
ភ្នំពេញ៖ កម្ពុជាកំពុងជំរុញការកែច្នៃស្វាយចន្ទី និងម្រេចក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម ពង្រឹងគុណភាពផលិតផល និងពង្រីកការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ខណៈផលិតកម្មស្វាយចន្ទីក្នុងឆ្នាំ២០២៥ មានប្រមាណ ១លានតោន ប៉ុន្តែការកែច្នៃជាក់ស្តែងក្នុងស្រុកមានត្រឹមប្រមាណ ២៦% នៃសមត្ថភាពដែលមានស្រាប់។
ក្នុងពិធីបើកវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គោលដៅរបស់កម្ពុជាមិនមែនគ្រាន់តែបង្កើនបរិមាណនាំចេញនោះទេ ប៉ុន្តែត្រូវជំរុញការកែច្នៃក្នុងស្រុក លើកកម្ពស់គុណភាព និងស្តង់ដារ ព្រមទាំងកសាងម៉ាកសញ្ញា ដើម្បីឱ្យផលិតផលកម្ពុជាទទួលបានតម្លៃបន្ថែមខ្ពស់ និងការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ។
ឯកឧត្តមបានថ្លែងថា៖ «គោលដៅរបស់យើងមិនមែនគ្រាន់តែបង្កើនបរិមាណនាំចេញនោះទេ ប៉ុន្តែត្រូវជំរុញការកែច្នៃក្នុងស្រុក លើកកម្ពស់គុណភាព និងស្តង់ដារ ព្រមទាំងកសាងម៉ាកសញ្ញា ដើម្បីឱ្យផលិតផលកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ និងការទទួលស្គាល់លើទីផ្សារអន្តរជាតិ»។
ឯកឧត្តមបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាផលិតស្វាយចន្ទីបានប្រមាណ ១លានតោន ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាគ្រាប់ឆៅ។ ចំណែករោងចក្រ និងសហគ្រាសកែច្នៃក្នុងស្រុកមានសមត្ថភាពកែច្នៃសរុបប្រមាណ ៨៦ ៨០០តោនក្នុងមួយឆ្នាំ ប៉ុន្តែបរិមាណកែច្នៃជាក់ស្តែងមានត្រឹម ២២ ៦០០តោន ឬប្រមាណ ២៦% នៃសមត្ថភាពសរុប។
ឯកឧត្តមបានបញ្ជាក់ថា ការប្រើប្រាស់សមត្ថភាពកែច្នៃដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព ទាមទារឱ្យមានការផ្សារភ្ជាប់កាន់តែប្រសើររវាងការផ្គត់ផ្គង់វត្ថុធាតុដើម ហិរញ្ញប្បទាន បច្ចេកវិទ្យា ជំនាញ និងទីផ្សារ។
ចំពោះវិស័យម្រេច ការចុះបញ្ជីម្រេចកំពតជាផលិតផលសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប គឺជាឧទាហរណ៍នៃការប្រើប្រាស់លក្ខណៈពិសេសផ្នែករសជាតិ គុណភាព និងអត្តសញ្ញាណប្រភពដើម ដើម្បីបង្កើនគុណតម្លៃផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ។
ឯកឧត្តម ហែម វណ្ណឌី ក៏បានរំលេចពីការខិតខំអភិវឌ្ឍស្តង់ដារជាតិសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទី និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ក្នុងការធ្វើតេស្តវិភាគសំណល់ថ្នាំកសិកម្ម សារធាតុពុល លោហៈធ្ងន់ និងមេរោគបង្កគ្រោះថ្នាក់ ដើម្បីគាំទ្រដល់ការធានាគុណភាព និងសុវត្ថិភាពផលិតផលស្វាយចន្ទី និងម្រេចកម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងអនុវត្តគំនិតផ្តួចផ្តើមលើបច្ចេកវិទ្យាកែច្នៃម្ហូបអាហារ សេវាគាំទ្រធុរកិច្ច និងការវេចខ្ចប់ប្រកបដោយនិរន្តរភាព ដើម្បីជួយសហគ្រាសលើកកម្ពស់គុណភាពផលិតផល ពង្រឹងសមត្ថភាពកែច្នៃ និងបំពេញតាមតម្រូវការទីផ្សារ។
ដោយឡែក លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកានេះ បានគូសបញ្ជាក់ថា វេទិកាដែលរៀបចំឡើងជាលើកទី២នេះ ជាឱកាសសំខាន់ក្នុងការប្រមូលផ្តុំអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ និងវិនិយោគិន ដើម្បីចែករំលែកចំណេះដឹង ជំរុញការវិនិយោគលើការកែច្នៃបង្កើតតម្លៃបន្ថែម និងពង្រីកទីផ្សារសម្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ជាពិសេសទីផ្សារសហភាពអឺរ៉ុប។
លោកជំទាវបានសង្កត់ធ្ងន់លើកិច្ចសហការរវាងក្រសួងទាំងបី ក្នុងស្មារតីជាតួអង្គតែមួយ និងមានគោលដៅរួម ដើម្បីតភ្ជាប់ខ្សែច្រវាក់តម្លៃចាប់ពីការដាំដុះ ការកែច្នៃ ការពង្រឹងគុណភាព រហូតដល់ការស្វែងរកទីផ្សារ និងការនាំចេញប្រកបដោយចីរភាព ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាពីប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ទៅជាប្រទេសផលិត និងនាំចេញផលិតផលកសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបានបន្តជំរុញការធ្វើពិពិធកម្មទីផ្សារ ការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកសាងម៉ាកសញ្ញា និងការដឹកនាំសហគ្រាសកម្ពុជាចូលរួមពិព័រណ៍អន្តរជាតិធំៗ ដូចជា SIAL Paris និង Anuga ព្រមទាំងការរៀបចំជំនួបពាណិជ្ជកម្ម ដើម្បីតភ្ជាប់ផលិតផលកម្ពុជាទៅកាន់អ្នកបញ្ជាទិញ និងបណ្តាញចែកចាយអន្តរជាតិទាំងលក់រាយ និងបោះដុំ។
លោកជំទាវក៏បានលើកឡើងពីលក្ខណៈពិសេសនៃផលិតផលកម្ពុជា ដោយគ្រាប់ស្វាយចន្ទីកម្ពុជាមានទំហំធំ និងរសជាតិឆ្ងាញ់ ខណៈម្រេចកំពតត្រូវបានចុងភៅលំដាប់កំពូលៗជ្រើសរើសជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបនៅតាមភោជនីយដ្ឋានលំដាប់ខ្ពស់ជុំវិញពិភពលោក។
ជាមួយគ្នានេះ ផលិតផលកសិ-កែច្នៃរបស់កម្ពុជា រួមទាំងគ្រាប់ស្វាយចន្ទី និងម្រេច បច្ចុប្បន្នមានវត្តមានដាក់លក់នៅតាមផ្សារអន្តរជាតិសរុបជាង ២៣ ០០០ទីតាំង ក្នុងនោះមានបណ្តាញផ្សារធំៗដូចជា Costco, E.Leclerc, Carrefour និង Tesco។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការពង្រីកវត្តមានផលិតផលកម្ពុជានៅទីផ្សារអន្តរជាតិ និងជាកម្លាំងជំរុញឱ្យបន្តពង្រឹងគុណភាព បង្កើនតម្លៃបន្ថែម និងស្វែងរកឱកាសទីផ្សារថ្មីៗ។
ដើម្បីបន្តលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យស្វាយចន្ទី និងម្រេចកម្ពុជា លោកជំទាវរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន ការបង្កើនសមត្ថភាពកែច្នៃ និងវេចខ្ចប់ក្នុងស្រុក ការពង្រឹងគុណភាព និងការអនុវត្តតាមស្តង់ដារ និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងការពង្រីកប្រព័ន្ធតាមដានប្រភពដើមឌីជីថល។
អនុសាសន៍ផ្សេងទៀតរួមមាន ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងទុនបង្វិល ការលើកកម្ពស់ម៉ាកសញ្ញា និងអត្តសញ្ញាណផលិតផលកម្ពុជា ព្រមទាំងការកសាងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ ដែលផ្អែកលើទំនុកចិត្ត តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក។
ជាទីបញ្ចប់ លោកជំទាវ ចម និម្មល បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីសម្រួលពាណិជ្ជកម្ម ពង្រីកឱកាសទីផ្សារ និងគាំទ្រកសិករ អ្នកកែច្នៃ និងអ្នកនាំចេញកម្ពុជា។ លោកជំទាវក៏បានលើកទឹកចិត្តឱ្យអ្នកបញ្ជាទិញ និងវិនិយោគិនអន្តរជាតិបង្កើនកិច្ចសហការជាមួយដៃគូកម្ពុជា ដោយសង្ឃឹមថា វេទិការយៈពេលពីរថ្ងៃនេះនឹងនាំមកនូវកិច្ចសន្យាពាណិជ្ជកម្ម ការវិនិយោគថ្មីៗ និងភាពជាដៃគូយូរអង្វែង។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖ «យើងត្រូវប្រែក្លាយកិច្ចសហការទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង តាមរយៈការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងភាពជាដៃគូពាណិជ្ជកម្ម ដែលនាំទៅដល់កិច្ចព្រមព្រៀងទិញលក់ និងការពង្រីកការនាំចេញ»។
វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គទូត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ អ្នកវិនិយោគ និងអ្នកជំនាញជាតិ និងអន្តរជាតិ។ វេទិកានេះមានគោលបំណងតភ្ជាប់អ្នកផលិត និងអ្នកនាំចេញកម្ពុជាជាមួយអ្នកទិញ និងវិនិយោគិនអឺរ៉ុប ដើម្បីបង្កើតឱកាសនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ទាក់ទាញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក៕
អត្ថបទ៖ ប៊ី









