ក្រុមហ៊ុនសែលកាត ចុះ MoU ជាមួយក្រុមហ៊ុន Huawei ក្នុងទំហំទឹកប្រាក់ ៣០០ លានដុល្លារ

ក្រុមហ៊ុន​សែលកាត របស់អ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ​ក្រុមហ៊ុន Huawei ក្នុង​ទំហំ​ទឹកប្រាក់ ៣០០ លាន​ដុល្លារ ដោយ​ជំរុញ​ទំហំ​វិនិយោគ សរុប​កើន​ដល់ ៥,៦ ប៊ីលានដុល្លារ ក្នុងរយៈពេល ៣០ ឆ្នាំ។

តាមដានជាមួយយើង៖ Million Times

នៅថ្ងៃ ២៨ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CamGSM PLC) ឬ​ស្គាល់​ជា​ទូទៅ​ថា​ក្រុមហ៊ុន​សែលកាត ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឌីជីថល​របស់​កូនខ្មែរ ​បាន​ចុះ​ហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នា ជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Huawei។

ការ​ចុះ MoU ក្នុងទំហំទឹកប្រាក់វិនិយោគដ៏ច្រើនសន្ទឹកសន្ធាប់នេះ ក៏ជាការបន្ត និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សែលកាត និង Huawei ដែល​បាន​ចាប់ផ្តើម​តាំងពីឆ្នាំ ១៩៩៩ មក ដោយ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា។

កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងបរិយាកាសវិនិយោគ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​បរិយាកាស​កាន់តែ​អំណោយផល សម្រាប់អាជីវកម្ម និងការវិនិយោគ។

ក្រុមហ៊ុនសែលកាត​ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយនៅ​តែ​បន្ត​ប្តេជ្ញាចិត្ត​យ៉ាងមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍឌីជីថលរយៈពេលវែងរបស់កម្ពុជា តាមរយៈ​ការ​វិនិយោគ​ជាបន្តបន្ទាប់លើប្រព័ន្ធភ្ជាប់ទំនាក់ទំនង និងបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ បាននាំក្រុមហ៊ុនសែលកាតបោះជំហានមួយដ៏ធំគាំទ្រទៅលើការអភិវឌ្ឍបណ្តាញទូរស័ព្ទចល័ត បណ្តាញអ៊ីនធឺណិត មជ្ឈមណ្ឌលទិន្នន័យ វេទិកាបញ្ញាសិប្បនិម្មិត Cloud បទ​ពិសោធ​អតិថិជន​ដ៏ប្រសើរ និងប្រតិបត្តិការបណ្តាញ ដែលប្រើប្រាស់ ថាមពលកាន់តែមានប្រសិទ្ធភាព នៅ​ក្រោម​ចក្ខុវិស័យរួមគ្នាតែមួយ។

កិច្ចព្រមព្រៀងនេះ ក៏បានពង្រឹងភាពជាដៃគូដ៏យូរអង្វែង និងប្រកបដោយជោគជ័យរវាង ក្រុមហ៊ុន​សែលកាត និង Huawei ដែលមានមហិច្ឆតារួមគ្នាក្នុងការពន្លឿនការផ្លាស់ប្តូររបស់កម្ពុជា ទៅ​ជា​កម្លាំង​ចលករសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។

លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖ «ក្រុមហ៊ុន Huawei មាន​មោទនភាព​យ៉ាង​ខ្លាំង​ក្នុងការ​រឹត​ចំណង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​របស់ Huawei ជាមួយក្រុមហ៊ុនសែលកាត ក្នុងខណៈពេលដ៏សំខាន់នៃការអភិវឌ្ឍឌីជីថលរបស់កម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានូវការបង្កើតថ្មីនៅទូទាំងបច្ចេកវិទ្យា 5G, បណ្តាញអុបទិក មជ្ឈមណ្ឌល​ទិន្នន័យ Cloud បញ្ញាសិប្បនិម្មិត បទពិសោធអតិថិជន និងបច្ចេកវិទ្យាបណ្តាញ Huawei រំពឹង​យ៉ាង​មុតមាំ​ក្នុង​ការ​គាំទ្រក្រុមហ៊ុនសែលកាតរួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ទូលំទូលាយ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ យើងមានជំនឿរួមគ្នាថា បច្ចេកវិទ្យាជឿនលឿនបង្កើតបានជារបស់ដែលមានតម្លៃបំផុត នៅ​ពេល​វា​ជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងអាជីវកម្ម និង​គាំទ្រ​ដល់ការ​អភិវឌ្ឍ​ជាតិ​ប្រកប​ដោយចីរភាព។

សម្រាប់ប្រទេសកម្ពុជា មហិច្ឆតានេះគឺធំធេងជាងត្រឹមតែការភ្ជាប់ទំនាក់ទំនងដោយល្បឿនលឿន។ វាគឺជាការបង្កើតគ្រឹះឌីជីថលសម្រាប់អាជីវកម្មកាន់តែប្រសើរ សហគមន៍កាន់តែរឹងមាំ សេវាកម្មដោយការបង្កើតថ្មី និងកំណើនឌីជីថលជំនាន់ថ្មីរបស់កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ CNC