សៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ហ្វ្រង់កូហ្វូនីមិនមែនគ្រាន់តែជាការចែករំលែកភាសាប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកវប្បធម៌ សាមគ្គីភាព ការសន្ទនា និងការបើកចំហទៅកាន់ពិភពលោក។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការភូមិហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ (Francophonie Village 2026) នៅខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងពិធីនេះ ឯកឧត្តម ហួត ហាក់ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមសម្ព័ន្ធភាពបារាំង (Alliance Française) ឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូធុរកិច្ច សិល្បករ និងភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ៦០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនីនៅខេត្តសៀមរាប បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំ និងជាវេទិកាសម្រាប់ការជួបជុំ ការស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍ ដោយប្រមូលផ្តុំសហគមន៍អ្នកប្រើប្រាស់ភាសាបារាំង ធុរជន សិល្បករ យុវជន និងសាធារណជនទូទៅ ដើម្បីចែករំលែក និងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសនានា។
ឯកឧត្តមបានបន្ថែមថា ព្រឹត្តិការណ៍នេះក៏ស្របតាមគោលដៅរបស់ក្រសួងទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានភាពចម្រុះ បរិយាបន្ន និងចីរភាព តាមរយៈការបង្កើនបទពិសោធន៍ជូនភ្ញៀវទេសចរ លើកកម្ពស់ទេពកោសល្យ និងស្នាដៃក្នុងស្រុក គាំទ្រដល់អាជីវកម្ម និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗជូនសហគមន៍មូលដ្ឋាន។
ជាក់ស្តែង ភូមិហ្វ្រង់កូហ្វូនីឆ្នាំនេះមានស្តង់តាំងបង្ហាញជាង ៥០ស្តង់ ដោយមានការចូលរួមពីប្រទេសវៀតណាម ឡាវ និងប្រទេសផ្សេងៗទៀត ដែលបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងសក្តានុពលទេសចរណ៍របស់ប្រទេសនានា ព្រមទាំងរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិចូលរួមព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនីនៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនសាធារណៈវត្តបុទុមវតី ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។
ព្រឹត្តិការណ៍រយៈពេល ៥ថ្ងៃនេះ នឹងមានកម្មវិធីជាច្រើន រួមមាន សន្និសីទ ការផ្លាស់ប្តូរមតិយោបល់ ការសម្តែងសិល្បៈ និងការស្វែងយល់ពីម្ហូបអាហារ ដើម្បីបង្កើតឱកាសជួបជុំ ផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
គួរជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងជាឱកាសបង្ហាញពីបេតិកភណ្ឌ វប្បធម៌ ភាពរស់រវើកនៃសេដ្ឋកិច្ច សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ដែលត្រូវបានស្គាល់ជាសកលតាមរយៈ «ស្នាមញញឹមខ្មែរ»៕
អត្ថបទ៖ ប៊ី








