កម្ពុជា-ជប៉ុន ពង្រឹងសមត្ថភាពផែនទីនាវាចរណ៍ គាំទ្រវិស័យដឹកជញ្ជូនផ្លូវទឹក

ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសមត្ថភាពផលិត ធ្វើបច្ចុប្បន្នភាព និងចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក ដើម្បីបង្កើនសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងគាំទ្រវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើកំណត់ត្រានៃការពិភាក្សា សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការផលិត ការធ្វើបច្ចុប្បន្នភាព និងការចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍។

ពិធីនេះបានធ្វើឡើងជាមួយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និង JICA ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កំណត់ត្រានៃការពិភាក្សានេះ មានគោលបំណងបង្កើតកិច្ចព្រមព្រៀងទៅវិញទៅមកសម្រាប់ការអនុវត្តគម្រោងរវាងភាគីទាំងពីរ និងឯកភាពលើផែនការលម្អិតនៃគម្រោង ដែលមានចែងនៅក្នុងឯកសារ និងឧបសម្ព័ន្ធនានា។

គម្រោងនេះនឹងត្រូវអនុវត្តក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក។

យោងតាមក្រសួង គោលបំណងសំខាន់របស់គម្រោង គឺធានាឱ្យមានការធ្វើបច្ចុប្បន្នភាពផែនទីនាវាចរណ៍អេឡិចត្រូនិក (ENCs) ប្រកបដោយភាពត្រឹមត្រូវ តាមរយៈការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផលិត ធ្វើបច្ចុប្បន្នភាព និងបោះពុម្ពផ្សាយផែនទីទាំងនេះ។

ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន សម្រាប់ការបន្តគាំទ្រដល់វិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់កម្ពុជា។

ដើម្បីធានាថាគម្រោងនេះអាចផ្តល់អត្ថប្រយោជន៍យូរអង្វែង ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមការងារបច្ចេកទេសផ្តោតលើអាទិភាពចំនួនបី រួមមាន ការពង្រឹងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ការបង្កើនសមត្ថភាពមន្ត្រីជំនាញបច្ចេកទេសរបស់កម្ពុជា និងការគោរពតាមស្តង់ដាអន្តរជាតិពាក់ព័ន្ធ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times