
តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៩ ដែលកំពុងដំណើរការនៅកម្ពុជា បានស្រូបទាញគម្រោងវិនិយោគសរុបចំនួន ១.១៤៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១៥ (ពាន់) ប៊ីលានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជិត ២៧ម៉ឺនកន្លែង។ តំបន់សេដ្ឋកិច្ចពិសេសទាំងនេះក៏កំពុងដើរតួនាទីសំខាន់ក្នុងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងជំរុញការទាក់ទាញវិនិយោគនៅកម្ពុជា។
តួលេខនេះត្រូវបានបង្ហាញក្នុងឱកាសដែលឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូចុះបំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អ៊ិនធើណេសិនណល ក្នុងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ និងប្រតិបត្តិការនៅក្នុងតំបន់ទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងពីសាវតានៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលជាលទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមនេះបានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែធំល្វឹងល្វើយឱ្យទៅជាតំបន់ឧស្សាហកម្ម ដែលបាននិងកំពុងទាក់ទាញគម្រោងវិនិយោគថ្មីៗ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសមានតួនាទីសំខាន់ក្នុងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មរបស់កម្ពុជា ដោយជំរុញការផ្លាស់ប្តូរពីឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជាឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី បានរំលឹកឡើងវិញនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនខិតខំផលិត និងកែច្នៃផលិតផលនៅក្នុងស្រុក មុននឹងនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីបង្កើនតម្លៃបន្ថែម និងកាត់បន្ថយហានិភ័យដែលអាចកើតមានពីភាពមិនប្រាកដប្រជានៃការនាំចេញទៅក្រៅប្រទេស។
ទន្ទឹមនេះ ឯកឧត្តមក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការកែច្នៃកសិផលក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម ព្រមទាំងពង្រឹងការតភ្ជាប់រវាងការវិនិយោគបរទេស និងឧស្សាហកម្មក្នុងស្រុក ក្នុងគោលដៅធានាឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកកាន់តែរឹងមាំ និងមានស្ថិរភាព។
ដោយឡែក ក្នុងឱកាសពិនិត្យរោងចក្រផលិតសំបកកង់រថយន្ត ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគលើការផលិត និងកែច្នៃជ័រកៅស៊ូក្នុងស្រុកឱ្យបានជាអតិបរមា និងមានគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបកកង់រថយន្ត ជំនួសឱ្យការនាំចូលជ័រកៅស៊ូពីបរទេស។ ការជំរុញនេះធ្វើឡើងដោយសារកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិត និងកែច្នៃជ័រកៅស៊ូក្នុងស្រុក។
គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន ៣៩តំបន់ ដោយបានស្រូបទាញគម្រោងវិនិយោគសរុបចំនួន ១.១៤៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១៥ប៊ីលានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណជិត ២៧ម៉ឺនកន្លែង៕
អត្ថបទ៖ ប៊ី








