
ភ្នំពេញ៖ កម្ពុជា បានជំរុញឱ្យវិនិយោគិនចិនពិចារណាបណ្តាក់ទុនបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម និងផលិតវត្ថុធាតុដើម ព្រមទាំងផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា ដើម្បីបង្កើតតម្លៃបន្ថែមលើផលិតផលក្នុងស្រុក ជំនួសការនាំចូល និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងប្រទេស។
ការជំរុញនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូទីក្រុងចាវឈីង (Zhaoqing) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Liu Jingbo សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអភិបាលរងទីក្រុងចាវឈីង កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលទីក្រុង និងតំណាងក្រុមហ៊ុនឯកជនចំនួន ២៣។
ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងចិន ដោយសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាប្រភពទុនវិនិយោគបរទេសដ៏សំខាន់ និងជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា។ ជាក់ស្តែង វិនិយោគិនចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដូចជា ការផលិតសំបកកង់រថយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនី គ្រឿងសង្ហារិម ព្រមទាំងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។
ឯកឧត្តមបានគូសបញ្ជាក់ពីសក្តានុពលវិនិយោគដ៏ធំធេងក្នុងវិស័យកែច្នៃកសិផលកម្ពុជា ជាពិសេសការកែច្នៃស្វាយចន្ទី ជ័រកៅស៊ូ និងដំឡូងមី ដើម្បីបង្កើតតម្លៃបន្ថែម និងបង្កើនផលចំណេញពីផលិតផលកសិកម្មក្នុងស្រុក។ ទន្ទឹមនឹងនេះ ដោយសារកម្ពុជានៅមានតម្រូវការនាំចូលវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចក្នុងទំហំធំ ឯកឧត្តមបានលើកទឹកចិត្តដល់តំណាងក្រុមហ៊ុនឱ្យពិចារណាបណ្តាក់ទុនបង្កើតរោងចក្រផលិតផលិតផលទាំងនេះនៅកម្ពុជា ដើម្បីជំនួសការនាំចូល និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីបរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគ ព្រមទាំងបានគូសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលបានបន្តពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេសតាមរយៈ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។
លោក Liu Jingbo បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលទទួលជួបពិភាក្សាការងារ និងផ្តល់ព័ត៌មានសំខាន់ៗសម្រាប់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការវិនិយោគរវាងទីក្រុងចាវឈីង និងកម្ពុជា។ លោកក៏បានជម្រាបជូនពីឧត្តមភាពប្រកួតប្រជែងរបស់ទីក្រុងចាវឈីងក្នុងវិស័យមួយចំនួន ដូចជា ឧស្សាហកម្មយានយន្ត ឧស្សាហកម្មស៊ីម៉ង់ត៍ ការផលិតគ្រឿងអេឡិចត្រូនិក និងការកែច្នៃកសិផល និងម្ហូបអាហារ។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនឯកជនមកពីទីក្រុងចាវឈីងបានលើកឡើងពីការកត់សម្គាល់ឃើញការខិតខំកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានចោទសួរអំពីការដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គិសនី។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុនមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍បណ្តាក់ទុនបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម ថ្នាំលាប ដែកអ៊ីណុក និងសម្ភារៈសំណង់នៅកម្ពុជា ព្រមទាំងបានស្នើសុំការគាំទ្រគម្រោងវិនិយោគរបស់ខ្លួនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជាផងដែរ៕
អត្ថបទ៖ ប៊ី








