សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំសមាជិកចូលរួមការតាំងបង្ហាញអង្ករ និងផលិតផលកែច្នៃពីអង្ករខ្មែរ ក្នុងពិព័រណ៍លំដាប់ពិភពលោក នៅបារាំង

ឧកញ៉ា​បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ដឹកនាំ​សមាជិក​ដែល​ជា​ក្រុមហ៊ុន​នាំចេញ​របស់​សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមតាំងបង្ហាញអង្ករ និង​ផលិតផល​កែច្នៃ​ពី​អង្ករ​របស់​កម្ពុជា នៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។

តាមដានជាមួយយើង៖ Million Times

សម្រាប់ឆ្នាំ២០២៦ នេះ គឺជាការចូលរួមលើកទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់​ពី​ការ​ចូលរួម​លើកទី១ នៅឆ្នាំ២០១៤ និងលើកទី២ នៅឆ្នាំ២០២៤។ ពិព័រណ៍ SIAL Paris គឺជា​វេទិកា​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​សំខាន់ សម្រាប់ឧស្សាហកម្មម្ហូបអាហារពិភពលោក ដែលប្រមូលផ្តុំអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកទិញ និងអ្នកជំនាញមកពីបណ្តាប្រទេសនានា ដើម្បីបង្ហាញផលិតផល ចែករំលែកបទពិសោធន៍ ស្វែង​យល់​ពី​និន្នាការ​ទីផ្សារ និង​បង្កើត​ឱកាស​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ថ្មីៗ។

ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ គឺជា​ឱកាស​ដ៏​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​ផ្សព្វផ្សាយ​គុណភាព និង​សក្ដានុពល​អង្ករ​កម្ពុជា ព្រមទាំង​បង្កើន​ភាព​ទាក់ទាញ​របស់​អង្ករ​កម្ពុជា​នៅលើទីផ្សារអន្តរជាតិ។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ពន្លាជាតិសហព័ន្ធស្រូវអង្ករកម្ពុជានៅពិព័រណ៍ SIAL Paris 2026 បាន​ទទួល​បាន​កិត្តិយស​សម្ពោធ​ជា​ផ្លូវការ ក្រោម​អធិបតីភាព​លោក សំហេង បូរ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុក​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋ​បារាំង ព្រមទាំង​តំណាងសហគ្រិនខ្មែរ និងភ្ញៀវអន្តរជាតិជាច្រើនរូបទៀត។

ការអញ្ជើញចូលរួមទស្សនានេះ បង្ហាញពីការយកចិត្តទុកដាក់ និង​ការ​គាំទ្រ​ចំពោះ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ព្រម​ទាំង​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ និង​ក្រុមហ៊ុន​សមាជិក​ក្នុង​ការ​ជំរុញ​ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។


ការចូលរួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនសមាជិកក្នុងពិព័រណ៍នេះ ទទួល​បាន​ការ​គាំទ្រពី ក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ការ​គាំទ្រ​នេះ​រួម​ចំណែក​ជួយ​សម្រួល​ដល់​​ការ​ផ្សព្វផ្សាយ​ផលិតផលអង្ករកម្ពុជា និង​បង្កើត​ឱកាស​សម្រាប់​ក្រុមហ៊ុន​នាំ​ចេញ​ក្នុង​ការ​ស្វែងរក​ដៃ​គូ​ពាណិជ្ជកម្ម​ថ្មីៗ ពង្រឹងទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ និង​ស្វែងយល់​ពី​តម្រូវការ​ទីផ្សារ​នៅ​តំបន់អឺរ៉ុប និងទីផ្សារផ្សេងៗទៀត។
ក្រុមហ៊ុននាំចេញអង្ករទាំង ១២ ដែលបានចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ រួមមាន៖


១. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត (D-017)
២. ក្រុមហ៊ុន អៀង ហ៊ាង អុីមផត អិចផត ខូអិលធីឌី (D-015)
៣. ក្រុមហ៊ុន ឥណ្ឌូ ឆាយណា រ៉ាយស៍ មីល លីមីធីត (D-013)
៤. ក្រុមហ៊ុន វង្ស ប៊ុនហេង អុីមផត អិចផត (D-011)
៥. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី (D-009)
៦. ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (D-007)
៧. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) (C-008)
៨. ក្រុមហ៊ុន ហ្វេត រ៉ាយស៍ បាត់ដំបង អិលធីឌី (C-010)
៩. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន (C-012)
១០. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (C-014)
១១. ក្រុមហ៊ុន ប៊ីអអិម អាហ្រោ (C-016)
១២. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) (C-020)


ការចូលរួមរបស់ក្រុមហ៊ុននាំចេញទាំង ១២ នេះ មិនត្រឹមតែជាការបង្ហាញពីភាពសម្បូរបែប និង​គុណភាព​នៃ​ផលិតផលអង្ករកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាព និង​ការ​ត្រៀមខ្លួន​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ការ​ប្រកួតប្រជែង​លើ​ទី​ផ្សារ​អន្តរជាតិ។ តាមរយៈ​វេទិកា​នេះ ក្រុមហ៊ុន​សមាជិក​មាន​ឱកាស​បង្ហាញ​សក្ដានុពល​ផលិតផល​របស់​ខ្លួន បង្កើន​ការ​ទទួល​ស្គាល់​ម៉ាក​យីហោ និង​ស្វែងរក​លទ្ធភាព​ពង្រីក​ទីផ្សារ​នាំចេញ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

កម្មវិធី Salon International de l’Alimentation (SIAL) Paris ចាប់ពី​ថ្ងៃ ១៧ ដល់​ថ្ងៃ ២១ ខែ​តុលា ឆ្នាំ ២០២៦។ ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា និង​ក្រុមហ៊ុន​សមាជិក ស្ថិត​នៅ​ស្តង់ C006 អាគារ​លេខ ៨ (Hall 8 ) ដែល​ជា​ទី​តាំង សម្រាប់​ទទួល​ភ្ញៀវ អ្នកទិញ និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​ស្វែង​យល់​ពី​ផលិតផល​អង្ករ​កម្ពុជា និងពិភាក្សាអំពីឱកាសសហប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត៕

អត្ថបទ៖ ឆដា, រូបភាព៖ Cambodia Rice Federation