បី​ស្វែងយល់ ​ជួប​ជុំ ​ផ្លាស់ប្ដូរ​បទពិសោធន៍​ ​និង​អបអរសាទរ​ភាព​ជា​ហ្វ្រង់​កូហ្វូនី​៕

អត្ថបទ៖ ប៊ី