ប្លង់ថតរូបស្អាតប្រៀបដូចឋានសួគ៌នៅស្រះស្រង់ គូស្នេហ៍ជាច្រើនសម្រុកថត Pre-wedding ហើយ CEO វ័យក្មេងរូបនេះក៏ទៅដែរ

រូបថត Pre-wedding របស់ CEO វ័យក្មេង គួច វរ្ម័ន និង​អ្នកនាង ឈុនប៊ុនថា អេលីហ្សា លើ​ទឹកដី​អង្គរ​ខេត្ត​សៀមរាប ក្នុង​ឈុត​ប្រពៃណី​ខ្មែរ ត្រូវ​បាន​ផ្ទុះ​កក្រើក ដោយសារ​តែ​ប្លង់​១​នៅ​ស្រះស្រង់ ប្រៀប​ដូច​នៅ​លើ​ឋាន​សួគ៌ពិតៗ។

តាមដានជាមួយយើង៖ Million Times

ពោល​គឺ​ស្នេហ៍​អភិជន​ទាំង​២ បាន​ជ្រើសរើស​ថត​នៅ​ពេល​វេលា​ល្អ គ្មាន​ខ្យល់ គ្មាន​ភ្លៀង និង​មេឃ​បើក​ថ្ងៃ​ស្រឡះ​ល្អ ធ្វើឲ្យ​ពពក​លើ​មេឃ​ចាំង​ឆ្លុះ​ជាមួយ​ទឹក​ថ្លា​ដូច​កញ្ចក់​នៅ​ស្រះស្រង់​មាន​សភាព​ស្ងប់​ ដូច​កំពុងនៅលើ​ឋានសួគ៌ ហើយ​ពពក​នៅ​ខាង​ក្រោម អម​ដោយ​កន្លែង​ឈរ​ទៀតសោត​នោះ គឺ​មាន​ចម្លាក់​បង្កាន់​ដៃ​នាគ​បុរាណ មើល​យ៉ាង​ណា​ក៏​មិន​ជិនណាយ។

ក្រោយ​វីដេអូ និង​រូបភាព​បង្ហោះ​លើ​បណ្ដាញ​សង្គម​ប្រមាណ ១ សប្ដាហ៍​មក​នេះ ភ្ញៀវ​ទេសចរ​ពិតជា​ចាប់​អារម្មណ៍ និង​នាំគ្នា​ទៅ​លេង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នោះ និង​បង្កើត​បាន​ជា trend ថ្មី​លើ​ទឹកដី​ដូនតា​ខ្មែរ។

រូបភាព Pre-wedding ដ៏​ស្រស់​ស្អាត​របស់​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd និង​ភរិយា គឺ​អ្នកនាង ឈុនប៊ុនថា អេលីហ្សា ម្ចាស់​ហាង Nori PP និង Savoir Cafe SG ធ្វើឲ្យគូស្នេហ៍ជាច្រើន បានសម្រុកទៅថតតាមដែរ។ នេះជា​ការ​រួម​ចំណែក​ទាក់ទាញ​ដល់​ភ្ញៀវ ​លេង​នៅ​ខេត្ត​សៀមរាប ហើយ​ក៏​បាន​ជួល​ផ្នែក​សម្លៀកបំពាក់​បុរាណ​ស្លៀកពាក់ ជួយ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​ផង​ដែរ។

គួរ​បញ្ជាក់​ថា គូ​ស្វាមី​ភរិយា​ដ៏​ល្បី បាន​រៀប​មង្គលការ​យ៉ាង​ស្ងប់ស្ងាត់​លើ​ទឹកដី​នៃ ប្រទេស​អ៊ីតាលី​ម្ដង​រួច​មក​ហើយ ដោយ​មាន​តែ​សាច់ញាតិ និង​មនុស្ស​ជិតស្និទ្ធ​ចូលរួម​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia និង សយ សំអាងការ