ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យអនុវត្តគម្រោង CAM-PACK+ ដើម្បីជួយសហគ្រាសកែលម្អការវេចខ្ចប់ និងពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់។
ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាថ្ងៃចុងក្រោយនៃវេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ (PackTalk & Foodtec Cambodia 2026)។
គម្រោង CAM-PACK+ «ការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់ តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង» ទទួលបានហិរញ្ញប្បទានចំនួន ៣០ម៉ឺនដុល្លារអាម៉េរិក ពីរដ្ឋាភិបាលចិន តាមរយៈមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ការអនុវត្តរយៈពេល ១៥ ខែ ដោយមានការចូលរួមពីប្រទេសកម្ពុជា ឡាវ និងវៀតណាម។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានរំលេចពីសារសំខាន់នៃការវេចខ្ចប់ ដោយថា វាមានទំនាក់ទំនងផ្ទាល់ទៅនឹងគុណភាព សុវត្ថិភាព អាយុកាលផលិតផល ការដឹកជញ្ជូន ស្តង់ដារ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។
សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម កង្វះសម្ភារវេចខ្ចប់សមស្រប អ្នករចនា និងអ្នកផ្គត់ផ្គង់ អាចរារាំងការពង្រីកផលិតកម្ម និងទីផ្សារ។
ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា គោលដៅរបស់គម្រោងមិនមែនត្រឹមតែការបណ្តុះបណ្តាលសហគ្រាសនោះទេ ប៉ុន្តែជាការបង្កើតសមត្ថភាព បណ្តាញ និងឧបករណ៍ ដែលអាចជួយឱ្យសហគ្រាសទទួលបានចំណេះដឹង បច្ចេកទេស ដំណោះស្រាយវេចខ្ចប់ និងការត្រៀមខ្លួនចូលទីផ្សារកាន់តែប្រសើរ។
លោក Guo Dongbo លេខាទី១ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការវេចខ្ចប់ជាសសរស្តម្ភឧស្សាហកម្មដ៏សំខាន់ ដែលទ្រទ្រង់តម្លៃផលិតផល សន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់ និងការពង្រីកទីផ្សារឆ្លងដែន។
លោកបានបន្តថា អស់រយៈពេលជាយូរមកហើយ ប្រព័ន្ធវេចខ្ចប់ដែលមិនទាន់អភិវឌ្ឍបានល្អ នៅតែជាឧបសគ្គចម្បងដល់ការលើកកម្ពស់ពាណិជ្ជកម្មនៅទូទាំងតំបន់។
គម្រោង CAM-PACK+ នឹងផ្តោតលើការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់ ការរៀបចំគោលការណ៍ណែនាំអំពីសុវត្ថិភាពសម្ភារវេចខ្ចប់ ការដាក់ស្លាកលើសំបកវេចខ្ចប់ មុខងារ និងចីរភាពនៃការវេចខ្ចប់ ព្រមទាំងការអភិវឌ្ឍឧបករណ៍ជួយឱ្យសហគ្រាសត្រៀមខ្លួនសម្រាប់ការនាំចេញ។
គម្រោងនេះក៏នឹងរៀបចំកម្មវិធីប្រកួតប្រជែងការរចនាសំបកវេចខ្ចប់ Khmer Star និង Mekong Star Packaging Design Awards ព្រមទាំងការតាំងបង្ហាញផលិតផលវេចខ្ចប់ Made in Mekong ដើម្បីភ្ជាប់យុវជន និងអ្នករចនា ជាមួយតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម៕
អត្ថបទ៖ ប៊ី





