
ភ្នំពេញ៖ ធនាគារចំនួន ៧ បានរួមគ្នាផ្តល់ឥណទានស៊ីនឌីខេត (Syndicated Term Loan Facility) ក្នុងទំហំទឹកប្រាក់សរុប ១៨២ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់ប្រព័ន្ធស្តុកថាមពលអគ្គិសនី (Battery Energy Storage System) ដែលជាគម្រោងដំបូងបង្អស់នៅកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាននេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
គម្រោងសាងសង់ប្រព័ន្ធស្តុកថាមពលនេះ មានសារៈសំខាន់ក្នុងការរួមចំណែកធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័នកាបូននៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ការសម្រេចបាននូវកិច្ចព្រមព្រៀងឥណទានទំហំ ១៨២ លានដុល្លារអាម៉េរិកនេះ ក៏បង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យធនាគារក្នុងការកៀរគរធនធានហិរញ្ញវត្ថុ និងបង្វែរមូលនិធិទៅគាំទ្រគម្រោងបៃតង ព្រមទាំងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតងនៅកម្ពុជា។
សមិទ្ធផលនេះក៏ជាផ្នែកមួយនៃការចូលរួមអនុវត្តប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា ដែលទទួលបានការលើកទឹកចិត្តពីធនាគារជាតិនៃកម្ពុជា។
កិច្ចព្រមព្រៀងនេះបង្ហាញពីការចូលរួមរបស់គ្រឹះស្ថានធនាគារក្នុងការគាំទ្រការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពល និងការជំរុញហិរញ្ញប្បទានបៃតង ស្របតាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា៕
អត្ថបទ៖ ប៊ី









