ជំនាញយានយន្ត និងរថយន្តអគ្គិសនី ក្លាយជាជម្រើសសម្រាប់យុវជនត្រៀមចូលទីផ្សារការងារ

ភ្នំពេញ៖ លោក ណុនឌី អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មរថយន្ត នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានជំរុញឱ្យយុវជន ជាពិសេសសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាជ្រើសរើសជំនាញបច្ចេកទេស ដើម្បីបង្កើនឱកាសការងារ និងឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យាក្នុងវិស័យយានយន្ត។

លោក ណុនឌី បានលើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យាយានយន្ត ជាពិសេសរថយន្តអគ្គិសនី (EV) និងរថយន្តកូនកាត់ (Hybrid) កំពុងបង្កើតតម្រូវការសម្រាប់អ្នកបច្ចេកទេសដែលមានចំណេះដឹង និងជំនាញសមស្រប ដើម្បីបំពេញការងារថែទាំ ជួសជុល និងដោះស្រាយបញ្ហាបច្ចេកទេសលើយានយន្តទំនើប។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនមករៀននូវជំនាញបច្ចេកទេស ដោយយ៉ាងហោចណាស់យុវជនម្នាក់ក៏មានជំនាញមួយ»។

លោកបានបន្ថែមថា ការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ និងការយកចិត្តទុកដាក់លើការកាត់បន្ថយការបំពុលបរិស្ថាន បានជំរុញឱ្យរថយន្តអគ្គិសនីក្លាយជាបច្ចេកវិទ្យាដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អនាគត។ ដូច្នេះ អ្នកបច្ចេកទេសចាំបាច់ត្រូវបន្តអភិវឌ្ឍសមត្ថភាព ដើម្បីអាចធ្វើការជាមួយប្រព័ន្ធ និងបច្ចេកវិទ្យាយានយន្តជំនាន់ថ្មី។

ចំពោះការបណ្ដុះបណ្ដាលនៅវិទ្យាស្ថាន ITI លោកបានឱ្យដឹងថា សិស្សានុសិស្សអាចសិក្សាអំពីប្រព័ន្ធបច្ចេកទេសផ្សេងៗ រួមមានប្រព័ន្ធម៉ាស៊ីន ប្រព័ន្ធត្រជាក់ ប្រព័ន្ធអគ្គិសនីលើយានយន្ត និងប្រព័ន្ធគ្រឿងក្រោម។ ការសិក្សាទាំងនេះមានគោលបំណងផ្ដល់ចំណេះដឹង និងជំនាញបច្ចេកទេសដែលអាចយកទៅប្រើប្រាស់ក្នុងការងារជាក់ស្ដែង។

លោកក៏បានបញ្ជាក់ថា សិស្សដែលសិក្សាជំនាញបច្ចេកទេសអាចទទួលបានឱកាសសិក្សាអនុវត្តនៅតាមយានដ្ឋាន និងក្រុមហ៊ុន ដើម្បីស្វែងយល់ពីបរិយាកាសការងារ និងការអនុវត្តជាក់ស្ដែងក្នុងវិស័យយានយន្ត។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់យុវជនដែលទើបប្រឡងបាក់ឌុប និងកំពុងស្វែងរកជំនាញសម្រាប់អនាគត ឱ្យពិចារណាចូលសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដោយសារវិទ្យាស្ថានមានសម្ភារៈ និងបរិក្ខារសម្រាប់គាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញ។

លោក ណុនឌី បានសង្កត់ធ្ងន់ថា ការជ្រើសរើសជំនាញបច្ចេកទេសដែលសមស្របនឹងចំណង់ចំណូលចិត្តរបស់ខ្លួន និងតម្រូវការទីផ្សារ អាចជួយឱ្យយុវជនត្រៀមខ្លួនបានកាន់តែល្អសម្រាប់ឱកាសការងារនាពេលអនាគត និងចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times