
ភ្នំពេញ៖ ការទិញដីទុកចំណេញរយៈពេលវែង (Land Banking) នៅកម្ពុជា នៅតែមានឱកាសសម្រាប់អ្នកវិនិយោគ ប៉ុន្តែយុទ្ធសាស្ត្រវិនិយោគប្រភេទនេះលែងមានលក្ខណៈដូចមុនទៀតហើយ ដោយអ្នកទិញត្រូវផ្តោតលើទីតាំង ហេដ្ឋារចនាសម្ព័ន្ធ តម្រូវការទីផ្សារ និងកំណើនសេដ្ឋកិច្ចជាក់ស្តែង ជាជាងការទិញដីហើយរង់ចាំតម្លៃឡើង។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ការទិញដីទុកចំណេញនៅកម្ពុជា មិនទាន់អស់ឱកាសនោះទេ ប៉ុន្តែឱកាសនៅតែមានសម្រាប់អ្នកដែលចេះជ្រើសរើស និងមានភាពអត់ធ្មត់ក្នុងការវិនិយោគ។
អ្នកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ថា «ជ្រើសត្រូវ = ឱកាស។ ជ្រើសខុស = បន្ទុក»។ អ្នកឧកញ៉ាបណ្ឌិត បន្តថា ការទិញដីទុកចំណេញរយៈពេលវែង លែងជាការទិញដីហើយគេងរង់ចាំតម្លៃឡើងដូចកាលពីមុនទៀតហើយ ប៉ុន្តែទីផ្សារបច្ចុប្បន្នបានផ្លាស់ប្តូរទៅរកការវាយតម្លៃដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធពិតប្រាកដ តម្រូវការជាក់ស្តែង និងកំណើនប្រជាជន ជាជាងការរំពឹងទុកតែមួយមុខ។
សម្រាប់អ្នកដែលមានបំណងទិញដីទុកចំណេញ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានណែនាំឱ្យពិចារណាលើកត្តាសំខាន់ៗមួយចំនួន ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនឱកាសជោគជ័យក្នុងការវិនិយោគ។
កត្តាទី១ គឺការជ្រើសរើសទីតាំងដែលមានផ្លូវចូល និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ ទី២ គឺតំបន់ដែលមានកំណើនប្រជាជន ឬមានសកម្មភាពសេដ្ឋកិច្ចជាក់ស្តែង។ ទី៣ គឺការធានាថាដីមានប្លង់រឹង និងឯកសារផ្លូវច្បាប់ច្បាស់លាស់។
ក្រៅពីនេះ អ្នកវិនិយោគគួរពិនិត្យតម្លៃដីឱ្យសមរម្យ និងមានលទ្ធភាពរង់ចាំរយៈពេលពី ៣ ទៅ ៧ ឆ្នាំ ឬយូរជាងនេះ ដើម្បីទទួលបានឱកាសចំណេញពីការកើនឡើងនៃតម្លៃដី។ ជាមួយគ្នានេះ ការរៀបចំផែនការហិរញ្ញវត្ថុក៏ជាកត្តាចាំបាច់ ដោយមិនគួរដាក់ទុនទាំងអស់ទៅលើការទិញដីតែមួយមុខ ឬប្រើប្រាស់ប្រាក់កម្ចីច្រើនហួសប្រមាណនោះទេ។
ការលើកឡើងនេះបង្ហាញថា ការវិនិយោគដីធ្លីដើម្បីទទួលបានផលចំណេញក្នុងរយៈពេលវែង ទាមទារឱ្យមានការសិក្សា និងវាយតម្លៃលើសក្តានុពលទីតាំង ព្រមទាំងសមត្ថភាពហិរញ្ញវត្ថុរបស់អ្នកវិនិយោគ មុននឹងសម្រេចចិត្តទិញ៕
អត្ថបទ៖ ប៊ី








