ការនាំចេញគ្រឿងបង្គុំរថយន្ត និងគ្រឿងអេឡិចត្រូនិករបស់កម្ពុជា កើនឡើងជាង ៥៥% ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៥ ពាន់លានដុល្លារ

ក្នុង​រយៈពេល ៩ ខែ​ នៃ​ឆ្នាំ២០២៦ ការនាំចេញគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត ព្រម​ទាំង​ផលិតផល​អេឡិចត្រូនិករបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណ ៣,៥១ ពាន់លានដុល្លារ ដែល​នេះ​កើនឡើង ៥៥,១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមដានជាមួយយើង៖ Million Times

កំណើននេះ បានបង្ហាញពីសន្ទុះនៃការនាំចេញផលិតផលឧស្សាហកម្ម និង​ឱកាស​របស់​កម្ពុជា​ក្នុង​ការ​ពង្រីក​តួនាទី​ជា​មូលដ្ឋាន​ផលិតគ្រឿងបង្គុំរថយន្តសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

យោងតាមទិន្នន័យផ្តល់ដោយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុង​ចំណោម​ផលិតផល​សំខាន់​ៗ​ទាំង​នេះ សំបក​កង់​រថយន្ត​រក​ចំណូល​បាន​ច្រើន​ជាងគេ គឺ​ប្រមាណ ១,៧២ ពាន់លានដុល្លារ កើន​ឡើង ៧៧,៤៦% ហើយ​បន្ទាប់​មក គឺ​គ្រឿង​អេឡិចត្រូនិក និង​ភាគ​បំណែក រក​ចំណូល​បាន​ប្រមាណ ៩១១ លានដុល្លារ កើនឡើង ៣៨,២០%, ខ្សែភ្លើង និង​គ្រឿង​បង្គំ​ខ្សែភ្លើង ៥៨៣ លានដុល្លារ កើន​ឡើង ៣៧,៧៩% និង​គ្រឿង​បន្លាស់​រថយន្ត ២៩៣ លានដុល្លារ កើនឡើង ៣៩,៧៥%។

តួលេខទាំងនេះបង្ហាញថា ផលិតផលឧស្សាហកម្មដែលពាក់ព័ន្ធនឹងរថយន្ត និងអេឡិចត្រូនិក កំពុង​មាន​តួនាទី​កាន់តែ​សំខាន់​ក្នុង​ជន្ទុល​សេដ្ឋកិច្ច​របស់​កម្ពុជា។ ជាពិសេស​កំណើន​នៃ​ការ​នាំចេញ​សំបក​កង់​រថយន្ត​បង្ហាញពី​សក្តានុពលនៃផលិតកម្មក្នុងស្រុក ខណៈ​ការ​នាំ​ចេញ​ខ្សែភ្លើង គ្រឿង​បង្គុំ និង​គ្រឿង​អេឡិចត្រូនិក ក៏​បង្ហាញ​ពី​ឱកាស​ក្នុង​ការ​ពង្រីក​ការ​ផលិត ផលិតផល​ដែល​អាច​ចូលរួម​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ឧស្សាហកម្មអន្តរជាតិផងដែរ។

ថ្លែងក្នុងពិធីសម្ពោធរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឹរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មរថយន្តម៉ាក GAC នៅខេត្តកំពង់ឆ្នាំង កាលពី​ខែ​កញ្ញា ឆ្នាំ ២០២៦ កន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា​មិន​គួរផ្តោតតែលើការផ្គុំ និងដំឡើងរថយន្តទាំងមូលនោះទេ ប៉ុន្តែគួរជំរុញការផលិតគ្រឿងបង្គុំ និង​គ្រឿងបន្លាស់ ដើម្បីក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មរថយន្តក្នុងតំបន់។
សម្ដេច​បាន​បញ្ជាក់​ថា ទោះបីកម្ពុជាអាចនៅមានកម្រិតក្នុងការផ្គុំរថយន្តទាំងមូល បើ​ប្រៀបធៀប​នឹងប្រទេសមួយចំនួនក្នុងតំបន់ក៏ដោយ ក៏កម្ពុជាមានសក្តានុពលក្នុងការផលិតគ្រឿងបង្គុំ និង​គ្រឿង​បន្លាស់ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផ្គុំរថយន្តទាំងក្នុងស្រុក និងក្នុងតំបន់។

សម្តេចបានគូសបញ្ជាក់ថា រថយន្តមួយគ្រឿងត្រូវការគ្រឿងបង្គុំជាច្រើនប្រភេទ ហើយ​ផលិតផល​ទាំងនេះ​ក៏​មាន​តម្រូវ​ការ​ទីផ្សារ​ផង​ដែរ។ ដូច្នេះ ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចូលរួម​ផលិត​គ្រឿង​បង្គុំ និង​គ្រឿងបន្លាស់ អាច​ជួយ​បង្កើត​ការងារ អភិវឌ្ឍន៍​ជំនាញ​កម្លាំង​ពលកម្ម និង​បង្កើន​តម្លៃ​បន្ថែម​ក្នុង​សេដ្ឋកិច្ច​ជាតិ។ សម្តេចបវរធិបតី បានចាត់ទុកការផលិតគ្រឿងបង្គុំរថយន្តសម្រាប់ទីផ្សារតំបន់ ជាគោលដៅដ៏សំខាន់មួយរបស់កម្ពុជា ដោយ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​រហូត​ដល់​កម្ពុជា​អាច​ផលិត​រថយន្ត​ទាំងមូល សម្រាប់​នាំ​ចេញ​នោះ​ឡើយ។ ផ្ទុយ​ទៅវិញ កម្ពុជា​អាច​ចាប់ផ្ដើម​ពី​ការ​ផលិត​គ្រឿង​បន្លាស់​ជាក់លាក់ ដូចជា កង់​រថយន្ត ចង្កូតរថយន្ត និង​គ្រឿងបង្គុំ​ផ្សេង​ៗ ហើយ​ពង្រីក​ការ​ផ្គត់ផ្គង់​ទៅកាន់​រោងចក្រ​នៅ​ក្នុង​តំបន់។

នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គូស​បញ្ជាក់​ទៀត​ថា គោលដៅ​របស់​កម្ពុជា​គឺ​ត្រូវ​ធ្វើឲ្យ​ប្រទេស​ក្លាយ​ជា​ផ្នែក​មួយ នៃ​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​តំបន់។ បច្ចុប្បន្ន រោងចក្រ​ផ្គុំ​រថយន្ត​នៅ​កម្ពុជា នៅ​តែ​ពឹងផ្អែក​យ៉ាង​ច្រើន​លើការ​នាំចូលគ្រឿងបង្គុំពីក្រៅប្រទេស ដើម្បីយកមកផ្គុំជារថយន្តសម្រេច។ ដូច្នេះ ដំណាក់កាលបន្ទាប់ គឺត្រូវបង្កើនការផលិតគ្រឿងបង្គុំក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​ផ្គុំ​រថយន្ត​នៅ​កម្ពុជា ហើយ​នៅពេលសមត្ថភាពផលិតកាន់តែរឹងមាំ ត្រូវ​ឈាន​ទៅ​នាំ​ចេញ​គ្រឿង​បង្គុំ​ទៅកាន់​រោងចក្រ​នៅ​ក្រៅ​ប្រទេស៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត