FCPC បើកការិយាល័យផ្លូវការ ពង្រីកសេវាការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុ

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ៖ មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានបើកដំណើរការការិយាល័យជាផ្លូវការនៅរាជធានីភ្នំពេញ ដើម្បីពង្រឹងការការពារសិទ្ធិ និងលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុនៅកម្ពុជា។

ពិធីបើកដំណើរការការិយាល័យជាផ្លូវការនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅអគារលេខ២២ ផ្លូវលេខ២៤២ កែងផ្លូវលេខ១០៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ FCPC។

ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងស្ថាប័នស្ថាបនិករបស់មជ្ឈមណ្ឌល រួមមាន សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

យោងតាមឯកឧត្តម យឹម លាត ក្នុងដំណាក់កាលសាកល្បងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ មជ្ឈមណ្ឌលបានទទួលការហៅទូរសព្ទសរុបចំនួន ២,៥៨៩ ដង ក្នុងនោះមានបណ្តឹងចំនួន ៦៤ ករណី ការសាកសួរ និងស្នើសុំប្រឹក្សាផ្នែកហិរញ្ញវត្ថុចំនួន ២៥០ ករណី និងការសាកសួរព័ត៌មានពាក់ព័ន្ធនឹងធនាគារចំនួន ២,២៧៥ ដង។

FCPC បានបញ្ជាក់ថា ការបើកដំណើរការការិយាល័យជាផ្លូវការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់ការការពារ និងពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុនៅកម្ពុជា។

មជ្ឈមណ្ឌលនេះក៏មានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែមានបរិយាបន្ន តម្លាភាព និងនិរន្តរភាព តាមរយៈការលើកកម្ពស់ការការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ៕

អត្ថបទ៖ ប៊ី