
ភ្នំពេញ៖ កម្ពុជា និងសិង្ហបុរី កំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើស្តង់ដាសុវត្ថិភាពម្ហូបអាហារ និងការអនុលោមតាមបទប្បញ្ញត្តិ ដើម្បីបើកឱកាសពង្រីកទីផ្សារនាំចេញផលិតផលម្ហូបអាហារកម្ពុជា និងជំរុញការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហារឱ្យមានតម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។
កិច្ចសហប្រតិបត្តិការនេះត្រូវបានជំរុញបន្ថែមតាមរយៈសិក្ខាសាលាស្តីពី «លក្ខខណ្ឌតម្រូវសម្រាប់ការនាំចូលផលិតផលម្ហូបអាហារ និងស្តង់ដាសុវត្ថិភាពម្ហូបអាហារសិង្ហបុរី» ដែលរៀបចំឡើងដោយស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា និងទីភ្នាក់ងារម្ហូបអាហារសិង្ហបុរី (SFA) នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកគំនិតផ្តួចផ្តើមនេះថា ជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀងរវាងកម្ពុជា និងសិង្ហបុរី ដែលបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមបានគូសបញ្ជាក់ថា គោលដៅរបស់កម្ពុជាមិនមែនផ្តោតតែលើការបង្កើនផលិតកម្ម និងការនាំចេញផលិតផលកសិកម្មឆៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញការផលិតផលិតផលម្ហូបអាហារដែលមានតម្លៃបន្ថែមខ្ពស់ តាមរយៈការកែលម្អបច្ចេកវិទ្យាកែច្នៃ ការអនុវត្តផលិតកម្មទំនើប ការធានាគុណភាព ការវេចខ្ចប់ប្រកបដោយប្រសិទ្ធភាព ការរក្សាទុកត្រឹមត្រូវ និងការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារដែលទទួលស្គាល់ជាអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានស្តង់ដា មាត្រាសាស្ត្រ មន្ទីរពិសោធន៍ដែលទទួលបានការទទួលស្គាល់ និងប្រព័ន្ធវិញ្ញាបនបត្រកម្ម។ ការពង្រឹងសមត្ថភាពទាំងនេះនឹងជួយឱ្យសហគ្រាសធុនតូច និងមធ្យមអាចទទួលបានសេវាធ្វើតេស្តផលិតផលក្នុងតម្លៃសមរម្យ ជំនួយបច្ចេកទេស និងបច្ចេកវិទ្យាកែច្នៃម្ហូបអាហារទំនើប។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ SFA សិង្ហបុរីនាំចូលស្បៀងអាហារជាង ៩០% នៃតម្រូវការសរុបរបស់ខ្លួន ពីប្រទេសប្រមាណ ១៨០ នៅទូទាំងពិភពលោក។ ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ស្បៀងអាហារ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃយុទ្ធសាស្ត្រសន្តិសុខស្បៀងរបស់ប្រទេសនេះ។
ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសផលិត និងនាំចេញផលិតផលកសិកម្មដ៏សំខាន់ ខណៈសិង្ហបុរីកំពុងធ្វើពិពិធកម្មប្រភពនាំចូលស្បៀងអាហារ។ ការបំពេញបន្ថែមគ្នារវាងប្រទេសទាំងពីរ បង្កើតឱកាសសម្រាប់ពង្រឹងភាពធន់នៃការផ្គត់ផ្គង់ស្បៀងអាហាររបស់សិង្ហបុរី និងគាំទ្រការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហាររបស់កម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ នឹងជួយពង្រឹងភាពធន់នៃការផ្គត់ផ្គង់ស្បៀងអាហាររបស់សិង្ហបុរី ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់អ្នកផលិត និងអ្នកនាំចេញ និងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហាររបស់កម្ពុជា។
សិក្ខាសាលានេះក៏បានផ្តល់ការណែនាំជាក់ស្តែងអំពីបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហាររបស់សិង្ហបុរី ការធ្វើតេស្តផលិតផល ការដាក់ស្លាកសញ្ញា ការតាមដានប្រភពផលិតផល និងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចូលផលិតផលម្ហូបអាហារ។ លើសពីនេះ វេទិកានេះបានបង្កើតឱកាសសម្រាប់ធុរកិច្ចកម្ពុជា និងស្ថាប័ននិយ័តកម្មសិង្ហបុរី ផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ដើម្បីជួយឱ្យអ្នកផលិត និងអ្នកនាំចេញកម្ពុជាយល់កាន់តែច្បាស់អំពីលក្ខខណ្ឌចូលទីផ្សារសិង្ហបុរី៕
អត្ថបទ៖ ប៊ី









