ពិព័រណ៍ «ខ្មែរធ្វើបាន» ផ្តោតលើគុណភាពផលិតផល និងការពង្រីកឱកាសធុរកិច្ចក្នុងស្រុក

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ៖ ពិព័រណ៍ផលិតផលខ្មែរលើកទី២ ក្រោមប្រធានបទ «ខ្មែរធ្វើបាន» បានប្រមូលផ្តុំផលិតផលខ្មែរ និងស្តង់ពិព័រណ៍ជាង ២០០ស្តង់ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រឹងទំនុកចិត្តលើគុណភាពផលិតផលខ្មែរ និងបង្កើតឱកាសពង្រីកទំនាក់ទំនងធុរកិច្ចក្នុងចំណោមអាជីវកម្មក្នុងស្រុក។

ក្នុងឱកាសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមដាក់ស្តង់បង្ហាញផលិតផល និងសេវាកម្មផ្សេងៗរបស់ធនាគារ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងភ្ញៀវកិត្តិយសជាច្រើនរូប។

ធនាគារ ARDB ជាធនាគាររដ្ឋ និងជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយជាតិ ជាពិសេសការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងជនបទ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ប្រធានបទ «ខ្មែរធ្វើបាន» មានគោលបំណងប្រមូលផ្តុំកម្លាំង និងពង្រឹងសាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ ដើម្បីគាំទ្រសហគ្រិនក្នុងស្រុក និងរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ។ លោកបានចាត់ទុកពិព័រណ៍នេះជាឱកាសបង្ហាញសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងជាចំណែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គមជាតិ និងពង្រឹងអធិបតេយ្យភាព ព្រមទាំងឯករាជ្យភាពរបស់កម្ពុជា។

ដោយឡែក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ពិព័រណ៍នេះមិនត្រឹមតែបំផុសស្មារតីសាមគ្គីភាពប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមូលផ្តុំការគាំទ្រពីមហាជន ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ព្រមទាំងបង្ហាញពីសមត្ថភាពពិតប្រាកដ និងសក្តានុពលនៃការផលិតរបស់កូនខ្មែរ។

លោកជំទាវបណ្ឌិតបានបញ្ជាក់ថា គោលដៅនៃការរៀបចំពិព័រណ៍នេះមិនមែនផ្តោតតែលើការលក់ផលិតផលក្នុងរយៈពេល៣ថ្ងៃនោះទេ ប៉ុន្តែជាការកសាងទំនុកចិត្តថា ផលិតផលខ្មែរពិតជាមានគុណភាព ហើយអ្នកទិញជ្រើសរើសទិញដោយសារគុណភាព មិនមែនគ្រាន់តែដោយសារជាផលិតផលខ្មែរនោះទេ។

លោកជំទាវបណ្ឌិតបានបន្ថែមថា ពិព័រណ៍នេះក៏ជាការបង្កើតឱកាសឱ្យម្ចាស់អាជីវកម្ម និងអ្នកផ្តល់សេវាកម្មផ្សព្វផ្សាយអាចភ្ជាប់ទំនាក់ទំនងធុរកិច្ចជាមួយគ្នា ពង្រឹងម៉ាកផលិតផល សហការគ្នា ពង្រីកទីផ្សារ គាំទ្រគ្នាទៅវិញទៅមក និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្មក្នុងស្រុក។

ពិព័រណ៍ផលិតផលខ្មែរលើកទី២ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ អគារ G-L។ ពិព័រណ៍នេះធ្វើឡើងបន្ទាប់ពីពិព័រណ៍ផលិតផលខ្មែរលើកទី១ កាលពីឆ្នាំ២០២៥ ទទួលបានការគាំទ្រពីសាធារណជន និងប្រជាពលរដ្ឋខ្មែរជាង ២១ម៉ឺននាក់៕

អត្ថបទ៖ ប៊ី