ក្រុមហ៊ុនអាល្លឺម៉ង់ បើកដំណើរការសណ្ឋាគារទី ៣ នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនអាល្លឺម៉ង់ TUI Hotels & Resorts សហការជាមួយក្រុមហ៊ុន OCIC បានបើកដំណើរការជាផ្លូវការនូវសណ្ឋាគារ TUI Suneo Olympia Phnom Penh នៅរាជធានីភ្នំពេញ ដែលជាសណ្ឋាគារទី ៣ របស់ក្រុមហ៊ុននៅកម្ពុជា និងជាការបើកដំណើរការម៉ាក TUI Suneo ជាលើកដំបូងនៅក្នុងប្រទេស។

ពិធីបើកសម្ពោធធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរ។

ពិធីនេះក៏មានការចូលរួមពីលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមហ៊ុន OCIC លោក Artur Gerber នាយកប្រតិបត្តិ TUI Hotels & Resorts និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) រួមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងវិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិសរុបជាង ១០០រូប។

ការបើកសណ្ឋាគារថ្មីនេះ ជាការពង្រីកវត្តមានរបស់ TUI Hotels & Resorts នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនបានបើកដំណើរការ TUI Blue Sihanoukville នៅខេត្តព្រះសីហនុ និង TUI Blue Angkor Grace នៅខេត្តសៀមរាប។ កាលពីខែឧសភា ក្រុមហ៊ុនក៏បានប្រកាសភាពជាដៃគូជាមួយ Dara Hotels Group របស់ OCIC ដើម្បីនាំម៉ាក TUI Suneo មកកាន់សណ្ឋាគារនៅ Olympia Phnom Penh។

ក្នុងឱកាសនេះ ឯកឧត្តម ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនរបស់ TUI Hotels & Resorts នៅកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះការបើកសម្ពោធ TUI Suneo Olympia Phnom Penh ដែលជាសណ្ឋាគារធំទី៣របស់ក្រុមហ៊ុននៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការពង្រីកវត្តមានរបស់ TUI Hotels & Resorts នៅកម្ពុជា បានរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសវិស័យសេវាកម្មស្នាក់នៅ ហើយក៏បានផ្តល់ការងារផ្ទាល់នៅនឹងកន្លែងដល់ប្រជាជនកម្ពុជារាប់ពាន់នាក់នៅទីតាំងទាំង៣របស់ក្រុមហ៊ុន។

លោកបានបញ្ជាក់ថា ការបើកសណ្ឋាគារថ្មីនៅភ្នំពេញនេះ គឺចំឱកាសសំខាន់មួយសម្រាប់វិស័យទេសចរណ៍កម្ពុជា ខណៈប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំងលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ត្រូវបានចាត់តាំងឱ្យរៀបចំកម្មវិធីអម «ភូមិហ្រ្វង់កូហ្វនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុម។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗមកពីជាង៩០ប្រទេស និងថ្នាក់ដឹកនាំវិស័យឯកជនរាប់ពាន់ក្រុមហ៊ុន។

ឯកឧត្តម ហួត ហាក់ ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវ Silke Röfer ដែលបានចូលរួមក្នុងពិធីបើកសម្ពោធ ដោយចាត់ទុកវត្តមាននេះថា ជាការបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ការបណ្តាក់ទុនរបស់ក្រុមហ៊ុនអាល្លឺម៉ង់ធំៗនៅកម្ពុជា ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហការរវាងកម្ពុជា និងអាល្លឺម៉ង់ ជាពិសេសក្នុងវិស័យទេសចរណ៍។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ TUI Hotels & Resorts, OCIC និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ពង្រីកឱកាសធុរកិច្ច និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

លោកបានបន្ថែមថា ការបណ្តាក់ទុនរបស់ TUI Hotels & Resorts ក៏បង្ហាញពីការជឿទុកចិត្តលើកម្ពុជា និងជាការឆ្លុះបញ្ចាំងពីកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times