យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមថ្ងៃ ១៩ ខែតុលា ឆ្នាំ ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ជាង ១លាន តោនហើយ។

នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។ ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ បានហក់ឡើងដល់ ១ ០១៤ ៤៤២ តោន។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេររៀបរាប់កាលពីរាត្រីថ្ងៃ ១៩ ខែតុលា ឆ្នាំ ២០២៦ ថា៖ «ដំណឹងដ៏គួរជាទីមោទនៈសម្រាប់កម្ពុជា! យើងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករជាស្ថាពរហើយនៅក្នុងថ្ងៃនេះ។ នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។ សូមចូលរួមអបអរសាទរទាំងអស់គ្នា»។

ចាប់តាំងពីឆ្នាំ ២០១៥ មកទិន្នន័យរបស់ក្រសួងកសិកម្ម បង្ហាញពីការនាំចេញអង្ករទៅទីផ្សារអន្តរជាតិដែលសម្រេចបានក្នុងនោះ៖
ឆ្នាំ ២០១៥ ចំនួន ៥៣៨ ពាន់តោន
ឆ្នាំ ២០១៦ ចំនួន ៥៤២ ពាន់តោន
ឆ្នាំ ២០១៧ ចំនួន ៦៣៦ ពាន់តោន
ឆ្នាំ ២០១៨ ចំនួន ៦២៦ ពាន់តោន
ឆ្នាំ ២០១៩ ចំនួន ៦២០ ពាន់តោន
ឆ្នាំ ២០២០ ចំនួន ៦៩១ ពាន់តោន
ឆ្នាំ ២០២១ ចំនួន ៦១៧ ពាន់តោន
ឆ្នាំ ២០២២ ចំនួន ៦៣៧ ពាន់តោន
ឆ្នាំ ២០២៣ ចំនួន ៦៥៦ ពាន់តោន
ឆ្នាំ ២០២៤ ចំនួន ៦៤៦ ពាន់តោន
ឆ្នាំ ២០២៥ ចំនួន ៩៤០ ពាន់តោន
ក្រោយចំណាយពេលអស់ ១៥ ឆ្នាំ ដាក់ចេញគោលដៅចង់ឃើញកម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិបាន ១ លានតោនក្នុង ១ឆ្នាំ ពេលនេះត្រូវបានលេចចេញជាផ្លូវការហើយ ទីបំផុតកម្ពុជាសម្រេចជោគជ័យក្នុងការនាំចេញអង្ករបាន ១លានតោននៅក្នុងឆ្នាំ ២០២៦៕
អត្ថបទ៖ ឆដា, រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា






