
ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យកម្ពុជាបានឆ្លងកាត់វដ្តអភិវឌ្ឍន៍សំខាន់ៗជាច្រើនក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ ចាប់ពីការរីកចម្រើនខ្លាំងនៅឆ្នាំ២០០៧ ការប្រឈមនឹងវិបត្តិហិរញ្ញវត្ថុសកលនៅឆ្នាំ២០០៨ ការងើបឡើងវិញនៅឆ្នាំ២០១៣ រហូតដល់ដំណាក់កាលកែសម្រួល និងការលំបាកចាប់ពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញពីប្រវត្តិនៃការប្រែប្រួលទីផ្សារអចលនទ្រព្យកម្ពុជាថា នៅឆ្នាំ២០០៧ ទីផ្សារអចលនទ្រព្យ ជាពិសេសនៅរាជធានីភ្នំពេញ មានការកើនឡើងយ៉ាងខ្លាំង ដោយតម្លៃដីធ្លីបានកើនពី ៥០% ទៅ ៨០% ក្នុងរយៈពេលតែមួយឆ្នាំ។
កំណើននេះត្រូវបានជំរុញដោយលំហូរទុនវិនិយោគបរទេស ជាពិសេសពីប្រទេសកូរ៉េខាងត្បូង ព្រមទាំងគម្រោងអភិវឌ្ឍន៍ធំៗ។ ទោះជាយ៉ាងណា ចាប់ពីខែកក្កដា ឆ្នាំ២០០៧ ទីផ្សារបានចាប់ផ្តើមបង្ហាញសញ្ញាធ្លាក់ចុះបន្តិចម្តងៗ។
នៅឆ្នាំ២០០៨ តម្លៃអចលនទ្រព្យនៅតែបន្តកើនឡើងរហូតដល់ខែមិថុនា ប៉ុន្តែក្រោយមក ពពុះអចលនទ្រព្យក៏ចាប់ផ្តើមបែកបាក់ ដោយសារវិបត្តិហិរញ្ញវត្ថុសកល និងបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្នុងអំឡុងពេលនោះ តម្លៃអចលនទ្រព្យបានធ្លាក់ចុះពី ១០% ទៅ ២៥% អ្នកទិញមានការថយចុះយ៉ាងខ្លាំង ហើយវិស័យសំណង់បានបាត់បង់ការងាររាប់ម៉ឺនកន្លែង។
ក្រោយវិបត្តិឆ្នាំ២០០៨ ទីផ្សារអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមងើបឡើងវិញជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១០ ហើយបានវិលត្រឡប់ទៅរកការរីកចម្រើនពេញលេញឡើងវិញនៅឆ្នាំ២០១៣។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានលើកឡើងថា ក្រោយការងើបឡើងវិញពេញលេញនៅឆ្នាំ២០១៣ ទីផ្សារអចលនទ្រព្យកម្ពុជាបានឆ្លងកាត់វដ្តអភិវឌ្ឍន៍សំខាន់ៗជាបន្តបន្ទាប់ ដែលអាចបែងចែកជាពីរដំណាក់កាលធំៗ គឺយុគសម័យរុងរឿងចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ និងយុគសម័យនៃការកែសម្រួល និងការលំបាកចាប់ពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។
ការវិវត្តទាំងនេះបង្ហាញពីការប្រែប្រួលជាបន្តបន្ទាប់នៃទីផ្សារអចលនទ្រព្យកម្ពុជា ដោយឆ្លងកាត់ទាំងដំណាក់កាលរីកចម្រើនខ្លាំង វិបត្តិ ការងើបឡើងវិញ និងការកែសម្រួលទីផ្សារ ដែលជាផ្នែកសំខាន់នៃប្រវត្តិអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា៕
អត្ថបទ៖ ប៊ី







