អគ្គនាយិកាក្រុមហ៊ុនសម្ភារៈការិយាល័យ Böttcher AG គឺលោកស្រី សុភា បុត្រឈរ ដែលទទួលបានគោរមងារឧកញ៉ា ណូ សុភា នៅតែបន្តបរិច្ចាគថវិកាជួយដល់មណ្ឌលកុមារកំព្រាមែកឈើកម្ពុជា។


ដោយថ្មីៗនេះឧកញ៉ា ណូ សុភា ភរិយាអគ្គនាយកក្រុមហ៊ុន Böttcher AG និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានបរិច្ចាគថវិកាប្រមាណ ១០០ ០០០ អឺរ៉ូ ស្មើនឹង ១២០ ០០០ដុល្លារ ជួយដល់មណ្ឌលកុមារកំព្រាមែកឈើកម្ពុជា។
កាលពីថ្ងៃ ១៧ ខែតុលា ឆ្នាំ ២០២៦ ភរិយាអគ្គនាយកក្រុមហ៊ុន Böttcher AG បានបង្ហាញឲ្យដឹងថា ឧកញ៉ា បានទទួលសំបុត្រថ្លែងអំណរគុណពី លោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ដែលលោកស្រី និងស្វាមី បានបរិច្ចាគថវិកា ១០ម៉ឺនអឺរ៉ូ ជួយដល់មណ្ឌលកុមារកំព្រាមែកឈើ។ ឧកញ៉ា បានបន្ថែមថា នេះជាថវិកាសម្រាប់ជួយកុមារកំព្រាជាង ២០០ នាក់ ជារៀងរាល់ឆ្នាំ រួមទាំងការឧបត្ថម្ភសម្រាប់អាហារ ទឹកដោះគោ ការព្យាបាល ដែលក្មេងៗមានតម្រូវការ។
សកម្មភាពជួយដល់សង្គម និងមនុស្សជាតិរបស់លោកស្រី សុភា បុត្រឈរ ទទួលបានការសរសើរពីសំណាក់មហាជនទាំងក្នុង និងក្រៅស្រុក។ មិនតែប៉ុណ្ណោះភាពសប្បុរសរបស់អគ្គនាយិកាក្រុមហ៊ុន Böttcher AG និងលោក Udo Böttcher ពិតជាអស្ចារ្យណាស់។
ឧកញ៉ា ណូ សុភា មានស្វាមីជាសេដ្ឋីអាល្លឺម៉ង់ លោក Udo Böttcher ដោយអ្នកទាំង ២ ជាគូដែលមានចិត្តសប្បុរស ដោយជួយដល់សង្គមខ្មែរច្រើនខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះក្រុមហ៊ុនរបស់ឧកញ៉ា ណូ សុភា និងUdo Böttcher តែងជួយដល់អង្គការជាច្រើនក្នុងពិភពលោក៕


អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher






