ភ្នំពេញ៖ គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់តំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណបកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងឈានចូលដំណាក់កាលសាងសង់ បន្ទាប់ពីកិច្ចសន្យាសាងសង់ និងកិច្ចសន្យាត្រួតពិនិត្យគម្រោង ត្រូវបានចុះហត្ថលេខាជាផ្លូវការ។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឧកញ៉ា ឆាល វ៉ាន់ អគ្គនាយករងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចសន្យានេះត្រូវបានចុះរវាងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានគម្រោង ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក តំណាងដោយលោកឧកញ៉ា ឃុន សេងផេង ជាមួយក្រុមហ៊ុនសាងសង់ Zhejiang Huan Xin Traffic Engineering Co., Ltd. តំណាងដោយលោក ជូ ឆាងហ្គិន (Zhu Changgen) អគ្គនាយកក្រុមហ៊ុន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Zhejiang Institute of Communications Co., Ltd. សហការជាមួយក្រុមហ៊ុន Mekong PWT Engineering Co., Ltd. ដែលជាក្រុមហ៊ុនក្នុងស្រុក តំណាងដោយលោក Guo Rui។
ថ្លែងក្នុងពិធី ឯកឧត្តម ប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសរបស់ក្រសួង ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធ ដែលបានរួមគ្នាជំរុញការសិក្សា និងរៀបចំគម្រោងរហូតឈានដល់ការចុះហត្ថលេខានាពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកគម្រោងនេះថា ជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ និងពង្រឹងការតភ្ជាប់ផ្លូវ-ស្ពានប្រទាក់ក្រឡា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានស្នើដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ឱ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព គុណភាពសំណង់ និងការអនុវត្តការងារប្រកបដោយឯករាជ្យ និងសុចរិតភាព។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុនពាក់ព័ន្ធចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់វិស្វករកម្ពុជា ដើម្បីរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសំណង់ និងធានាភាពជោគជ័យនៃគម្រោង។
គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ត្រូវបានរំពឹងថា នឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងការតភ្ជាប់រវាងភាគខាងកើត និងភាគខាងលិចនៃរាជធានីភ្នំពេញ តាមរយៈការបង្កើតផ្លូវតភ្ជាប់ថ្មីរវាងក្រុងអរិយក្សត្រ និងរាជធានីភ្នំពេញ។
ជាពិសេស ស្ពាននេះនឹងជួយកាត់បន្ថយសម្ពាធចរាចរណ៍នៅក្នុងទីក្រុង និងបន្ធូរបន្ថយការកកស្ទះនៅលើស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាច្រកតភ្ជាប់ដ៏សំខាន់មួយរវាងតំបន់នានានៃរាជធានីភ្នំពេញ។
លើសពីនេះ គម្រោងនេះក៏ត្រូវបានរំពឹងថា នឹងជំរុញការពង្រីកការអភិវឌ្ឍនៅតំបន់ភាគខាងកើតរាជធានីភ្នំពេញ និងក្នុងខេត្តកណ្ដាល ព្រមទាំងបង្កើនឱកាសសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនេះ។
ការឈានចូលដំណាក់កាលសាងសង់នៃគម្រោងស្ពានមេគង្គឃី-កោះនរា ត្រូវបានគេរំពឹងថា នឹងក្លាយជាផ្នែកមួយនៃការពង្រឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅតំបន់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការធ្វើដំណើរ ការដឹកជញ្ជូន និងការអភិវឌ្ឍទីក្រុង៕
អត្ថបទ៖ ប៊ី











