ការដាំបន្លែក្នុងផ្ទះសំណាញ់ បង្កើនប្រាក់ចំណូលដល់សហគមន៍កសិកម្មកំពង់ធំ

កំពង់ធំ៖ សហគមន៍កសិកម្មនៅខេត្តកំពង់ធំ សម្រេចបានអត្រាចំណេញរហូតដល់ប្រមាណ ៧៧% លើមុខរបរដាំបន្លែក្នុងផ្ទះសំណាញ់ ដែលត្រូវបានចាត់ទុកជាចំណុចសំខាន់មួយក្នុងការជំរុញការផលិត និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ។

នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបប្រជាកសិករមកពីសហគមន៍កសិកម្មបល្ល័ង្កសេដ្ឋាភី និងសហគមន៍កសិកម្មផលិតកម្មឈូកខ្សាច់ ក្រោមគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ការចុះជួបនេះមានគោលបំណងជំរុញការផលិត និងផ្តល់ដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានារបស់សហគមន៍កសិកម្ម។ ដំណើរចុះជួបនេះមានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ លោកជំទាវ កុយ ពិសី ឯកឧត្តម ប៉ែន ធីរុង្គ ឯកឧត្តម នួន ផារ័ត្ន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ ធនាគារសហគ្រាសធុនតូចនិងមធ្យម សហគ្រិនខ្មែរ ដៃគូអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍។

បន្ទាប់ពីស្តាប់របាយការណ៍របស់ឯកឧត្តម ប៉ែន ធីរុង្គ ប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ និងរបាយការណ៍របស់ប្រធានសហគមន៍ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការរីកធំធាត់របស់សហគមន៍ ទាំងចំនួនសមាជិក និងទំហំទុន ពិសេសការសម្រេចបាននូវអត្រាចំណេញប្រមាណ ៧៧% លើមុខរបរដាំបន្លែក្នុងផ្ទះសំណាញ់។

ឯកឧត្តមបានលើកទឹកចិត្តឱ្យសមាជិកសហគមន៍បន្តពង្រឹង និងពង្រីកសមត្ថភាពផលិត ដើម្បីពង្រីកមុខរបរ បង្កើតមុខរបរថ្មី និងបង្កើនប្រាក់ចំណូល សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំឱ្យកាន់តែរឹងមាំ និងអាចចូលរួមក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺជាគម្រោងពិសេសមួយ និងស្របតាមយុទ្ធសាស្ត្រ និងការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានលើកឡើងថា ការលើកកម្ពស់ជីវភាពប្រជាជន មិនអាស្រ័យតែលើជំនួយឧបត្ថម្ភពីរដ្ឋ ឬអ្នកណាម្នាក់នោះទេ ប៉ុន្តែត្រូវកើតចេញពីការចេះរកស៊ី ចេះផលិត ចេះរកទីផ្សារ និងចេះលក់ដោយខ្លួនឯង។ រដ្ឋមានតួនាទីផ្តល់ការឧបត្ថម្ភគាំទ្រចាំបាច់ ដូចជាជំនួយសង្គម និងសេវាសាធារណៈផ្សេងៗ ប៉ុន្តែប្រជាជនម្នាក់ៗក៏ត្រូវប្រឹងប្រែងធ្វើការងារ និងខិតខំរកប្រាក់ផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ទស្សនវិជ្ជារបស់គម្រោង គឺ «ជួយប្រជាជនឱ្យចេះរកត្រី មិនមែនមកផ្តល់ត្រីឱ្យនោះទេ»។ ជោគជ័យពិតប្រាកដរបស់គម្រោង គឺនៅពេលបងប្អូនអាចផលិតដោយខ្លួនឯងបាន អាចរស់ដោយខ្លួនឯងបាន អាចពឹងខ្លួនឯងបាន និងអាចរីកចម្រើនធំធាត់ដោយខ្លួនឯងបាន ដោយមិនចាំបាច់ត្រូវការជំនួយពីគម្រោង ឬពីអ្នកដទៃ។

ក្នុងឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បានប្រកាសផ្តល់ម៉ាស៊ីនផលិតជីកំប៉ុសចំនួន ២ គ្រឿង ម៉ាស៊ីនរមូរចំបើងសម្រាប់ផលិតផ្សិតចំបើងចំនួន ១ គ្រឿង និងទូរទឹកកកក្លាសេសម្រាប់ដាក់លក់ផលិតផលនៅក្នុងផ្សារសហគមន៍។ ជាមួយគ្នានេះ ក៏នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ តាមសំណូមពរ និងតម្រូវការជាក់ស្តែងរបស់សហគមន៍។

ឯកឧត្តមបានលើកទឹកចិត្តសហគមន៍ឱ្យពង្រឹងការដឹកនាំ ការគ្រប់គ្រង ការប្រើប្រាស់ហិរញ្ញវត្ថុ ការចងក្រងក្រុមផលិត ការពង្រឹងបច្ចេកទេសផលិត និងការប្រើប្រាស់ធាតុចូលកសិកម្មតាមស្តង់ដាបច្ចេកទេស ដើម្បីចំណេញដើមទុន និងកាត់បន្ថយការខាតបង់។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការផ្សារភ្ជាប់ការផលិតទៅនឹងទីផ្សារ ដើម្បីចៀសវាងការផលិតលើសពីតម្រូវការ។

ទន្ទឹមនេះ ឯកឧត្តមបានណែនាំឱ្យពិនិត្យឡើងវិញនូវអត្រាការប្រាក់កម្ចីចំពោះសមាជិកក្នុងសហគមន៍ និងការបែងចែកផលចំណេញដល់សមាជិក ដើម្បីធានាបាននូវតម្លាភាព និងចីរភាពរបស់សហគមន៍។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាកសិករជាសមាជិកសហគមន៍ឱ្យផ្លាស់ប្តូរផ្នត់គំនិតពីកសិករធម្មតាមកជាកសិករទំនើប និងហ៊ានដាក់ទុនបដិភាគចូលរួម ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។

ក្រៅពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់ក្រុមការងារគម្រោង និងស្នើសុំដៃគូនានាបន្តជួយគាំទ្រសហគមន៍កសិកម្មឱ្យបានគ្រប់ ៨១ ឃុំ-សង្កាត់ ទូទាំងខេត្តកំពង់ធំ ដើម្បីពង្រីកសមត្ថភាពផលិតក្នុងមូលដ្ឋានឱ្យបានច្រើនជាងការនាំចូល កាត់បន្ថយការហូរចេញនូវធនធានហិរញ្ញវត្ថុ និងបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីទាញយកតម្លៃបន្ថែមពីវត្ថុធាតុដើមក្នុងស្រុក ដូចជាការប្រើប្រាស់ជីកំប៉ុសជំនួសជីគីមីនាំចូល។

ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធឱ្យសិក្សា និងរៀបចំចងក្រងក្រុមផលិតពូជត្រី និងពូជស្រូវក្រអូប តាមរយៈកសិកម្មតាមកិច្ចសន្យា (Contract Farming) និងពិនិត្យយន្តការចែកចាយធាតុចូលកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើម។ ឯកឧត្តមក៏បានណែនាំឱ្យត្រួតពិនិត្យ និងកែសម្រួលអត្រាការប្រាក់របស់ក្រុមសន្សំប្រាក់របស់សហគមន៍ឱ្យស្ថិតក្នុងកម្រិតសមរម្យ និងបន្តដាស់តឿនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកម្ចីឥណទានក្រៅប្រព័ន្ធ ព្រមទាំងចេះប្រើប្រាស់ឥណទាន និងប្រព័ន្ធគាំពារសង្គមនានា។

គួរបញ្ជាក់ថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៥ ដោយមានថវិកាសរុបប្រមាណជាង ៤៣ ម៉ឺនដុល្លារអាម៉េរិក គាំទ្រដោយឯកឧត្តម វង្សី វិស្សុត និងក្រុមការងារ ព្រមទាំងសប្បុរសជន។ ក្នុងនោះ ថវិកាផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត មានចំនួន ២០ ម៉ឺនដុល្លារអាម៉េរិក។

គម្រោងមានរយៈពេលអនុវត្ត ៤ ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ គិតមកដល់ពេលនេះ គម្រោងបានចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មចំនួន ២៥ និងក្រុមផលិតចំនួន ២ ដោយមានគ្រួសារចូលរួមសរុបចំនួន ៥៧០ គ្រួសារ លើមុខរបរចំនួន ៨ រួមមាន ដាំបន្លែទីវាល ចិញ្ចឹមមាន់ ផលិតជីកំប៉ុស ចិញ្ចឹមជ្រូក ចិញ្ចឹមកណ្តូប ដាំបន្លែក្នុងផ្ទះសំណាញ់ ចិញ្ចឹមចង្រិត និងចិញ្ចឹមត្រី៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times