កម្ពុជាស្រូបទាញទុន ៤៧០ លានដុល្លារ ពីគម្រោងវិនិយោគ ៣៦ ក្នុងខែកញ្ញា

ភ្នំពេញ៖ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៦គម្រោង ក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយមានទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ ១៧ពាន់កន្លែង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានចុះបញ្ជីគម្រោងចំនួន ២៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤៣៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារប្រមាណ ១១ពាន់កន្លែង។

ដោយឡែក អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានចុះបញ្ជីគម្រោងចំនួន ១៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣៥លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារប្រមាណ ៦ពាន់កន្លែង។

របាយការណ៍បានកត់សម្គាល់ថា សកម្មភាពវិនិយោគនៅកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ នៅតែបន្តផ្តោតសំខាន់លើវិស័យឧស្សាហកម្ម ខណៈវិស័យកសិកម្ម និងកសិឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ មាននិន្នាការកើនឡើង។

និន្នាការនេះបង្ហាញពីការបន្តធ្វើពិពិធកម្មសកម្មភាពវិនិយោគនៅកម្ពុជា និងការជឿទុកចិត្តរបស់វិនិយោគិនលើបរិស្ថានវិនិយោគរបស់ប្រទេស៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times