ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានស្នើក្រុមហ៊ុនកូរ៉េពិនិត្យលទ្ធភាពនាំយកផ្លែឈើខ្មែរផ្សេងទៀត ដូចជា ស្វាយខ្ចី ទុរេន និងចេក ចូលទីផ្សារកូរ៉េ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សហគមន៍ខ្មែរនៅប្រទេសនេះ។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងឯកអគ្គរាជទូត ឃួន ផុនរតនៈ និងលោក KIM Yunju នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយុនដាយអាហ្គ្រោ (ខេមបូឌា) ឯ.ក (Hyundai Argo (Cambodia) Co., Ltd.) នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិភាក្សាការងារ និងបង្ហាញការគួរសម។
ក្នុងជំនួបនេះ លោក Kim បានថ្លែងអំណរគុណដល់ស្ថានទូតកម្ពុជា ដែលបានជួយស្រាយបំភ្លឺអំពីប្រភពនៃស្វាយ «រំដួល» ដែលជាស្វាយខ្មែរនាំចូលដោយក្រុមហ៊ុនហ៊ីយុនដាយអាហ្គ្រោ មកកាន់ទីផ្សារកូរ៉េ។
លោកបានបញ្ជាក់ថា ការស្រាយបំភ្លឺរបស់ស្ថានទូតបានធ្វើឱ្យសហគមន៍ខ្មែរនៅកូរ៉េមានការទុកចិត្តលើប្រភពផលិតផលស្វាយ «រំដួល» និងសម្តែងការគាំទ្រយ៉ាងលើសលុបចំពោះស្វាយម៉ាក «រំដួល»។
លោក Kim បានបន្តថា ក្រុមហ៊ុនក៏សុំការអធ្យាស្រ័យពីសំណាក់បងប្អូនខ្មែរទាំងអស់ ដែលក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ស្វាយ «រំដួល» បានគ្រប់គ្រាន់តាមតម្រូវការ។
ជាការឆ្លើយតប ឯកឧត្តម ឃួន ផុនរតនៈ បានជម្រាបថា ស្ថានទូតរីករាយក្នុងការសហការគាំទ្រដល់ក្រុមហ៊ុនទាំងអស់ដែលនាំចូលផលិតផលខ្មែរមកកាន់ប្រទេសកូរ៉េ។
ឯកឧត្តមបានបញ្ជាក់ថា ស្ថានទូតតែងតែសង្ឃឹមថា ផលិតផលខ្មែរកាន់តែច្រើននឹងមានវត្តមាននៅទីផ្សារកូរ៉េ ជាពិសេសដំណាំឧស្សាហកម្ម ផ្លែឈើ និងបន្លែស្រស់។
ក្នុងឱកាសនោះ ឯកអគ្គរាជទូតក៏បានស្នើក្រុមហ៊ុនពិនិត្យលទ្ធភាពនាំយកផ្លែឈើខ្មែរផ្សេងទៀត ដូចជា ស្វាយខ្ចី ទុរេន និងចេក មកកាន់ទីផ្សារកូរ៉េ ដោយសារផ្លែឈើទាំងនេះកំពុងមានតម្រូវការខ្ពស់ពីសំណាក់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ៕
អត្ថបទ៖ ប៊ី






