ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា ព័ត៌មានចចាមអារ៉ាម និងព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម អំពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ គឺគ្មានមូលដ្ឋានពិតប្រាកដ។
NBC បានឱ្យដឹងថា ព័ត៌មានទាំងនេះអាចបង្កឱ្យមានការយល់ច្រឡំ ព្រមទាំងអាចប៉ះពាល់ដល់ផលប្រយោជន៍របស់សាធារណជន អ្នកប្រើប្រាស់សេវាធនាគារ និងទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។
ធនាគារជាតិនៃកម្ពុជាបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយ និងការបំភ្លៃព័ត៌មានមិនពិតដោយចេតនា ក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច ហើយបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ។
NBC ក៏បានអំពាវនាវដល់សាធារណជនឱ្យជៀសវាងការផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ និងគួរធ្វើការផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈប្រភពផ្លូវការ ជាពិសេសពីធនាគារជាតិនៃកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ប្រព័ន្ធធនាគារបន្តរក្សាបានភាពរឹងមាំទាំងដើមទុន និងសន្ទនីយភាព ទោះបីទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ និងក្នុងស្រុកក៏ដោយ។
របាយការណ៍បានបញ្ជាក់ថា ភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល រួមផ្សំនឹងភាពទន់ខ្សោយនៃវិស័យសេដ្ឋកិច្ចមួយចំនួន បានដាក់សម្ពាធដល់ការបញ្ចេញឥណទាន និងគុណភាពឥណទាន។ ឥណទានមានកំណើន ៤,៦% ខណៈអនុបាតឥណទានមិនដំណើរការដុលមានកម្រិត ៩,៦%។
ទោះយ៉ាងណា អនុបាតឥណទានមិនដំណើរការសុទ្ធមានកម្រិតត្រឹម ៣,៣% ដែលបង្ហាញពីលទ្ធភាពខ្ពស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការស្រូបយកការខាតបង់។
ទន្ទឹមនេះ ដើមទុន និងសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានកម្រិតខ្ពស់។ អនុបាតដើមទុនសរុបរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានកម្រិត ២៣,៣% បើធៀបនឹងកម្រិតអប្បបរមាតាមបទប្បញ្ញត្តិ ១៥%។
ចំណែកអនុបាតក្របខណ្ឌសន្ទនីយភាពមានកម្រិត ១៧២,៨% បើធៀបនឹងកម្រិតអប្បបរមាតាមបទប្បញ្ញត្តិ ១០០%។
របាយការណ៍ដដែលបានបញ្ជាក់ថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ២,៥% ដល់ ៣៩៩,៣ ទ្រីលានរៀល (៩៩,៨ ប៊ីលានដុល្លារអាម៉េរិក)។ ក្នុងនោះ ឥណទានអតិថិជនកើនឡើង ៤,៦% ដល់ ២៥៦,៧ ទ្រីលានរៀល (៦៤,២ ប៊ីលានដុល្លារអាម៉េរិក)។
ប្រាក់បញ្ញើអតិថិជនមានកំណើន ៤,៤% ដល់ ២៥៧,៤ ទ្រីលានរៀល (៦៤,៤ ប៊ីលានដុល្លារអាម៉េរិក) ខណៈដើមទុនមានកំណើន ៣% ដល់ ៤២ ទ្រីលានរៀល (១០,៥ ប៊ីលានដុល្លារអាម៉េរិក)៕
អត្ថបទ៖ ប៊ី






