ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានជំរុញឱ្យកម្ពុជាពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុក្នុងស្រុក និងអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀល ដើម្បីបង្កើនប្រភពកៀរគរមូលធន ស្របពេលកម្ពុជាត្រៀមខ្លួនឆ្លងចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួច។
អ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកឡើងដូច្នេះ ក្នុងសិក្ខាសាលាស្តីពីទស្សនវិស័យវិនិយោគនៅកម្ពុជា ក្រោមប្រធានបទ «ការទាញយកឱកាសវិនិយោគ និងការកៀរគរមូលធនតាមរយៈទីផ្សារមូលបត្រ» នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមប្រសាសន៍របស់អ្នកឧកញ៉ា គិត ម៉េង កម្ពុជាបានបន្តរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ដល់ ៦% ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩ ហើយប្រទេសក៏កំពុងរំពឹងឆ្លងចេញពីរង្វង់ប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យម។
ក្នុងបរិបទនេះ អ្នកឧកញ៉ាបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវរៀបចំខ្លួនឱ្យផុតពីការប្រមូលទុនតាមបែបប្រពៃណី និងការពឹងផ្អែកលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយងាកមកពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុក្នុងស្រុក និងជំរុញការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀល។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណប្រាក់រៀលអាចផ្តល់ជាជម្រើសសម្រាប់ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកកៀរគរទុន ដើម្បីពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធបៃតង ដោយមិនបាត់បង់សិទ្ធិគ្រប់គ្រង ឬភាពជាម្ចាស់កម្មសិទ្ធិលើក្រុមហ៊ុន។
លោកបានបន្ថែមថា ការពង្រីកទីផ្សារសញ្ញាបណ្ណទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន គឺជាកត្តាស្នូលក្នុងការគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល កាត់បន្ថយសម្ពាធពីហានិភ័យអត្រាប្តូរប្រាក់បរទេស និងពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ចជាតិ។
អ្នកឧកញ៉ា គិត ម៉េង ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធឱ្យប្រើប្រាស់យន្តការ «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន» (G-PSF) ដើម្បីសហការជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត សំដៅប្រែក្លាយប្រាក់សន្សំទៅជាប្រភពទុនសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
សិក្ខាសាលានេះត្រូវបានរៀបចំដោយស្ថាប័នធានាឥណទាន និងវិនិយោគ (CGIF) សហការជាមួយនិយ័តករមូលបត្រកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា ដោយមានគោលបំណងបង្កើនការយល់ដឹង និងកសាងសមត្ថភាពដល់តួអង្គទីផ្សារពាក់ព័ន្ធនឹងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា ព្រមទាំងសម្រួលកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។
សិក្ខាសាលានេះក៏មានការចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោកស្រី Noriko Nasu អគ្គនាយិកាប្រតិបត្តិនៃស្ថាប័នធានាឥណទាន និងវិនិយោគ (CGIF) ព្រមទាំងតំណាងក្រសួង-ស្ថាប័នរដ្ឋ និយ័តករ វិនិយោគិន ថ្នាក់ដឹកនាំធុរកិច្ច និងគ្រឹះស្ថានហិរញ្ញវត្ថុជាតិ និងអន្តរជាតិជាច្រើនរូប៕
អត្ថបទ៖ ប៊ី






