ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ប.ស.ស. ត្រឹម ៩ខែឆ្នាំ ២០២៦

ត្រឹម​រយៈពេល ៩ ខែ​ នៃឆ្នាំ ២០២៦ នេះ​ ប្រជាពលរដ្ឋ​ជាង ៥៦ ម៉ឺននាក់ ទទួល​បាន​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម ប.ស.ស.។

តាមដានជាមួយយើង៖ Million Times

ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង ៥៦ម៉ឺននាក់ មាន​ស្ត្រី​ជិត ៣០ ម៉ឺននាក់ បាន​ទទួល​អត្ថ​ប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម តាមរយៈ​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ុន មេសា អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ការ​កើន​ឡើង​ចំនួន​សមាជិក ប.ស.ស. គឺជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ទទួល​បាន​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម ដើម្បី​លើក​កម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ ព្រម​ទាំង​កាត់​បន្ថយ​ការ​ចំណាយ​លើ​សេវា​សុខាភិបាល។

លោក ស៊ុន មេសា បាន​បន្ត​ថា ប.ស.ស. បាន​និង​កំពុង​បន្ត​ពង្រឹង​គុណ​ភាព​សេវា និង​ពង្រីក​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវា​ជូន​សមាជិក តាម​រយៈ​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ឲ្យ​សមាជិក​អាច​ទទួល​បាន​ព័ត៌មាន ហើយ​ប្រើប្រាស់​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម​តាម​ប្រព័ន្ធ​អនឡាញ​បាន​កាន់តែ​ងាយស្រួល។

គួរ​បញ្ជាក់​ថា ប.ស.ស.) គឺជា​ប្រតិបត្តិ​ករ​តែ​មួយ​គត់​ដែល​ទទួល​បន្ទុក​អនុវត្ត​របប​សន្តិសុខ​សង្គម​លើ​ផ្នែក​ហានិភ័យ​ការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ប.ស.ស. ក៏​ជា​ស្ថាប័ន​សាធារណៈ​ឈាន​មុខ​មួយ​ក្នុង​ការ​ធ្វើ​ទំនើបកម្មស្ថាប័ន និង​អភិវឌ្ឍន៍​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយ​បាន​ដាក់​ប្រើប្រាស់កម្មវិធីទូរសព្ទដៃ ប.ស.ស. គេហទំព័រ ប.ស.ស. ម៉ាស៊ីន​បញ្ជាក់​អត្តសញ្ញាណ​ស្វ័យប្រវត្តិ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗទៀត ដើម្បីផ្តល់ភាពងាយស្រួល និង​បង្កើន​ទំនុក​ចិត្ត​ជូន​ដល់​សមាជិក ប.ស.ស. និង​សាធារណជន៕

អត្ថបទ៖ ឆដា, រូបភាព៖ Soun Mesa