
ភ្នំពេញ៖ ចំនួនគណនីឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅកម្ពុជាបានកើនឡើង ៣,៦៦% ដល់ ២,៩៤ លានគណនី ខណៈសមតុល្យឥណទានសរុបកើន ១,១១% ដល់ ១៧,០៣ (ពាន់) ប៊ីលានដុល្លារអាម៉េរិក នៅត្រីមាសទី៣ ឆ្នាំ២០២៦។
ទន្ទឹមនឹងកំណើននេះ អនុបាតឥណទានដែលមានការសងយឺតលើសពី ៩០ ថ្ងៃក៏បានកើនឡើងដល់ ៨,១៣% ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត យូរ៉ូ ខេមបូឌា ខូ អិលធីឌី ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
របាយការណ៍បានបង្ហាញថា ទោះបីចំនួនគណនី និងសមតុល្យឥណទានបុគ្គលបន្តកើនឡើងក៏ដោយ ក៏តម្រូវការស្នើសុំឥណទានបានថយចុះ ៧% បើធៀបនឹងត្រីមាសមុន។ ក្នុងនោះ ពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនថយចុះ ៧% និងពាក្យស្នើសុំប័ណ្ណឥណទានថយចុះ ៨% ខណៈពាក្យស្នើសុំកម្ចីអចលនទ្រព្យកើនឡើង ៨%។
ចំពោះទំហំទឹកប្រាក់នៃការស្នើសុំឥណទាន ក៏បានថយចុះជារួម ៧% ដោយសារទំហំទឹកប្រាក់ស្នើសុំកម្ចីផ្ទាល់ខ្លួនថយចុះ ១០% និងប័ណ្ណឥណទានថយចុះ ៥%។ ផ្ទុយទៅវិញ ទំហំទឹកប្រាក់ស្នើសុំកម្ចីអចលនទ្រព្យកើនឡើង ៦%។
បើតាមរបាយការណ៍ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ចំនួនគណនីឥណទានបុគ្គលទូទាំងប្រទេសបានកើនឡើងក្នុងគ្រប់តំបន់ រួមមាន តំបន់ខ្ពង់រាបកើន ៣,៩% តំបន់ឆ្នេរកើន ៥% តំបន់ទំនាបកើន ៤,១% និងតំបន់ទន្លេសាបកើន ៦%។
ក្នុងចំណោមគណនីឥណទានសរុប ៨៦,០២% ជាគណនីកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ៧,២៦% ជាគណនីកម្ចីអចលនទ្រព្យ និង ៦,៧៣% ជាគណនីប័ណ្ណឥណទាន។
ទោះជាយ៉ាងណា បើគិតតាមសមតុល្យឥណទាន កម្ចីអចលនទ្រព្យមានចំណែកធំជាងគេរហូតដល់ ៤៦,៣៣% នៃសមតុល្យសរុប ខណៈកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៥១,៧៥% និងប័ណ្ណឥណទានមានចំណែកត្រឹម ១,៩២%។
សមតុល្យឥណទានក៏មានការកើនឡើងនៅតំបន់ខ្ពង់រាប ២,៣% តំបន់ទន្លេសាប ១,៨% និងតំបន់ទំនាប ១,១% ខណៈតំបន់ឆ្នេរមានការថយចុះ ១,៨%។
ដោយឡែក ចំពោះគុណភាពឥណទាន អនុបាតឥណទានដែលមានការសងយឺតលើសពី ៩០ ថ្ងៃ (90+ DPD) បានកើនឡើងដល់ ៨,១៣% ពី ៧,៣២% ក្នុងត្រីមាសទី២ ឆ្នាំ២០២៦។ ក្នុងចំណោមផលិតផលឥណទានទាំងបីប្រភេទ កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមានអនុបាតឥណទានសងយឺតខ្ពស់ជាងគេ គឺ ១៤,៣៦%។
ជាមួយគ្នានេះ សមតុល្យឥណទានដែលមានការសងយឺតលើសពី ៩០ ថ្ងៃបានកើនឡើង ១២,២% ជារួមនៅទូទាំងប្រទេស។ តំបន់ទំនាបមានកំណើនខ្ពស់ជាងគេ ១៨% តំបន់ទន្លេសាបកើន ៥% ខណៈតំបន់ឆ្នេរថយចុះ ១២% និងតំបន់ខ្ពង់រាបថយចុះ ៧%។
ចំពោះការប្រើប្រាស់ឥណទានរបស់អតិថិជន របាយការណ៍បានបង្ហាញថា អតិថិជន ៥៩,៨៦% មានគណនីឥណទានតែមួយ ខណៈ ២៥,៨៧% មានគណនីពីរ ៩,១៤% មានគណនីបី និង ៥,១៣% មានគណនីច្រើនជាងបី។ ដោយឡែក អតិថិជនដែលប្រើប្រាស់កម្ចីពីស្ថាប័នតែមួយមានចំនួន ៧០,៧៣% ខណៈអ្នកខ្ចីពីស្ថាប័នច្រើនមានចំនួន ២៩,២៧%។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត យូរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា តម្រូវការស្នើសុំឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការថយចុះ ប៉ុន្តែសមិទ្ធផលឥណទាននៅតែបង្ហាញពីកំណើនវិជ្ជមាន តាមរយៈការកើនឡើងនៃចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសទី៣ បើធៀបនឹងត្រីមាសមុន។
លោកបានបន្ថែមថា គុណភាពឥណទានមានការធ្លាក់ចុះ បើធៀបនឹងត្រីមាសមុន ដោយអនុបាតគណនីឥណទានដែលមានការសងយឺតលើសពី ៩០ ថ្ងៃបានកើនពី ៧,៣២% ក្នុងត្រីមាសទី២ មកដល់ ៨,១៣% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦៕
អត្ថបទ៖ ប៊ី







