អ៊ីស្តង់ប៊ុល៖ កម្ពុជា និងតួកគីយ៉េ បានប្តេជ្ញាបន្តពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង ដោយផ្តោតលើវិស័យសំខាន់ៗចាប់ពីនយោបាយ សន្តិសុខ និងការពារជាតិ រហូតដល់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងការតភ្ជាប់តាមជើងហោះហើរត្រង់។
ការប្តេជ្ញានេះត្រូវបានបង្ហាញក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងឱកាសសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគីយ៉េ។
ក្នុងឱកាសនោះ ប្រធានាធិបតីតួកគីយ៉េបានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពភាតរភាពជូនចំពោះសម្តេចធិបតី និងគណៈប្រតិភូកម្ពុជា។ ឯកឧត្តម Recep Tayyip Erdoğan ក៏បានសម្តែងក្តីរីករាយចំពោះជំនួបជាមួយសម្តេចធិបតី ដោយចាត់ទុកជំនួបនេះថា ជាការឆ្លុះបញ្ចាំង និងបើកទំព័រថ្មីបន្ថែមទៀតនៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបានកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់តួកគីយ៉េ ព្រមទាំងតួនាទីដ៏សំខាន់របស់ប្រទេសនេះក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
សម្តេចធិបតីបានបង្ហាញជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចការងារនាពេលនេះ នឹងផ្តល់សន្ទុះថ្មីដល់ចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងតួកគីយ៉េ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងគ្របដណ្តប់លើវិស័យកាន់តែច្រើន បន្ទាប់ពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីប្រាំបីឆ្នាំមុន។
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយ អំពីវិធីពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
កិច្ចពិភាក្សាផ្តោតលើវិស័យសំខាន់ៗ រួមមាន នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម ការវិនិយោគ និងការពង្រឹងភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តាមរយៈទីភ្នាក់ងារ TIKA។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្តោតលើការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈការជំរុញវិស័យទេសចរណ៍ អប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ។
ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សាក្នុងក្របខ័ណ្ឌអន្តរជាតិ ដោយផ្តោតលើការលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព ការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នានាដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្រោយបញ្ចប់កិច្ចពិភាក្សាទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Recep Tayyip Erdoğan ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធា រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីកិច្ចការទូត និងកិច្ចសហប្រតិបត្តិការរដ្ឋាភិបាល វិស័យធុរកិច្ចក៏ត្រូវបានដាក់ជាចំណុចសំខាន់ក្នុងការជំរុញទំនាក់ទំនងកម្ពុជា-តួកគីយ៉េផងដែរ។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអមដំណើរសម្តេចធិបតីបំពេញទស្សនកិច្ចការងារនៅតួកគីយ៉េ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមវេទិកាធុរកិច្ចតួកគីយ៉េ-កម្ពុជា នៅទីក្រុងអ៊ីស្តង់ប៊ុល។
វេទិកានេះត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសនៃតួកគីយ៉េ (DEİK) ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មតួកគីយ៉េ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតួកគីយ៉េ តំណាងស្ថាប័នរដ្ឋាភិបាល និងធុរជននៃប្រទេសទាំងពីរ។
វេទិកាធុរកិច្ចនេះមានគោលបំណងបង្កើនការយល់ដឹងអំពីសក្តានុពលរបស់ប្រទេសទាំងពីរ ស្វែងរកកាលានុវត្តភាពវិនិយោគ និងពង្រឹងទំនាក់ទំនងធុរកិច្ចឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។
ថ្លែងក្នុងវេទិកា អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីមិត្តភាព និងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងតួកគីយ៉េ តាមរយៈទំនាក់ទំនងការទូត ពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ជើងហោះហើរត្រង់។
អ្នកឧកញ៉ាបានលើកយកវិស័យសក្តានុពលចំនួនបី ដើម្បីជំរុញឱ្យធុរជន និងវិនិយោគិនតួកគីយ៉េ ពិចារណាចូលមកបណ្តាក់ទុននៅកម្ពុជា។
វិស័យទីមួយ គឺការបង្កើតរោងចក្រកែច្នៃកសិផលសម្រាប់ការនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ី។ វិស័យទីពីរ គឺការជំរុញឱ្យឧស្សាហកម្មតួកគីយ៉េ ដែលមានបំណងធ្វើពិពិធកម្មបណ្តាញផ្គត់ផ្គង់សកលក្នុងតំបន់អាស៊ី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ចំណែកវិស័យទីបី គឺការប្រើប្រាស់បណ្តាញភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដើម្បីបើកច្រករបៀងថ្មីៗប្រកបដោយប្រសិទ្ធភាព ក្នុងការតភ្ជាប់មជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ទៅកាន់ច្រករបៀងពាណិជ្ជកម្មអឺរ៉ាស៊ី។
ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើឱ្យសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ជួយជំរុញរដ្ឋាភិបាលទាំងពីរ ឱ្យបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងតួកគីយ៉េ។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រដល់ធុរជនតួកគីយ៉េ ក្នុងការធ្វើធុរកិច្ច និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ក្នុងអំឡុងវេទិកាធុរកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសនៃតួកគីយ៉េ (DEİK) ដើម្បីរួមចំណែកជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
អនុស្សរណៈយោគយល់នេះបានកំណត់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ រួមមានការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួម ការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រដល់ធុរជននៃប្រទេសទាំងពីរ។
វេទិកាធុរកិច្ចបានបញ្ចប់ដោយជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជា និងតួកគីយ៉េ ដែលអនុញ្ញាតឱ្យវិស័យឯកជននៃប្រទេសទាំងពីរជួបប្រាស្រ័យទាក់ទង ស្វែងរកដៃគូ និងពិភាក្សាអំពីកាលានុវត្តភាពសហប្រតិបត្តិការថ្មីៗ។
ការជួបពិភាក្សាកម្រិតថ្នាក់ដឹកនាំ និងវេទិកាធុរកិច្ចនេះ បានបង្ហាញពីសន្ទុះថ្មីក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-តួកគីយ៉េ ដោយផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការពីវិស័យនយោបាយ និងសន្តិសុខ ទៅកាន់ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ និងការចូលរួមរបស់វិស័យឯកជន ដើម្បីបង្កើតកាលានុវត្តភាពសេដ្ឋកិច្ចកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ៕
អត្ថបទ៖ ប៊ី












