គ្រួសារអ្នកឧកញ៉ា គិត ម៉េង ជួប​ដន្លង អ្នកឧកញ៉ា លាង ម៉េង ពិភាក្សាការភ្ជាប់ពាក្យកូនៗ

កន្លង​មក​សកម្មភាព​ជាច្រើន​ដែល​ខាង​គ្រួសារ​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប និង​អ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹង​ក្លាយ​ជា​ដន្លង​នឹង​គ្នា ឥឡូវ​កាន់តែ​ជិត​ឮ​ដំណឹង​ល្អ​ឆាប់​ៗ​នេះ​ហើយ។

តាមដានជាមួយយើង៖ Million Times

ដោយ​ថ្មី​ៗ​នេះ គ្រួសារ​អ្នកឧកញ៉ា គិត ម៉េង បាន​ជួប​ពិភាក្សា​ជាមួយ​ខាង​ អ្នកឧកញ៉ា លាង ម៉េង កំពុង​រៀបចំ​ការងារ និង​ប្លង់​ខ្លះ​ៗ​នៃ​កម្មវិធី​ភ្ជាប់​ពាក្យ​កូន​ៗ​ទាំង ២ គឺ​កញ្ញា គិត ស៊ូរៀរង្សី និង​កំលោះ​សង្ហា​លោក អ៊ឹង វិសាល ហៅ Bryan។

ដោយ​កិច្ច​ពិភាក្សា​នោះ​មាន​ការ​ចូលរួម​ពី​សំណាក់​ពី​អ្នកឧកញ៉ា គិត ម៉េង និង​ភរិយា ព្រម​ទាំង​កូន​ស្រី ដែល​ជា​អនាគត​កូន​ក្រមុំ និង​ក្រុម​គ្រួសារ​ អ្នកឧកញ៉ា លាង ម៉េង ទាំង​មូល​ដូច​គ្នា និង​សហការី​ជាច្រើន​រូប​ផង​ដែរ។

បើ​យោង​តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​តិច តុក លោក សុខ រ៉ាវី ពិធី​ករ​ដែល​បាន​ឲ្យ​ដឹង​ថា “ដន្លង ពិភាក្សា​គ្នា រឿង​ភ្ជាប់​ពាក្យ​កូន” ដែល​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ដំណឹង​រៀបការ​នៃ​គ្រួសារ​សេដ្ឋី​ទាំង ២ ពិតជា​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​មែន។

គួរ​បញ្ជាក់​ថា លោក អ៊ឹង វិសាល ដែល​ជា​កូន​ប្រុស​ សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង មាន​វ័យ ២៥ ឆ្នាំ។ ចំណែក​កូន​ស្រី​ច្បង​នៃ​សេដ្ឋី គិត ម៉េង និង​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​វ័យ ១៩ ឈាន​ចូល ២០ ឆ្នាំ។

អនាគត​កូន​កំលោះ​កូន​ក្រមុំ​គូ​នេះ បាន​ស្គាល់​គ្នា​តាំងពី​នៅ​ក្មេង​វ័យ ហើយ​គ្រួសារ​ទាំង​សងខាង​សុទ្ធតែ​ជា​មនុស្ស​ស្គាល់ និង​រាប់​អាន​គ្នា​ស្រាប់។ ទាំង​រូប​សម្បត្តិ ភោគ​សម្បត្តិ ចំណេះដឹង និង​ជំនាញ​ពិតជា​សម​នឹង​គ្នា​ខ្លាំង​ណាស់៕

អត្ថបទ៖ឆដា, រូបភាព៖ Tik Tok Mc Rasy Sok