កម្ពុជា​ជំរុញ​កែច្នៃ​ស្វាយចន្ទី ​និង​ម្រេច​ក្នុង​ស្រុក​ ​ដើម្បី​វាយ​លុក​ទីផ្សារ​អឺរ៉ុប

តាមដានជាមួយយើង៖ Million Times

​ភ្នំពេញ​៖​ ​កម្ពុជា​កំពុង​ជំរុញ​ការ​កែច្នៃ​ស្វាយចន្ទី​ ​និង​ម្រេច​ក្នុង​ស្រុក​ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ ​ពង្រឹង​គុណភាព​ផលិតផល​ ​និង​ពង្រីក​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ស្វាយចន្ទី​ក្នុង​ឆ្នាំ​២០២៥​ ​មាន​ប្រមាណ​ ១​លាន​តោន ​ប៉ុន្តែ​ការ​កែច្នៃ​ជាក់ស្តែង​ក្នុង​ស្រុក​មាន​ត្រឹម​ប្រមាណ​ ​២៦​%​ ​នៃ​សមត្ថភាព​ដែល​មាន​ស្រាប់​។

​ក្នុង​ពិធី​បើក​វេទិកា​ពាណិជ្ជកម្ម​ស្វាយ​ចន្ទី​ ​និង​ម្រេច​កម្ពុជា​ ​ឆ្នាំ​២០២៦ ​ក្រោម​មូលបទ​ «​ពី​កម្ពុជា​ទៅកាន់​ពិភពលោក​៖​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហ​ភាព​អឺរ៉ុប​»​ នា​ព្រឹក​ថ្ងៃ​ទី​១០​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​ ​ហែម វណ្ណ​ឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍ ​បាន​លើកឡើង​ថា​ ​គោលដៅ​របស់​កម្ពុជា​មិន​មែន​គ្រាន់តែ​បង្កើន​បរិមាណ​នាំចេញ​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​ជំរុញ​ការ​កែច្នៃ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ ​និង​ស្តង់ដារ ​ព្រមទាំង​កសាង​ម៉ាក​សញ្ញា ​ដើម្បីឱ្យ​ផលិតផល​កម្ពុជា​ទទួល​បាន​តម្លៃ​បន្ថែម​ខ្ពស់​ ​និង​ការ​ទទួល​ស្គាល់​នៅលើ​ទីផ្សារ​អន្តរជាតិ​។

​ឯកឧត្តម​បាន​ថ្លែង​ថា​៖​ «​គោលដៅ​របស់​យើង​មិន​មែន​គ្រាន់តែ​បង្កើន​បរិមាណ​នាំចេញ​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​ជំរុញ​ការ​កែច្នៃ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ ​និង​ស្តង់ដារ ​ព្រមទាំង​កសាង​ម៉ាក​សញ្ញា ​ដើម្បីឱ្យ​ផលិតផល​កម្ពុជា​ទទួល​បាន​តម្លៃ​បន្ថែម​កាន់តែ​ខ្ពស់​ ​និង​ការ​ទទួល​ស្គាល់​លើ​ទីផ្សារ​អន្តរជាតិ​»​។

​ឯក​ឧត្តម​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ឆ្នាំ​២០២៥ ​កម្ពុជា​ផលិត​ស្វាយចន្ទី​បាន​ប្រមាណ​ ​១​លាន​តោន ​ប៉ុន្តែ​ភាគ​ច្រើន​ត្រូវ​បាន​នាំចេញ​ជា​គ្រាប់​ឆៅ​។ ​ចំណែក​រោងចក្រ ​និង​សហគ្រាស​កែច្នៃ​ក្នុង​ស្រុក​មាន​សមត្ថភាព​កែច្នៃ​សរុប​ប្រមាណ​ ​៨៦​ ៨០០​តោន​ក្នុង​មួយ​ឆ្នាំ​ ​ប៉ុន្តែ​បរិមាណ​កែច្នៃ​ជាក់ស្តែង​មាន​ត្រឹម​ ​២២​ ៦០០​តោន​ ​ឬ​ប្រមាណ ​២៦​%​ ​នៃ​សមត្ថភាព​សរុប​។

​ឯក​ឧត្តម​បាន​បញ្ជាក់​ថា​ ​ការ​ប្រើប្រាស់​សមត្ថភាព​កែច្នៃ​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ទាមទារ​ឱ្យ​មាន​ការ​ផ្សារ​ភ្ជាប់​កាន់តែ​ប្រសើរ​រវាង​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ ​ហិរញ្ញប្បទាន​ ​បច្ចេកវិទ្យា ​ជំនាញ ​និង​ទីផ្សារ​។

​ចំពោះ​វិស័យ​ម្រេច​ ​ការ​ចុះបញ្ជី​ម្រេច​កំពត​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​សហ​ភាព​អឺរ៉ុប ​គឺជា​ឧទាហរណ៍​នៃ​ការ​ប្រើប្រាស់​លក្ខណៈ​ពិសេស​ផ្នែក​រសជាតិ​ គុណភាព​ និង​អត្តសញ្ញាណ​ប្រភព​ដើម ​ដើម្បី​បង្កើន​គុណ​តម្លៃ​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​អន្តរជាតិ​។

​ឯកឧត្តម​ ហែម ​វណ្ណ​ឌី ​ក៏​បាន​រំលេច​ពី​ការ​ខិតខំ​អភិវឌ្ឍ​ស្តង់ដារ​ជាតិ​សម្រាប់​ផលិតផល​គ្រាប់​ស្វាយចន្ទី ​និង​ការ​ពង្រឹង​សមត្ថភាព​មន្ទីរពិសោធន៍​ក្នុង​ការ​ធ្វើតេស្ត​វិភាគ​សំណល់​ថ្នាំ​កសិកម្ម​ ​សារធាតុ​ពុល​ ​លោហៈ​ធ្ងន់ ​និង​មេរោគ​បង្ក​គ្រោះថ្នាក់ ​ដើម្បី​គាំទ្រ​ដល់​ការ​ធានា​គុណភាព ​និង​សុវត្ថិ​ភាព​ផលិតផល​ស្វាយចន្ទី​ ​និង​ម្រេច​កម្ពុជា​។​

​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក៏​កំពុង​អនុវត្ត​គំនិត​ផ្តួចផ្តើម​លើ​បច្ចេកវិទ្យា​កែច្នៃ​ម្ហូប​អាហារ​ ​សេវា​គាំទ្រ​ធុរកិច្ច​ ​និង​ការ​វេចខ្ចប់​ប្រកប​ដោយ​និរន្តរភាព​ ​ដើម្បី​ជួយ​សហគ្រាស​លើកកម្ពស់​គុណភាព​ផលិតផល​ ​ពង្រឹង​សមត្ថភាព​កែច្នៃ ​និង​បំពេញ​តាម​តម្រូវការ​ទីផ្សារ​។

​ដោយឡែក ​លោក​ជំទាវ ចម និម្មល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​នេះ​ ​បាន​គូសបញ្ជាក់​ថា​ ​វេទិកា​ដែល​រៀបចំ​ឡើង​ជា​លើក​ទី​២​នេះ​ ​ជា​ឱកាស​សំខាន់​ក្នុង​ការ​ប្រមូលផ្តុំ​អ្នក​ផលិត​ ​អ្នក​កែច្នៃ​ ​អ្នក​នាំចេញ ​និង​វិនិយោគិន ​ដើម្បី​ចែក​រំលែក​ចំណេះដឹង​ ​ជំរុញ​ការ​វិនិយោគ​លើ​ការ​កែច្នៃ​បង្កើត​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​សម្រាប់​ស្វាយចន្ទី ​និង​ម្រេច​កម្ពុជា​ ​ជា​ពិសេស​ទីផ្សារ​សហ​ភាព​អឺរ៉ុប​។

​លោក​ជំទាវ​បាន​សង្កត់ធ្ងន់​លើ​កិច្ច​សហការ​រវាង​ក្រសួង​ទាំង​បី ​ក្នុង​ស្មារតី​ជា​តួអង្គ​តែ​មួយ ​និង​មាន​គោលដៅ​រួម ​ដើម្បី​តភ្ជាប់​ខ្សែ​ច្រវាក់​តម្លៃ​ចាប់​ពី​ការ​ដាំដុះ​ ការ​កែច្នៃ​ ​ការ​ពង្រឹង​គុណភាព​ រហូតដល់​ការ​ស្វែងរក​ទីផ្សារ ​និង​ការ​នាំចេញ​ប្រកបដោយ​ចីរភាព​ ​ស្រប​តាម​ទិសដៅ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ផ្គត់ផ្គង់​វត្ថុធាតុដើម​កសិកម្ម​ ​ទៅ​ជា​ប្រទេស​ផលិត ​និង​នាំចេញ​ផលិតផល​កសិ​-​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​។

​ក្នុង​ន័យ​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​បាន​បន្ត​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ការ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​ការ​កសាង​ម៉ាក​សញ្ញា ​និង​ការ​ដឹកនាំ​សហគ្រាស​កម្ពុជា​ចូលរួម​ពិព័រណ៍​អន្តរជាតិ​ធំ​ៗ ដូចជា​ S​IAL ​Paris ​និង​ Anuga ​ព្រមទាំង​ការ​រៀបចំ​ជំនួប​ពាណិជ្ជកម្ម ​ដើម្បី​តភ្ជាប់​ផលិតផល​កម្ពុជា​ទៅកាន់​អ្នក​បញ្ជាទិញ​ ​និង​បណ្តាញ​ចែកចាយ​អន្តរជាតិ​ទាំង​លក់​រាយ ​និង​បោះ​ដុំ​។

​លោក​ជំទាវ​ក៏​បាន​លើកឡើង​ពី​លក្ខណៈ​ពិសេស​នៃ​ផលិតផល​កម្ពុជា​ ​ដោយ​គ្រាប់​ស្វាយចន្ទី​កម្ពុជា​មាន​ទំហំ​ធំ ​និង​រសជាតិ​ឆ្ងាញ់​ ​ខណៈ​ម្រេច​កំពត​ត្រូវ​បាន​ចុង​ភៅ​លំដាប់​កំពូល​ៗ​ជ្រើសរើស​ជា​គ្រឿងទេស​សម្រាប់​ចម្អិន​ម្ហូប​នៅ​តាម​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់​ជុំវិញ​ពិភពលោក​។

​ជាមួយគ្នា​នេះ​ ​ផលិតផល​កសិ​-​កែច្នៃ​របស់​កម្ពុជា ​រួមទាំង​គ្រាប់​ស្វាយ​ចន្ទី​ ​និង​ម្រេច​ ​បច្ចុប្បន្ន​មាន​វត្តមាន​ដាក់​លក់​នៅ​តាម​ផ្សារ​អន្តរជាតិ​សរុប​ជាង​ ២៣ ០០០​ទីតាំង​ ​ក្នុង​នោះ​មាន​បណ្តាញ​ផ្សារ​ធំ​ៗ​ដូចជា​ ​Costco​,​ ​E.​Leclerc​,​ ​Carrefour ​និង​ Tesco​។​ ​វឌ្ឍនភាព​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ពង្រីក​វត្តមាន​ផលិតផល​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ​ ​និង​ជា​កម្លាំង​ជំរុញ​ឱ្យ​បន្ត​ពង្រឹង​គុណភាព​ ​បង្កើន​តម្លៃ​បន្ថែម​ ​និង​ស្វែងរក​ឱកាស​ទីផ្សារ​ថ្មី​ៗ​។

​ដើម្បី​បន្ត​លើកកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ស្វាយចន្ទី ​និង​ម្រេច​កម្ពុជា​ ​លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ រួម​មាន​ ​ការ​បង្កើន​សមត្ថភាព​កែច្នៃ ​និង​វេចខ្ចប់​ក្នុង​ស្រុក​ ការ​ពង្រឹង​គុណភាព​ ​និង​ការ​អនុវត្ត​តាម​ស្តង់ដារ ​និង​លក្ខខណ្ឌ​តម្រូវ​របស់​ទីផ្សារ​អន្តរជាតិ​ ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ​ព្រមទាំង​ការ​ពង្រីក​ប្រព័ន្ធ​តាមដាន​ប្រភព​ដើម​ឌីជីថល​។

​អនុសាសន៍​ផ្សេងទៀត​រួម​មាន​ ​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ទុន​បង្វិល​ ការ​លើកកម្ពស់​ម៉ាក​សញ្ញា​ ​និង​អត្តសញ្ញាណ​ផលិតផល​កម្ពុជា​ ​ព្រមទាំង​ការ​កសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់ ​ដែល​ផ្អែក​លើ​ទំនុកចិត្ត​ តម្លាភាព​ ​និង​ផលប្រយោជន៍​ទៅវិញទៅមក​។

​ជា​ទី​បញ្ចប់​ ​លោក​ជំទាវ ចម និម្មល ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​ក្រសួង​ពាណិជ្ជកម្ម ​ក្នុង​ការ​បន្ត​សហការ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​វិស័យ​ឯកជន ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​ពង្រីក​ឱកាស​ទីផ្សារ​ ​និង​គាំទ្រ​កសិករ ​អ្នក​កែច្នៃ ​និង​អ្នក​នាំចេញ​កម្ពុជា​។ ​លោក​ជំទាវ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​អ្នក​បញ្ជាទិញ​ ​និង​វិនិយោគិន​អន្តរជាតិ​បង្កើន​កិច្ច​សហការ​ជាមួយ​ដៃគូ​កម្ពុជា​ ​ដោយ​សង្ឃឹម​ថា​ ​វេទិកា​រយៈពេល​ពីរ​ថ្ងៃ​នេះ​នឹង​នាំមក​នូវ​កិច្ចសន្យា​ពាណិជ្ជកម្ម​ ការ​វិនិយោគ​ថ្មី​ៗ ​និង​ភាព​ជា​ដៃគូ​យូរ​អង្វែង​។

​ឯកឧត្តម​ ​ហែម វណ្ណ​ឌី ​បាន​បន្ថែម​ថា​៖​ «​យើង​ត្រូវ​ប្រែក្លាយ​កិច្ច​សហការ​ទៅ​ជា​លទ្ធផល​សេដ្ឋកិច្ច​ជាក់ស្តែង​ ​តាមរយៈ​ការ​វិនិយោគ​ ការ​ផ្ទេរ​បច្ចេកវិទ្យា​ ​និង​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ ​ដែល​នាំទៅ​ដល់​កិច្ចព្រមព្រៀង​ទិញ​លក់​ ​និង​ការ​ពង្រីក​ការ​នាំចេញ​»​។

​វេទិកា​ពាណិជ្ជកម្ម​ស្វាយ​ចន្ទី​ ​និង​ម្រេច​កម្ពុជា​ ​ឆ្នាំ​២០២៦ ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ​ ​គឺ​ថ្ងៃ​ទី​១០​-​១១​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​អង្គទូត​ ​ដៃ​គូ​អភិវឌ្ឍន៍​ វិស័យ​ឯកជន​ ​អ្នក​ផលិត ​អ្នក​កែច្នៃ​ ​អ្នក​នាំចេញ​ ​អ្នក​វិនិយោគ ​និង​អ្នក​ជំនាញ​ជាតិ​ ​និង​អន្តរជាតិ​។ វេទិកា​នេះ​មាន​គោលបំណង​តភ្ជាប់​អ្នក​ផលិត ​និង​អ្នក​នាំចេញ​កម្ពុជា​ជាមួយ​អ្នក​ទិញ​ ​និង​វិនិយោគិន​អឺរ៉ុប ​ដើម្បី​បង្កើត​ឱកាស​នាំចេញ​ផលិតផល​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ ​ទាក់ទាញ​ការ​វិនិយោគ ​និង​ការ​ផ្ទេរ​បច្ចេកវិទ្យា ​ព្រមទាំង​ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ​ក្នុង​ស្រុក​៕

អត្ថបទ៖ ប៊ី