
កម្ពុជាបានបើកដំណើរការជាផ្លូវការ «ភូមិហ្វ្រង់កូហ្វូនី» នៅសួនច្បារមុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ លើផ្ទៃដីប្រមាណ ១ម៉ឺនម៉ែត្រការ៉េ ដើម្បីបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិក និងដៃគូហ្វ្រង់កូហ្វូនី ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ភូមិហ្វ្រង់កូហ្វូនីនេះ បើកឱ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយរំពឹងថា នឹងទាក់ទាញអ្នកទស្សនាប្រមាណ ១០ម៉ឺននាក់ ទាំងជាតិ និងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ទទួលបន្ទុកព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងពិធីបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងថា ភូមិហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងជាលំហសម្រាប់ការស្វែងយល់ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីអាទិភាពយុទ្ធសាស្ត្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដែលផ្តោតលើបរិយាបន្ន និងការធានាឱ្យមនុស្សគ្រប់រូបអាចចូលរួមបាន ជាពិសេសស្ត្រី និងយុវជន។
លោកជំទាវមានប្រសាសន៍ថា៖ «ដោយត្រូវបានបង្កើតឡើងជាលំហសម្រាប់ការស្វែងយល់ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ភូមិហ្វ្រង់កូហ្វូនីនេះ គឺជាការប្រារព្ធនូវវិស័យទេសចរណ៍ អប់រំ នវានុវត្តន៍ និងចំណងសាមគ្គីភាពដែលបង្រួបបង្រួមប្រជាជាតិទាំងឡាយ»។
ចំណុចលេចធ្លោមួយនៃភូមិនេះ គឺខ្លោងទ្វារធំដែលយកគំនិតបំផុសចេញពីខ្លោងទ្វារទន្លេអុំ នៃទីក្រុងបុរាណអង្គរធំ ដោយរំលេចនូវស្នាមញញឹមបែបបាយ័ន និងរូបសត្វព្រាបពណ៌សនៅចំកណ្តាល។ រចនាសម្ព័ន្ធនេះតំណាងឱ្យសន្តិភាព ភាពសុខដុមរមនា និងសាមគ្គីភាព ដែលជាសារសំខាន់នៃការរៀបចំព្រឹត្តិការណ៍នេះ។
លោកជំទាវកិត្តិបណ្ឌិតបានបញ្ជាក់ថា ការរៀបចំភូមិហ្វ្រង់កូហ្វូនីនេះ ក៏ជាការអនុវត្តតាមព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលមានព្រះរាជបន្ទូលថា «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមរបស់សហគមន៍ហ្វ្រង់កូហ្វូនី»។
តាមការបញ្ជាក់របស់អ្នករៀបចំ ភូមិហ្វ្រង់កូហ្វូនីមានសមាសភាគសំខាន់ៗចំនួន៧ រួមមាន ពន្លាតំណាងឱ្យប្រទេស និងដៃគូហ្វ្រង់កូហ្វូនីចំនួន ៧៣ ពន្លាព្រះរាជាណាចក្រកម្ពុជាដែលបង្ហាញពីបេតិកភណ្ឌ សក្តានុពលទេសចរណ៍ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងពន្លារបស់អង្គការ OIF ដែលបង្ហាញពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ។
ក្រៅពីនេះ ក៏មានស្តង់ពិព័រណ៍ចំនួន ១៣០ សម្រាប់ស្ថាប័ន អាជីវកម្ម និងសិប្បករ ភូមិម្ហូបអាហារចំនួន ៣០ស្តង់ កិច្ចប្រជុំតុមូល និងវេទិកាពិភាក្សាចំនួន ៣០ ព្រមទាំងការសម្តែងសិល្បៈ និងវប្បធម៌ចំនួន ៥០កម្មវិធី។
ការរៀបចំភូមិហ្វ្រង់កូហ្វូនីនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលផ្តល់ឱកាសដល់សាធារណជនបានស្វែងយល់ពីវប្បធម៌ និងអត្តសញ្ញាណរបស់ប្រទេសនានា ព្រមទាំងស្វែងរកចំណុចរួមនៃកិច្ចសហប្រតិបត្តិការ តាមរយៈទេសចរណ៍ អប់រំ ពាណិជ្ជកម្ម និងសិល្បៈវប្បធម៌៕
អត្ថបទ៖ ប៊ី










