ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង សម្រេចបានប្រមាណ ៤៨៨ លានដុល្លារក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៦ កើនឡើង ១៤,៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ ខណៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងមកកម្ពុជា នាពេលឆាប់ៗនេះ រំពឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

រយៈពេល ៩ខែ ឆ្នាំ ២០២៦ កម្ពុជានាំចេញទំនិញទៅកាន់ប្រទេសបារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៨៦ លានដុល្លារ កើនឡើង ១៤,៨២% ខណៈការនាំចូលទំនិញពីបារាំងមកកម្ពុជាវិញ មានទំហំទឹកប្រាក់ប្រមាណ ១០២ លានដុល្លារ កើនឡើង ១៤,៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។
ទិន្នន័យខាងលើទទួលបានពីក្រសួងពាណិជ្ជកម្ម។ នេះបានបង្ហាញថា បារាំងនៅតែជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកម្ពុជា នៅក្នុងទីផ្សារអឺរ៉ុប ដោយការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសនេះ មានទំហំច្រើនជាងការនាំចូលយ៉ាងគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះដែរ កំណើននៃការនាំចូលក៏ឆ្លុះបញ្ចាំងពីការបន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងតម្រូវការទីផ្សាររវាងប្រទេសទាំង ២។
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវបានរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃ ១៥-១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦។
ដំណើរនេះនឹងផ្តល់ឱកាសសំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ ពិសេសការជំរុញកិច្ចសន្ទនាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការស្វែងរកឱកាសថ្មីៗ សម្រាប់ធុរកិច្ច និងវិនិយោគិនបារាំងនៅកម្ពុជា៕
អត្ថបទ៖ ឆដា, រូបភាព៖ STPM






