សម្តេចធិបតី៖ អង្គភាពសម្របសម្រួល SME នឹងកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (SME) ហៅកាត់ថា អ.ស.ម.ត ដែលនឹងដើរតួជាច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវាសម្របសម្រួលដល់សហគ្រាសធុនតូចនិងមធ្យម ដោយរំពឹងថានឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានារបស់សហគ្រាស។

អ.ស.ម.ត នឹងសម្របសម្រួលការស្នើចុះបញ្ជី ការផ្តល់ ឬការបន្តអាជ្ញាបណ្ណ និង/ឬលិខិតអនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តដែលឆ្លងកាត់តាមអង្គភាពនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សហគ្រាសធុនតូចនិងមធ្យមដែលត្រូវការសេវាខាងលើ នឹងអាចដាក់ពាក្យស្នើសុំនៅតែមួយកន្លែង គឺនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម ដោយអាចដាក់ពាក្យដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ។

តាមរយៈយន្តការនេះ អ.ស.ម.ត នឹងដើរតួជាអ្នកសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ តាំងពីដើមដល់ចប់។ វិធានការនេះត្រូវបានរំពឹងថានឹងជួយសម្រួលដល់សហគ្រាស ដោយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាដែលពាក់ព័ន្ធនឹងការទទួលសេវា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យមនេះឡើង គឺជាវិធានការជាក់លាក់ថ្មីមួយ ក្នុងចំណោមវិធានការនិងការលើកទឹកចិត្តថ្មីៗមួយចំនួន ដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយត្រូវដាក់ចេញក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលបំណងជំរុញបន្ថែមការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា»។

ទន្ទឹមនេះ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» ខណៈសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម ត្រូវបានចាត់ទុកជា «ឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ»។

សហគ្រាសទាំងនេះបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និងផលិតកម្មក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ និងជំនាញ ព្រមទាំងជំរុញនវានុវត្តន៍តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី។

លើសពីនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏មានតួនាទីក្នុងការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល តាមរយៈការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។

តាមរបាយការណ៍ដែលផ្អែកលើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណជាង ៧៥ម៉ឺនមូលដ្ឋាន និងប្រើប្រាស់កម្លាំងពលកម្មសរុបជិត ៣លាននាក់ ក្នុងនោះស្ត្រីជិត ១,៨៥លាននាក់។

សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប (ផសស) និងផ្តល់ការងារលើសពី ៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។

ទន្ទឹមនឹងនេះ ចំនួនផលិតផលដែលបានចុះបញ្ជីក៏មានការកើនឡើងជាបន្តបន្ទាប់។ តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផលិតផលចំនួន ១ ៣៣៦មុខ ត្រូវបានចុះបញ្ជីនៅឆ្នាំ២០២៣ កើនដល់ ២ ១៥៨មុខនៅឆ្នាំ២០២៤ និង ៣ ៦២៥មុខនៅឆ្នាំ២០២៥។ ដោយឡែក ក្នុងរយៈពេលត្រឹមតែ៥ខែដើមឆ្នាំ២០២៦ មានផលិតផលចំនួន ២ ៣៥៣មុខត្រូវបានចុះបញ្ជី។

ការរៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យមនេះ គឺជាវិធានការជាក់លាក់ថ្មីមួយក្នុងចំណោមវិធានការ និងការលើកទឹកចិត្តថ្មីៗដែលរាជរដ្ឋាភិបាលកំពុងរៀបចំ ដើម្បីដាក់ចេញក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលបំណងជំរុញបន្ថែមការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times