នៅថ្ងៃ ២ ខែតុលា ឆ្នាំ ២០២៦ នេះ លោក មិស៊ូមិ តាកាហ៊ីតុ ភារធារីស្តីទី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយថវិកា ១៦៤ ២៦៩ ដុល្លារ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន (គូសាណូណិ)។

ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីសាងសង់ឃ្លាំង និងកន្លែងសម្អាត ៣ ក៏ដូចជាដំឡើងឧបករណ៍វាស់សំណើម៣ សម្រាប់សហគមន៍កសិកម្ម ៣ ក្នុងខេត្តក្រចេះ។ បរិក្ខារ និងឧបករណ៍ទាំងនេះ នឹងជួយឲ្យសមាជិកសហគមន៍កសិកម្ម អាចកែលម្អការកែច្នៃគ្រាប់ស្វាយចន្ទី ក្រោយការប្រមូលផល ដែលនឹងជួយបង្កើនបរិមាណគ្រាប់ស្វាយចន្ទី សម្រាប់លក់ចេញ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត។
លោក មិស៊ូមិ តាកាហ៊ីតុ បានលើកឡើងថា ទន្ទឹមនឹងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាក៏នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលំអគុណភាពជីវិតរបស់ប្រជាជន។ ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង “គូសាណូណិ” ផងដែរ។

សូមបញ្ជាក់ថា គម្រោងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥត សំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។
ចាប់តាំងពីឆ្នាំ ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង ៧២លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង ៧២លាន ដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណ៌ ជាង ៧០០ គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ Embassy of Japan in Cambodia



