ក្រសួងពាណិជ្ជកម្ម គាំទ្រការពង្រឹងស្តង់ដារលក់រាយគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគាំទ្រគំនិតផ្តួចផ្តើមរួមគ្នារវាងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) និងសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (IARD) ក្នុងការលើកកម្ពស់ស្តង់ដារនៃការលក់រាយប្រកបដោយការទទួលខុសត្រូវ។

នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង WSBIDA និង IARD ស្តីពីគំនិតផ្តួចផ្តើមរួមគ្នាដើម្បីលើកកម្ពស់ស្តង់ដារនៃការលក់រាយប្រកបដោយការទទួលខុសត្រូវ។

ពិធីនេះមានការចូលរួមពីលោក Julian Braithwaite នាយកប្រតិបត្តិ IARD លោក តាន់ សែឆាយ ប្រធាន WSBIDA លោក Mike Vongsykeo ប្រធានប្រតិបត្តិការនៃក្រុមហ៊ុន S Liquor ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានអបអរសាទរចំពោះគំនិតផ្តួចផ្តើមនេះ ដែលមានគោលបំណងពង្រឹងការលក់ប្រកបដោយការទទួលខុសត្រូវ បង្កើនការយល់ដឹងរបស់អ្នកលក់រាយ និងកសាងសមត្ថភាពបុគ្គលិក។

លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះស្របនឹងទិសដៅរបស់កម្ពុជា ក្នុងការកសាងទីផ្សារប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារអ្នកប្រើប្រាស់ និងធានាបានការប្រកួតប្រជែងដោយស្មើភាព។

លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មចំពោះកិច្ចសហការនេះ និងការបន្តកិច្ចសន្ទនាជាមួយវិស័យឯកជន ដើម្បីធានាថាសកម្មភាពអាជីវកម្មរបស់ពួកគេអនុវត្តស្របតាមបទប្បញ្ញត្តិ និងគោលនយោបាយជាតិ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពអ្នកលក់រាយប្រកបដោយការទទួលខុសត្រូវ ឈរលើគោលការណ៍នៃកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងកសាងទីផ្សារដែលមានការប្រកួតប្រជែងដោយស្មើភាព៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times