ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តសម្រាប់ប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា ដោយផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាទូទៅ មិនកំណត់ត្រឹមតែកម្មករ និងនិយោជិតរបស់ក្រុមហ៊ុនឡើយ។

គម្រោងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ជាមួយគណៈប្រតិភូក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា និងបានជម្រាបអំពីផែនការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងវិស័យឧស្សាហកម្មយានយន្ត។ មជ្ឈមណ្ឌលនេះ នឹងផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្តសម្រាប់អ្នកចូលរួមទូទៅនៅកម្ពុជា។

តាមការបញ្ជាក់របស់ក្រុមហ៊ុន នៅចុងឆ្នាំ២០២៦ ក្រុមហ៊ុននឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្ត ដោយសហការជាមួយវិទ្យាស្ថានបច្ចេកទេស JVC។

ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ Toyota Tsusho Manufacturing (Cambodia) Co., Ltd. និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្តនៅកម្ពុជា។

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានចាត់ទុកគម្រោងនេះថា ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋចំនួន ១,៥លាននាក់ ក្នុងនីតិកាលទី៧។

ក្រៅពីការបណ្តុះបណ្តាលជំនាញ អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការបន្តលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា។ ការពិភាក្សាបានផ្តោតជាពិសេសលើការកែសម្រួលគោលនយោបាយលើកទឹកចិត្ត និងការជំរុញឱ្យមានការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ផលិតគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ដល់គម្រោងដំឡើងរថយន្តនៅកម្ពុជា។

ជំនួបនេះបានបង្ហាញពីការបន្តសហការរវាងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងវិស័យឧស្សាហកម្មយានយន្ត ការអភិវឌ្ឍជំនាញបច្ចេកទេស និងការបង្កើនការចូលរួមរបស់ធនធានក្នុងស្រុកក្នុងខ្សែសង្វាក់ផលិតកម្មយានយន្តនៅកម្ពុជា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times