គិតត្រឹមខែកញ្ញា ២០២៦ សហគ្រាស និងសិប្បកម្ម ចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាង ៤៤ ០០០ មូលដ្ឋាន

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​​នវានុវត្តន៍ លោក ហែម វណ្ណឌី បាន​ឲ្យដឹង​ថា គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០២៦ សហគ្រាស និង​សិប្បកម្ម​ដែល​​បាន​ចុះ បញ្ជី​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​ជាង ៤៤ ០០០ មូលដ្ឋាន ដែល​ផ្តល់​ការងារ​ជិត ៥០ ម៉ឺន​កន្លែង។

តាមដានជាមួយយើង៖ Million Times

លោក ហែម វណ្ណឌី បាន​ថ្លែង​បែប​នេះ​នា​ឱកាស​ពិធី​ប្រកាស​ជា​ផ្លូវការ “យុទ្ធសាស្ត្រ​ជាតិ ​ស្ដីពី​កា​អភិវឌ្ឍ​សហគ្រាស​ធុន​មីក្រូតូច និង​មធ្យម ឆ្នាំ ២០២៦-២០៣០” ក្រោម​អធិបតីភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​​កម្ពុជា​នា​ព្រឹក​ថ្ងៃ ២២ ខែ​តុលា ឆ្នាំ២០២៦។

រដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែង​បន្ត​ថាតួលេខ​នេះ​ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំហំ និង​សារសំខាន់​របស់​វិស័យ​នេះ ចំពោះសកម្មភាពសេដ្ឋកិច្ច និង​ជីវភាពរបស់ប្រជាពលរដ្ឋ។

“ទោះយ៉ាងណា បញ្ហាប្រឈមរបស់យើងនៅដំណាក់កាលបន្ទាប់ មិនមែន​ត្រឹមតែ​ការ​បង្កើន​ចំនួន​សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវធ្វើឱ្យសហគ្រាសទាំងនេះកាន់តែមានផលិតភាព គុណភាព និងស្តង់ដា ចាប់យកបច្ចេកវិទ្យាបានកាន់តែប្រសើរ និងអាចតភ្ជាប់ទៅនឹងទីផ្សារ រោងចក្រធំៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានតម្លៃបន្ថែមខ្ពស់។ នេះ​ជា​ការ​បន្ថែម​របស់​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​​នវានុវត្តន៍។

លោក ហែម វណ្ណឌី បាន​បន្ត​ទៀតថា “សម្តេចធិបតី​នាយករដ្ឋមន្ត្រី បាន​បន្តពង្រឹង និង​ពង្រីក​ប្រព័ន្ធ​គាំទ្រ​នេះ ឲ្យ​កាន់តែ​គ្រប់ជ្រុងជ្រោយ ក្រោមការចង្អុលបង្ហាញដោយ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១» ជាពិសេសបញ្ចកោណទី៣ ស្ដីពី «ការអភិវឌ្ឍវិស័យឯកជន និងការងារ» ដែល​ផ្ដោត​លើ​ការ​លើក​ស្ទួយ​សហគ្រាស​ធុនមីក្រូ តូច និង​មធ្យម ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​លើកកម្ពស់ធុរកិច្ចថ្មី និង​នវានុវត្តន៍៕

អត្ថបទ៖ ឆដា, រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា