ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងត្រឹម ៣% ក្នុងឆ្នាំ ២០២៦ ដោយរងសម្ពាធពីការកើនឡើងថ្លៃថាមពល ការថយចុះនៃទេសចរណ៍ និងប្រាក់ផ្ញើពីក្រៅប្រទេសជាដើម។
តាមសេចក្តីប្រកាសរបស់ IMF ចេញផ្សាយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ បន្ទាប់ពីក្រុមប្រឹក្សាប្រតិបត្តិ IMF បញ្ចប់ការពិគ្រោះយោបល់ Article IV ឆ្នាំ ២០២៦ ជាមួយកម្ពុជា កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងស្ទុះឡើងដល់ ៤% នៅឆ្នាំ ២០២៧។
IMF បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ក្នុងឆ្នាំ ២០២៥ ដោយទទួលបានការគាំទ្រពីការនាំចេញផលិតផលផលិតកម្ម ការវិនិយោគផ្ទាល់ពីបរទេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ទោះជាយ៉ាងណា កំណើនបានថយមក ៥,៣% ដោយសារតម្រូវការក្នុងស្រុកនៅមានកម្រិតទាប ស្របពេលវិស័យអចលនទ្រព្យបន្តស្ថិតក្នុងការកែតម្រូវយូរអង្វែង។
IMF ក៏បានបញ្ជាក់ថា ភាពតានតឹងតាមព្រំដែនជាមួយប្រទេសថៃបានប៉ះពាល់ដល់ទេសចរណ៍តាមផ្លូវគោក និងប្រាក់ផ្ញើពីក្រៅប្រទេស ហើយបានជំរុញឱ្យពលករចំណាកស្រុកជិត ១ លាននាក់ ត្រឡប់មកកម្ពុជាវិញ។
ជាមួយគ្នានេះ អតិផរណាបានកើនឡើងខ្លាំងនៅដើមឆ្នាំ ២០២៦ ដំបូងដោយសារការកើនឡើងថ្លៃថាមពល ហើយបន្ទាប់មកបានរាលដាលទៅកាន់ទំនិញ និងសេវាកម្មផ្សេងទៀត។ IMF ព្យាករថា អតិផរណាជាមធ្យមនឹងស្ថិតនៅ ៥,៦% ក្នុងឆ្នាំ ២០២៦ មុនថយមក ៣,១% នៅឆ្នាំ ២០២៧ ខណៈអតិផរណាចុងឆ្នាំត្រូវបានព្យាករនៅ ៥,៨% ក្នុងឆ្នាំ ២០២៦។
សម្រាប់គោលនយោបាយសារពើពន្ធ IMF ណែនាំឱ្យផ្តល់ការគាំទ្រដែលមានគោលដៅច្បាស់លាស់ ដើម្បីទប់ទល់នឹងការថយចុះក្នុងរយៈពេលខ្លី ខណៈរក្សានិរន្តរភាពបំណុល។ IMF ក៏បានណែនាំឱ្យបន្តកាត់បន្ថយការគាំទ្រថ្លៃប្រេងឥន្ធនៈទូលំទូលាយ នៅពេលសម្ពាធតម្លៃថយចុះ និងផ្តោតជំនួយទៅលើគ្រួសារដែលងាយរងគ្រោះ។
ចំពោះវិស័យហិរញ្ញវត្ថុ IMF បានសង្កត់ធ្ងន់លើការកែលម្អស្ថានភាពតារាងតុល្យការរបស់ស្ថាប័នហិរញ្ញវត្ថុ ការដោះស្រាយឥណទានមិនដំណើរការ និងការពង្រឹងការត្រួតពិនិត្យ ជាពិសេសការប្រឈមដែលពាក់ព័ន្ធនឹងអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងអ្នកខ្ចីប្រាក់ធំៗ។
សម្រាប់រយៈពេលមធ្យម IMF បានលើកឡើងពីសារៈសំខាន់នៃការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដែលមានគុណភាពខ្ពស់ ការបង្កើនការវិនិយោគក្នុងស្រុក ការពង្រឹងទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងវិនិយោគិន ការលើកកម្ពស់ជំនាញ និងការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព និងភាពធន់របស់សេដ្ឋកិច្ច។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាកើនត្រឹម ៣,៩% សម្រាប់ឆ្នាំ២០២៦ ពី ៤,១% ដែលបានព្យាករកាលពីខែកក្កដា ដែលនេះឆ្លុះបញ្ចាំងពីសកម្មភាពខ្សោយជាងការរំពឹងទុកក្នុងវិស័យទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធនានា។ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនឡើងដល់ ៤,៧% ក្នុងឆ្នាំ២០២៧ ជំរុញដោយភាពធន់នៃវិស័យកម្មន្តសាល ការធ្វើពិពិធកម្មការនាំចេញ និង ការវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់។
លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា «សេដ្ឋកិច្ចកម្ពុជាបន្តបង្ហាញភាពធន់។ កំណើនដ៏រឹងមាំនៃការនាំចេញផលិតផលកម្មន្តសាល និងការបន្តមានលំហូរចូលទុនវិនិយោគពីបរទេស កំពុងជួយប៉ះប៉ូវបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍។ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនសមត្ថភាពប្រកួតប្រជែង ការគាំទ្រគ្រួសារងាយរងគ្រោះ ក៏ដូចជាការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានសារៈសំខាន់ណាស់ សម្រាប់ការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន»៕
អត្ថបទ៖ ប៊ី





