
ក្រុមហ៊ុន SAM SN GROUP របស់កម្ពុជា និងក្រុមហ៊ុន Kingpeng Global Technology Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់សហគ្រាសរដ្ឋធំមួយរបស់ចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើតក្រុមហ៊ុនរួមទុននៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍកសិដ្ឋានចិញ្ចឹមសត្វឆ្លាតវៃខ្នាតធំ និងជំរុញការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធាន SAM SN GROUP និងលោក Go Jiwei ប្រធានក្រុមហ៊ុន Kingpeng Global Technology Co., Ltd.។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនរួមទុនថ្មីនឹងក្លាយជាយន្តការសហការវិនិយោគរវាងភាគីទាំងពីរ ដោយបញ្ចូលគ្នានូវសមត្ថភាពបច្ចេកទេស បទពិសោធន៍អន្តរជាតិ និងបច្ចេកវិទ្យាកសិកម្មទំនើបរបស់ក្រុមហ៊ុនចិន ជាមួយនឹងចំណេះដឹងអំពីទីផ្សារក្នុងស្រុក និងបណ្តាញអាជីវកម្មរបស់ SAM SN GROUP។
ក្រុមហ៊ុន Kingpeng Global Technology Co., Ltd. មានមូលដ្ឋាននៅទីក្រុងប៉េកាំង និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Beijing Capital Agribusiness & Food Group (SUNLON) ដែលជាសហគ្រាសរដ្ឋដ៏ធំមួយរបស់ចិនក្នុងវិស័យកសិពាណិជ្ជកម្ម និងចំណីអាហារ។ ក្រុមហ៊ុននេះមានជំនាញក្នុងការផ្តល់ដំណោះស្រាយបច្ចេកទេសសម្រាប់ផ្ទះកញ្ចក់កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមសត្វទំនើប។
តាមព័ត៌មានរបស់ក្រុមហ៊ុន Kingpeng មានបទពិសោធន៍ក្នុងការអភិវឌ្ឍ និងអនុវត្តគម្រោងកសិកម្មនៅជាង ៥០ប្រទេសទូទាំងពិភពលោក។ សមត្ថភាពនេះត្រូវបានរំពឹងថានឹងជួយនាំយកបច្ចេកវិទ្យា និងបទពិសោធន៍ដែលបានអនុវត្តជាក់ស្តែងក្នុងវិស័យកសិកម្មផលិតភាពខ្ពស់ មកចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ក្រោមកិច្ចសហការនេះ ក្រុមហ៊ុនរួមទុនថ្មីនឹងដើរតួនាទីជាដៃគូក្នុងស្រុករបស់ Kingpeng ដើម្បីគាំទ្រដល់ការពង្រីកប្រតិបត្តិការ និងវត្តមានអាជីវកម្មរបស់ក្រុមហ៊ុនចិននៅកម្ពុជា។ ការរួមបញ្ចូលបច្ចេកវិទ្យា និងធនធានហិរញ្ញវត្ថុពីភាគីចិន ជាមួយនឹងការយល់ដឹងអំពីបរិបទទីផ្សារ និងបណ្តាញធុរកិច្ចក្នុងស្រុករបស់ SAM SN GROUP ត្រូវបានរំពឹងថានឹងបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍគម្រោងកសិកម្មទំនើបៗនៅកម្ពុជា។
គម្រោងដែលគ្រោងអនុវត្តក្រោមភាពជាដៃគូនេះ រួមមានការអភិវឌ្ឍផ្ទះកញ្ចក់កសិកម្ម និងប្រព័ន្ធចិញ្ចឹមសត្វទំនើប ដែលសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ។ ជាពិសេស ការបង្កើតកសិដ្ឋានចិញ្ចឹមសត្វឆ្លាតវៃខ្នាតធំ គឺជាគោលដៅសំខាន់មួយនៃការបង្កើតក្រុមហ៊ុនរួមទុននេះ។
ការប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទំនើបក្នុងការធ្វើកសិកម្ម ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែទំនើប។ តាមរយៈភាពជាដៃគូនេះ ភាគីទាំងពីររំពឹងថានឹងរួមចំណែកក្នុងការជំរុញការរីកចម្រើននៃឧស្សាហកម្មកសិកម្មកម្ពុជា តាមរយៈការនាំចូលជំនាញ បច្ចេកវិទ្យា និងបទពិសោធន៍អន្តរជាតិមកប្រើប្រាស់ក្នុងទីផ្សារក្នុងស្រុក។
ការចុះអនុស្សរណៈនេះក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការភ្ជាប់ភាពជាដៃគូរវាងធុរកិច្ចកម្ពុជា និងសហគ្រាសធំៗរបស់ចិន ដើម្បីស្វែងរកឱកាសវិនិយោគ និងពង្រីកសមត្ថភាពផលិតកម្មក្នុងវិស័យកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការសហការរវាងដៃគូក្នុងស្រុក និងអន្តរជាតិ៕
អត្ថបទ៖ ប៊ី










