វិស័យស្រូវអង្ករ និងភស្តុភារកម្ម ចាប់ដៃគ្នាពង្រឹងប្រសិទ្ធភាពការដឹកជញ្ជូន និងនាំចេញ

សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាគមភស្តុភារកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពក្នុងការដឹកជញ្ជូន និងការនាំចេញស្រូវអង្ករកម្ពុជា។

ពិធីចុះអនុស្សរណៈនេះធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ក្នុងពិធីនេះ ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។

អនុស្សរណៈត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកានៃស្ថាប័នទាំងពីរ និងភាគីពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ និងភស្តុភារកម្ម។

តាមអនុស្សរណៈនេះ ភាគីទាំងពីរនឹងសហការគ្នាដើម្បីស្វែងយល់ និងផ្សព្វផ្សាយអំពីនីតិវិធី និងបទប្បញ្ញត្តិថ្មីៗដែលពាក់ព័ន្ធនឹងវិស័យភស្តុភារកម្ម និងការនាំចេញស្រូវអង្ករ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា និងព្រឹត្តិការណ៍នានារួមគ្នា។

កិច្ចសហការនេះក៏មានគោលបំណងគាំទ្រការកសាងធនធានមនុស្សក្នុងវិស័យភស្តុភារកម្ម និងស្រូវអង្ករ ព្រមទាំងបង្កើនសក្ដានុពល និងទាក់ទាញការវិនិយោគបន្ថែមក្នុងវិស័យទាំងពីរ។

ឧកញ៉ា ឡាយ ឈុនហួ បានលើកឡើងថា អនុស្សរណៈនេះនឹងបើកឱកាសឱ្យភាគីទាំងពីរធ្វើការរួមគ្នាលើបញ្ហាជាក់ស្តែងបានកាន់តែច្រើន ជាពិសេសការផ្លាស់ប្ដូរព័ត៌មានអំពីរដូវកាល និងបរិមាណទំនិញដែលត្រូវដឹកជញ្ជូន ការសម្របសម្រួលតម្រូវការកុងតឺន័រ ការកែលម្អការវេចខ្ចប់ និងការរៀបចំការដឹកជញ្ជូនពីរោងម៉ាស៊ីនទៅកំពង់ផែ។

លោកបានបញ្ជាក់ថា ការស្តាប់ និងស្វែងយល់ពីបញ្ហារបស់គ្នាទៅវិញទៅមក នឹងជួយឱ្យភាគីទាំងពីរកំណត់បាននូវដំណោះស្រាយដែលអាចអនុវត្តបានសម្រាប់ការងាររួម។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៧៩២ ២១២តោន តាមរយៈក្រុមហ៊ុននាំចេញចំនួន៦១ ទៅកាន់ទីផ្សារគោលដៅចំនួន៦៦។

ក្នុងចំណោមនេះ ការនាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុបចំនួន៣៣ប្រទេស មានចំនួន ២៣២ ៣១៩តោន គិតជាទឹកប្រាក់ ១៧៥,៥៧លានដុល្លារ ខណៈទីផ្សារចិន និងហុងកុងទទួលទិញ ១៧៧ ៧៨៣តោន ដែលមានតម្លៃ ១០៥,៣៤លានដុល្លារ។

បណ្តាប្រទេសអាស៊ានចំនួន៥ បានបញ្ជាទិញអង្ករកម្ពុជាចំនួន ៣១៥ ០៨៨តោន មានតម្លៃ ១២២,៩៣លានដុល្លារ ខណៈទីផ្សារចំនួន២៥ប្រទេសផ្សេងទៀត រួមមានតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា បានបញ្ជាទិញចំនួន ៦៧ ០២២តោន ស្មើនឹង ៦០,៣៣លានដុល្លារ។

ក្នុងរយៈពេលដូចគ្នា អង្ករក្រអូបមានចំណែកធំបំផុតនៃការនាំចេញអង្ករ ដោយមានរហូតដល់៥៧ភាគរយ។ ក្រៅពីនេះ ក៏មានអង្ករសគ្រាប់វែង អង្ករបាក់ អង្ករចំហុយ អង្ករសរីរាង្គ និងអង្ករប្រភេទផ្សេងទៀត។

ជាមួយគ្នានេះ កម្ពុជាបាននាំចេញស្រូវសើមចំនួន ៣ ៣៥៦ ៩៦៩តោន ទៅកាន់ប្រទេសជិតខាង ក្នុងតម្លៃប្រមាណ ៧៥៣,៤១លានដុល្លារ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times