កម្ពុជា​កំណត់​គោលដៅ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ២ លាន​នាក់​ ​ត្រឹម​ឆ្នាំ ​២០២៨

តាមដានជាមួយយើង៖ Million Times

​កម្ពុជា​៖ ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​គោលដៅ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​បាន​យ៉ាងតិច​ ​២ លាន​នាក់​ ​ត្រឹម​ឆ្នាំ​២០២៨ ​បន្ទាប់ពី​សម្រេចបាន​ការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង​ ៥៣ ម៉ឺន​នាក់​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​។

​នេះ​បើ​តាម​ការ​លើកឡើង​របស់​ឯកឧត្តម​ ​ហែម ​វណ្ណ​ឌី ​រដ្ឋមន្ត្រី​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ក្នុង​ពិធី​អបអរសាទរ​សមិទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លើស ៥០ ​ម៉ឺន​នាក់​ ​នៅ​ថ្ងៃ​ទី​១២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​។​

​ឯកឧត្តម​ ហែម វណ្ណ​ឌី ​បាន​មានប្រសាសន៍​ថា​ ​ការ​សម្រេចបាន​សមិទ្ធផល​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ទទួល​ស្គាល់​តួនាទី​ ​និង​ការ​រួមចំណែក​របស់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​សេដ្ឋកិច្ច​ជាតិ​ ​ព្រមទាំង​បើក​ឱកាស​ឱ្យ​ពួកគេ​ទទួល​បាន​កិច្ច​គាំពារ​សង្គម​ ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ​និង​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​។

​ឯក​ឧត្តម​បាន​គូសបញ្ជាក់​ថា​៖ ​«​ការ​សម្រេចបាន​តួលេខ​ ​៥០​ ​ម៉ឺន​នាក់​ ​មិន​មែន​ត្រឹមតែ​ជា​កំណត់​ត្រា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​គឺជា​សក្ខី​ភាព​បង្ហាញ​ពី​ការ​ផ្តល់​តម្លៃ ​និង​ការ​ទទួល​ស្គាល់​ផ្លូវការ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​តួនាទី ​និង​ការ​លះបង់​របស់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅក្នុង​សង្គម ​និង​សេដ្ឋកិច្ច​ជាតិ​»​។

យោង​តាម​ទិន្នន័យ​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​(​CAM​-​IE​)​ ​ទទួល​បាន​សំណើ​ចុះ​ឈ្មោះ​សរុប​ចំនួន​ ៥៦៨​.​៥៨២ ​សំណើ ​ក្នុង​នោះ​ ៥៣​២​.​២៤៧ ​សំណើ​ត្រូវ​បាន​អនុម័ត​រួចរាល់​។ ​ក្នុង​ចំណោម​អ្នក​ដាក់​សំណើ ​ប្រមាណ​ ៩៥​ ​ភាគរយ​បាន​ចុះ​ឈ្មោះ​ដោយ​ខ្លួនឯង​ ​ដែល​ភាគ​ច្រើន​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ​ដៃ​។

​អ្នក​ចុះ​ឈ្មោះ​ទី ៥០ ម៉ឺន ​គឺ​លោក​ ឌុន ថន ​ជា​អាជីវករ​លក់​ដូរ​នៅ​ស្រុក​ស្ទឹង​ត្រង់ ​ខេត្ត​កំពង់ចាម​។

​ថ្នាល​ឌីជីថល ​CAM-​IE ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ដាក់​ឱ្យ​ដំណើរការ​កាលពី​ខែ​ធ្នូ ​ឆ្នាំ​២០២៤​ ​ហើយ​បច្ចុប្បន្ន​ទទួល​បាន​សំណើ​ចុះ​ឈ្មោះ​ជា​មធ្យម​ប្រមាណ​ ២​.​០០០ ​សំណើ​ក្នុង​មួយ​ថ្ងៃ​។

​ក្រោម​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ឆ្នាំ​២០២៣​-​២០២៨ ​រាជ​រដ្ឋាភិបាល​ ​និង​ដៃគូ​ពាក់ព័ន្ធ​បាន​ដាក់​ចេញ​កញ្ចប់​អត្ថប្រយោជន៍​ជា​បន្តបន្ទាប់​ ​ដើម្បី​គាំទ្រ​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​បាន​ចុះ​ឈ្មោះ​។

​អត្ថប្រយោជន៍​ទាំងនេះ​រួម​មាន​ ការ​សម្រួល​ឱ្យ​បុគ្គល​ស្វ័យ​និយោជន៍​អាច​ស្នើសុំ​ចូល​ជា​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ​(​ប.​ស.​ស.​)​ ​កញ្ចប់​ធានារ៉ាប់រង​ដោយ​ឥត​គិត​ថ្លៃ​ពី​ក្រុមហ៊ុន​ ​Manulife ​និង​ Phillip ​Capital ​Group បណ្ណ​ជំនាញ​តម្លៃ​ ១៥០ ​ដុល្លារ​ពី​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ ​និង​បណ្ណ​ជំនួយ​តម្លៃ​ ១ លាន​រៀល​សម្រាប់​ដំណោះស្រាយ​ឌីជីថល​ក្រោម​កម្មវិធី​ ​Enterprises ​Go Digital​។

​លើស​ពី​នេះ​ ​អ្នក​ចុះ​ឈ្មោះ​ក៏​អាច​ទទួល​បាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​វិក្កយបត្រ​ ​BillFlow ​និង​ប្រព័ន្ធ​គ្រប់គ្រង​ការ​លក់​ ​GoodVibes POS ​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល​មួយ​ឆ្នាំ​ពី​ក្រុមហ៊ុន​ ​Bill24 ​ព្រមទាំង​ការ​សម្រួល​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ ​និង​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ផងដែរ​។

ទោះជា​យ៉ាងណា​ ​ឯកឧត្តម​ ​ហែម ​វណ្ណ​ឌី ​បាន​លើកឡើង​ថា​ ​សមិទ្ធផល​ដែល​សម្រេចបាន​នា​ពេល​នេះ​គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​ទោះបី​យើង​សម្រេចបាន​សមិទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​លើ​ស ៥០ ​ម៉ឺន​នាក់​ក៏​ដោយ​ ​ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​នៃ​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ​»​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​បាន​អំពាវនាវ​ដល់​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាជ្ញាធរ​មូលដ្ឋាន​ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​និង​ដៃគូ​អភិវឌ្ឍន៍ ​បន្ត​ពង្រឹង​កិច្ច​សហការ​ ​និង​ពង្រីក​ការ​ផ្សព្វផ្សាយ ​ដើម្បី​ជំរុញ​ការ​ចុះ​ឈ្មោះ​ឱ្យ​កាន់តែ​ទូលំទូលាយ​។

​ឯកឧត្តម​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​កញ្ចប់​ឥណទាន​ពិសេស​ ​និង​កម្មវិធី​គាំទ្រ​បច្ចេកទេស​បន្ថែម ​ដើម្បី​ជួយ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​បាន​ចុះ​ឈ្មោះ​រួច ​ឱ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ ​អាជីវកម្ម​កាន់តែ​រឹងមាំ ​និង​ទទួល​បាន​ឱកាស​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ​៕

អត្ថបទ៖ ប៊ី