អគារសន្តិភាព ដែលមានរាងជាគ្រាប់មីន PMN-2 ដ៏ធំសម្បើមបំផុតលើពិភពលោក ស្ថិតនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប និងត្រូវបានគាំទ្រឡើងដោយជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ដើម្បីបញ្ជាក់ពីសក្ខីភាពនៃកិច្ចសហប្រតិបត្តិការលើការអប់រំ និងផ្សព្វផ្សាយដល់សាធារណជនអំពីសង្គ្រាមដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់ និងការស្វែងរកសន្តិភាព។

សារមន្ទីរតេជោសន្តិភាព ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺជាសារមន្ទីរដ៏សំខាន់មួយរបស់កម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងបង្ហាញពីប្រវត្តិសាស្ត្រសង្គ្រាម ផលប៉ះពាល់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងសមិទ្ធផលនៃការកសាងសន្តិភាពនៅកម្ពុជា។ សារមន្ទីរនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។
លោក អ៊ុង រស្មី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មានវិទ្យា នៃ CMAC បានឲ្យដឹងថា ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ឆ្នាំ ២០២៦ កាលពីថ្ងៃ ៣ ខែវិច្ឆិកា បានបញ្ជាក់ថា ជប៉ុនបានផ្ដល់ជំនួយឥត សំណង ២ ៧០០ លានយ៉េន លើការសាងសង់អគារដ៏ធំមួយនៅសារមន្ទីរតេជោសន្តិភាពនេះ។

ទីតាំងនៃសារមន្ទីរនេះ ត្រូវបានបែងចែកជា២ផ្នែកសំខាន់ៗ ដោយទី១ អគារសន្តិភាព ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន និងអគារទី២ ជាអគារដែលជាស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអគារទាំងពីរនេះមានតាំងបង្ហាញពីប្រវត្តិសាស្ត្រសង្គ្រាម និងសោកនាដកម្មដែលកម្ពុជាបានឆ្លងកាត់ សំណល់គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការកសាងសន្តិភាព សកម្មភាពនៃការបោសសម្អាតមីន វត្ថុបុរាណ ជាដើម។
លោកបន្ថែមទៀត សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងតាំងបង្ហាញវត្ថុបុរាណ និងសំណល់សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងអប់រំប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃសន្តិភាព ដែលបង្ហាញពីដំណើរវិវត្តន៍របស់កម្ពុជាពីប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម ទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។


សំណង់អគាររាងគ្រាប់មីន PMN-2នេះ មានទំហំ៥២ គុណ៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ ព្រមទាំងមានប្លង់បាតខឿនអគារ ទំហំ ១០៨ម៉ែត្រ គុណ១០៨ម៉ែត្រ ដែលមានក្រឡាផ្ទៃចំនួន ៤.០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាព ទាំងមូលប្រមាណ១៤.៨ហិកតា ដែលជាអគាររាងគ្រាប់មីន PMN-2 ធំជាងគេលើពិភពលោក ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក មិស៊ូមិ តាកាហ៊ីតុ ដែលជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា ជំនួយនេះ ស្របពេលដែលរដ្ឋាភិបាល និងប្រជាជនជប៉ុន បាននិងកំពុងគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់កម្ពុជា។ លោកសង្ឃឹមថា សារមន្ទីរនេះ នឹងក្លាយជាទីកន្លែងមួយ ដែលអ្នកទស្សនាអាចស្វែងយល់កាន់តែស៊ីជម្រៅពីបញ្ហាមីន និងសារៈសំខាន់នៃសន្តិភាពទៅកាន់មនុស្សជំនាន់ក្រោយ។
គួរបញ្ជាក់ផងដែរថា សារមន្ទីរនេះ គ្រោងសម្ពោធជាផ្លូវការនៅដើមខែធ្នូខាងមុខនេះ ក្រោមវត្តមានដ៏នាយករដ្ឋមន្ត្រីកម្ពុជា៕



អត្ថបទ៖ ឆដា, រូបភាព៖ CMAC






